ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដាក់​ញត្តិ​បន្ទាន់​ទៅ OHCHR​និង​UN នៅ​ថៃ​ ចំ​ពោះ​យោ​ធា​ថៃ​បន្ត​ការ​ឈ្លានពាន​កម្ពុជា​ប្រើ​អាវុធ​ធុន​ធ្ងន់​F-16

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដាក់​ញត្តិ​បន្ទាន់​ទៅ​ឧត្តមស្នងការ​អង្គការ​សហ​ប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​(OHCHR) និង​ឧត្តមស្នងការ​ អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ចំពោះ​យោធា​ថៃ​បាន​បន្ត​ការ​ឈ្លានពាន​មក​លើ​កម្ពុជា​ដោយ​ប្រើ​អាវុធ​ធុន​ធ្ងន់​F-16 ។ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​.)​ចេញផ្សាយ​…

រាជធានី​ភ្នំពេញ​ ៖​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដាក់​ញត្តិ​បន្ទាន់​ទៅ​ឧត្តមស្នងការ​អង្គការ​សហ​ប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​(OHCHR) និង​ឧត្តមស្នងការ​ អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ចំពោះ​យោធា​ថៃ​បាន​បន្ត​ការ​ឈ្លានពាន​មក​លើ​កម្ពុជា​ដោយ​ប្រើ​អាវុធ​ធុន​ធ្ងន់​F-16 ។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​.)​ចេញផ្សាយ​ នៅ​ថ្ងៃ​ទី​៩​ ធ្នូ ​ឆ្នាំ​​២០២៥​ បាន​ឱ្យ​​ដឹង ថា កងកម្លាំង​យោធា​ថៃ​បាន​​បន្ត​ការ​ឈ្លានពាន​មក​លើ​ប្រទេស​កម្ពុជា​នៅ​ខេត្តព្រះវិហារ បន្ទាយ មាន​ជ័យ ឧត្តរមានជ័យ និង​ពោធិ៍សាត់ ដោយ​ប្រើ​អាវុធ​ធុន​ធ្ងន់ យន្តហោះ​ចម្បាំង F-16 និង​ផ្សែង​ពុល បង្ក​ឱ្យ​មាន​មនុស្ស​របួស​​និង​ស្លាប់ បំផ្លាញ​ផ្ទះសម្បែង ប្រាសាទ មណ្ឌល​សុខភាព និង​សាលារៀន​ជា​ច្រើន​ត្រូវ​បាន​បិទ ហើយ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ត្រូវ​ភៀសខ្លួន​ ។ អំពើ​ឈ្លានពាន​នេះ ជា​ការ​រំលោភច្បាប់​សិទ្ធិ​មនុស្ស ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ច្បាប់​អន្ត​រ​ជាតិ រួម​ទាំង​បំពាន​សេចក្តីថ្លែង​ការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ រវាង​កម្ពុជា​និង​ថៃ ក្នុង​វត្តមាន​សាក្សីពី​ប្រធានាធិបតី​សហ​រដ្ឋ​អា​មេរិក និង​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ ។

ដោយ​មើលឃើញ​ពី​ការ​រំលោភ​អធិបតេយ្យភាព បូរណភាព​ទឹកដី​របស់​ប្រទេស​កម្ពុជា ក៏​ដូច​ជា សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា​ស្លូតត្រង់ គ​.​ស​.​ម​.​ក​. បាន​រៀបចំ និង​បាន​ដាក់ញត្តិ​បន្ទាន់​ទៅ ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) នៅ​ទីក្រុង​ហ្សឺ​ណែវ ឧត្តមស្នងការ អង្គការសហប្រជាជាតិ​ទទួល​បន្ទុក សិទ្ធិ​មនុស្ស​ប្រ​ចាំ​តំបន់​អាស៊ី​អាគ្នេយ៍ នៅ​ទីក្រុង​បាងកក ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​ឯក​រាជ្យ​ក្នុង​តំបន់​អាស៊ាន ព្រមទាំង​ប្រធាន​ប្តូរ​វេន និង​ជា​តំណាង​ប្រទេស​ម៉ា​ឡេ​ស៊ី​អាយ​ឆាផង​ដែរ​ ។

