ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានលើកពេលរៀបចំព្រឹត្តិការណ៍«បុណ្យភ្នំ» នៅឧទ្យានជាតិគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ។

រដ្ឋបាលខេត្តកំពង់ស្ពឺលើកឡើងថា ស្ថានភាពបច្ចុប្បន្ននេះ ចោរសៀមឈ្លានពានបាននិងកំពុងប្រព្រឹត្តអំពើអមនុស្សធម៌ សាហាវ ឃោរឃៅ យង់ឃ្នង់ និងចិញ្ចឹមមហិច្ឆតាដ៏ខ្មៅងងឹតយ៉ាងអគតិ ព្រមទាំងបន្តសកម្មភាព ដ៏គឃ្លើនមិនគោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបានបន្តរំលោភសាជាថ្មីមកលើដែនអធិបតេយ្យបូរណភាពទឹកដីកម្ពុជា ។

ក្នុងន័យនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ស្របពេលប្រទេសជាតិ និងប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា បាននិងកំពុងរងការរំលោភបំពានយ៉ាងអយុត្តិធម៌ពីចោរសៀមអបលក្ខមកលើកម្ពុជា ដែលជាប្រជាជាតិមានអរិយធម៌ខ្ពង់ខ្ពស់ វប្បធម៌ល្អផូរផង់ និងស្មារតីសាមគ្គីជាតិនិយមរដ្ឋបាលខេត្តសម្រេចលើកពេលរៀបចំព្រឹត្តិការណ៍ បុណ្យភ្នំ ស្ថិតនៅឧទ្យានជាតិគិរីរម្យ ដែលគ្រោងនឹងធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ទៅពេលក្រោយវិញ ៕


ចែករំលែកព័តមាននេះ