ប្រទេសកូរ៉េខាងត្បូង ៖ បន្ទាប់ពីចាប់ឃើញយន្តហោះយោធារុស្ស៊ី៧គ្រឿង និងយន្តហោះយោធាចិន២គ្រឿងហោះចូលតំបន់ការពារអាកាសរបស់ខ្លួន កូរ៉េខាងត្បូងប្រកាស នាថ្ងៃទី៩ធ្នូ ពីការដាក់ពង្រាយបន្ទាន់បណ្ដាយន្តហោះប្រដេញ។
តាមសេនាធិការដ្ឋានកងទ័ពកូរ៉េខាងត្បូងថា ក្នុងចំណោមយន្តហោះទាំងនោះ ពុំមានយន្តហោះណាមួយហោះរំលោភដែនអាកាសកូរ៉េខាងត្បូងឡើយ។ កងទ័ពកូរ៉េខាងត្បូងប្រកាសថា បានបញ្ចេញបណ្ដាយន្តហោះប្រយុទ្ធ ជាវិធានការតាក់ទិក បង្ការរាល់យថាភាព។
តំបន់ការពារអាកាស គឺជាតំំបន់ទូលំទូលាយធំជាងដែនអាកាស ដែលប្រទេសមួយត្រួតពិនិត្យសម្រាប់ហេតុផលសន្តិសុខ ក៏ទោះបីតំបន់ការពារអាកាសនោះមិនមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិណាមួយក្ដី។
តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAPថា កងទ័ពក្រុងសេអ៊ូលចាប់ឃើញបណ្ដាយន្តហោះចិននិងរុស្ស៊ីតាំងពីមុនហោះចូលក្នុងតំបន់នោះ។ យន្តហោះទាំងនេះហោះចូលនិងហោះចេញច្រើនលើកមុនពេលចាកចេញទៅវិញ៕
ចែករំលែកព័តមាននេះ