ប្រទេសបារាំង ៖ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនRSF មានមូលដ្ឋាននៅបារាំងរាយការណ៍នាថ្ងៃទី៩ ធ្នូ ថា អ្នកកាសែតសរុប៦៧នាក់ស្លាប់់ ក្នុងពេលបំពេញបេសកកម្ម លើពិភពក្នុងឆ្នាំ២០២៥ ក្នុងនោះជិតពាក់កណ្ដាលនៅជ្រោយហ្គាហ្សា ក្រោមការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល។

យោងតាមអង្គការការពារសេរីភាពសារព័ត៌មាននោះថា ចំនួនអ្នកកាសែតដែលស្លាប់គិតពីថ្ងៃទី១ ធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ធ្នូ ឆ្នាំ២០២៥ មានការកើនឡើងដោយសារអំពើឧក្រិដ្ឋរបស់បណ្ដាកងទ័ពរៀបរយ ឬមិនរៀបរយ និងឧក្រិដ្ឋកម្មដែលមានការរៀបចំ ។ អ្នកកាសែតទាំងនោះមិនមែនស្លាប់ដោយធម្មជាតិទេ តែត្រូវគេសម្លាប់ ។
RSF ក៏រាយការណ៍ដែរពីអ្នកកាសែត៥០៣នាក់ ជាប់ឃុំឃាំងមកទល់ពេលនេះក្នុងប្រទេស៤៧នៃពិភពលោក(១២១នាក់នៅចិន ៤៨នាក់នៅរុស្ស៊ី៤៧នាក់នៅមីយ៉ាន់ម៉ា)។ អង្គការនោះ ក៏រៀបរាប់ដែរពីអ្នកកាសែត១៣៥នាក់ ដែលបាត់ខ្លួន ក្នុងនោះមួយចំនួនចាប់តាំងពីជាង៣០ឆ្នាំមកហើយ ព្រមទាំងអ្នកកាសែត២០នាក់ដែលកំពុងជាប់ជាចំណាប់ខ្មាំង ពិសេសនៅស៊ីរី និងយេម៉ែន។អ្នកកាសែត២២០នាក់ស្លាប់នៅហ្គាហ្សាចាប់តាំងពីឆ្នាំ២០២៣មក ៕
ចែករំលែកព័តមាននេះ