រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ប្តេជ្ញាចិត្តឥតងាករេក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជនប្រឆាំងនឹងអំពើឈ្លានពានដ៏កំរោល និងសាហាវឃោរឃៅរបស់ថៃមកលើកម្ពុជា ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងយោធភូមិភាគទី៥ និងយោធភូមិភាគទី៤ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ភាគីថៃបានបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តី ថ្លែងការណ៍រួមស្តីពីកិច្ច ព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ»ដែលភាគីកម្ពុជា និងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មី មកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា ។
អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា កងយោធពលខេមរភូមិន្ទ គោរពជានិច្ចនូវការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យរបស់កម្ពុជា និងគោរពនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃយ៉ាងម៉ឺងម៉ាត់ និងការពារសុខសុវត្ថិភាពរបស់ប្រជាជនស៊ីវិលស្លូតត្រង់ ។
លោកជំទាវអ្នកនាំពាក្យបានបញ្ជាក់ថា «ដោយសារសកម្មភាពដ៏គគ្លើនរបស់យោធាថៃ ដែលបានបើកការបាញ់ប្រហារមុននិងឈ្លានពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា កងកម្លាំងកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានខុសច្បាប់មកលើបូរណភាពទឹកដីកម្ពុជាដោយយោធាថៃ ដូចមានចែងក្នុងមាត្រា៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។
ក្នុងន័យនេះ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាចិត្តឥតងាករេក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជន ប្រឆាំងនឹងអំពើឈ្លានពានដ៏កំរោល និងសាហាវឃោរឃៅរបស់ថៃមកលើកម្ពុជា»។ ជាមួយគ្នានោះដែរ ក្រសួងការពារជាតិបានលើកឡើងថា ទង្វើដ៏កំរោល និងខុសច្បាប់របស់ភាគីថៃនេះ ក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតនូវបទឈប់បាញ់ ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ធ្វើជាសាក្សី និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលជាកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់ឯកឧត្តមប្រធានាធិបតី ដូណាល់ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភា គីទាំងឡាយដែល សម្រេចបាននៅកិច្ចប្រជុំវិសាមញ្ញ និងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។
លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា ចំពោះនៅក្នុងយោធភូមិភាគទី៥ ចាប់តាំងពីវេលាម៉ោង២០:៣៩នាទីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់វេលាម៉ោង០៨:០០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងយ៉ាងខ្លាំងចូលភូមិជោគជ័យ ភូមិព្រៃចាន់ និងបានបង្ហោះដ្រូនស៊ើបការណ៍នៅក្នុងភូមិសាស្ត្របឹងត្រកួន និងបានពង្រីកភូមិសាស្ត្រ ចូលបឹងព្រីង, ស្រុកថ្មពួក និងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជាច្រើនប្រភេទ និងបាញ់ផ្សែង។
ក្នុងសកម្មភាពបាញ់ប្រហាររបស់យោធាថៃដែលបានផ្លោងចូលមកនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៥៦ បាត់បង់ជីវិតចំនួន២នាក់ ដោយសារគ្រាប់ផ្លោងរបស់យោធាថៃ ។ បន្ទាប់មកនៅវេលាម៉ោង០៤:៥៨នាទី ដល់វេលាម៉ោង០៥:២៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះស៊ើបការណ៍ និងដ្រូនទម្លាក់គ្រាប់បែកចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល ហើយយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះ ។
នៅវេលាម៉ោង០៥:៣០នាទី ដល់ម៉ោង០៦:១០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារ ដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ១០៥មម មកលើទីតាំងអូរភ្លុកដំរី គិតមកដល់ម៉ោង នេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយ ។
ដោយឡែក នៅក្នុងយោធភូមិភាគទី៤ ចាប់តាំងពីវេលាម៉ោង០៤:៤៥នាទី រហូតដល់វេលាម៉ោង០៨:០០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការបាញ់ប្រហារ នៅក្នុងតំបន់ភ្នំខ្មោច នឹងបានពង្រីកភូមិសាស្ត្រនៃការ វាយប្រហារទៅ ដល់តំបន់ផ្សេងៗទៀតរួមមាន៖ តាថាវ, ប្រាសាទតាមាន់, ប្រាសាទតាក្របី, ប្រាសាទព្រះវិហារ, ប្រាសាទខ្នារ, វាលឥន្ទ្រី, ភ្នំខ្មោច, គោល៨, បស្សុស្បូវ ជាំតែ អានសេះ, ថ្មដូន, អូរស្មាច់, ភ្នំអនុស្សាវរីយ៍, មុខវត្តកែវសិក្ខាគីរិស្វារៈ ដោយបានប្រើប្រាស់ដោយបានប្រើ ប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិច បំផ្លាញធុនធ្ងន់គ្រប់ប្រភេទរួមមាន៖ រថក្រោះ,កាំភ្លើងធំ, ថ្មើរជើង និងបានបាញ់ផ្សែងពុលនៅទីតាំងផ្សេងៗទៀត។
យោងតាមព័ត៌មានបឋមពីអាជ្ញាធរខេត្តបានឱ្យដឹងថា ការបើកការបាញ់ប្រហាររបស់យោធាថៃទៅលើទីតាំងប្រជាជនស៊ីវិលចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គិតត្រឹមវេលាម៉ោង៦ព្រឹកនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជា ចំនួន០៧នាក់បាត់បង់ជីវិត និងរបួសចំនួន២០នាក់ ។
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់
ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខ សុវត្ថិភាពរបស់ ប្រជាជនកម្ពុជា ។
ទន្ទឹងនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់និងសេចក្តីថ្លែងការណ៍ រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំនិងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្តូរវេន ៕
ចែករំលែកព័តមាននេះ