ក្នុង​សេចក្ដីថ្លែងការណ៍​នេះ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា នៅ​ក្នុង​ញត្តិ បន្ទាន់​នោះ គ​.​ស​.​ម​.​កបាន​អំពាវនាវ និង​លើក​សំណើ​មួយ​ចំនួន ដូច​ខាងក្រោម​៖ ១-ចេញ​ញត្តិ​ថ្កោល​ទោស​​ចំពោះ​អំពើ​របស់​យោធា​ថៃ​។ ២-ធ្វើការ​ស៊ើបអង្កេត​ឬ វាយតម្លៃ ដោយ​ឯករាជ្យ មិន​លម្អៀង ចំពោះ​​ស្ថានភាព​សិទ្ធិ​មនុស្ស ដែល​រួម​បញ្ចូល​ទាំង​ផល​ប៉ះពាល់​ដល់​ប្រជាជន ការ​ខូចខាត​ហេដ្ឋា​រចនាសម្ព័ន្ធ និង​ជនភៀសសឹក​។

៣-ទាក់ទង​ផ្ទាល់​ទៅ​រដ្ឋាភិបាល​ប្រ ទេស​ថៃ​ឱ្យ​បញ្ឈប់​អំពើ​ឈ្លានពាន​។ ៤-ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ការ​សម្រប សម្រួល​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​របស់​អង្គការ សហប្រជាជាតិ ក្នុង​ការ​តាមដាន ប្រមូល​ឯកសារ និង​រាយការណ៍ លើ​ការ​រំលោភសិទ្ធិ​មនុស្ស ជា​ពិសេស​ការ​ប្រើប្រាស់​ផ្សែង​ពុល និង​កម្លាំងយោធា​មក​លើ​ប្រជាជន​។ ៥-ឱ្យ​ប្រទេស​ថៃ ​សហការ​ឱ្យ​បាន​ពេញលេញ​ជាមួយនឹង​យន្តការ​អន្តរជាតិ ជា​ពិសេស​ ការ​ស៊ើប​អង្កេត និង​ការ​ទទួលខុសត្រូវ​ចំពោះ​ការ​រំលោភ បំពាន​ច្បាប់​អន្តរជាតិ​ ។ ៦-គាំទ្រ​ជំនួយ​មនុស្សធម៌​ចំពោះ​ប្រជាជន​រង​គ្រោះ ជា​ពិសេស​ ជន​ភៀស​សឹក និង​ជន​រង​របួស​ពី​ការ​វាយប្រហារ​។ ៧-លើក​បញ្ហា​នេះ​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ ឬ​នីតិវិធី​ពិសេស ពាក់ព័ន្ធ​នានា​។ ៨-ឱ្យ​ប្រទេស​ថៃ ដោះ​លែង និង​ធ្វើ​មាតុ​ភូមិនិវត្តន៍​កងទ័ព​កម្ពុជា​ទាំង​១៨​នាក់​ជា​បន្ទាន់​ និង​ដោយ​គ្មាន​លក្ខខណ្ឌ ​។

ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​បញ្ជាក់​ពី​ជំហរ​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់ សិទ្ធិ​មនុស្ស​អន្តរជាតិ និង​អំពាវនាវ​ដល់​សហគមន៍ អន្តរជាតិ​ឱ្យ​ប្រទេស​ថៃ ទទួលខុសត្រូវ​ទាំងស្រុង និង​ចាត់វិធានការ​ជា​បន្ទាន់ ដើម្បី​ធានា​យុ​ត្តិ
ធម៌​ជូន​ជន​រង​គ្រោះ និង​ការ​ការពារ​ជន​ស៊ី​វិល​ទាំងអស់​នៅ​តាម​ព្រំដែន កម្ពុជា​-​ថៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