ប្រទេសជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រីសាណាអ៊ីតាកាអ៊ីជីគូសបញ្ជាក់ នាថ្ងៃទី៩ធ្នូ ថា ការរញ្ជួយដីខ្លាំងមួយកើតមានកាលពីយប់ថ្ងៃទី៨ ធ្នូ នាំឲ្យមានរលកយក្សស៊ូណាមីកម្ពស់ប្រមាណជា៧០សង្ទីរម៉ែត្រ បណ្ដាលឲ្យមនុស្សយ៉ាងតិច៣០នាក់រងរបួស ។
ទីភ្នាក់ងារឧតុនិយមជាតិជប៉ុនបានប្រាប់ដល់ប្រជាជនថា ការរញ្ជួយដីកម្លាំង៧,៦រីស្ទ័រនោះ ដែលកើតមានក្នុងសមុទ្រនៃដែនទឹកតំបន់ភាគខាងជើងអាអូម៉ូរី នាវេលាម៉ោង២៣និង១៥នាទីម៉ោងក្នុងស្រុក អាចបណ្ដាលឲ្យមានការរញ្ជួយបន្ទាប់បន្សំច្រើនទៀតនាបណ្ដាថ្ងៃខាងមុខ ។ លោកស្រីសាណាអ៊ីតាកាអ៊ីជី អំពាវនាវដល់ប្រជាជនឲ្យចាត់វិធានការនានា ដើម្បីការពារខ្លួនក្នុងករណីមានការរញ្ជួយថ្មីៗទៀត។
ក្នុងចំណោមអ្នករបួស មានមនុស្សម្នាក់របួសធ្ងន់នៅកោះហុកកៃដូចុងខាងជើងជប៉ុន ។ ប្រជាជនប្រមាណជា២៨.០០០នាក់ ត្រូវបានស្នើឲ្យជម្លៀសចេញ ។ នៅក្រុងសាបប៉ូរ៉ូជាទីក្រុងសំខាន់នៃកោះហុកកៃដូ ដីមានការរង្គើរយ៉ាងខ្លាំងរយៈពេលប្រមាណជា៣០វិនាទី ។ ចំណែកការប្រកាសអាសន្នត្រូវបានធ្វើតាមស្មាតហ្វូន ប្រាប់ដល់ប្រជាជនទាំងអស់។
បណ្ដារូបភាពផ្សាយផ្ទាល់បង្ហាញបំណែកកញ្ចក់ដែលធ្លាក់បែករ៉ាយប៉ាយ តាមដងផ្លូវ ។ នាព្រឹកព្រលឹមថ្ងៃទី៩ធ្នូ ប្រជាជនបានឃើញផ្លូវថ្នល់មួយចំនួនរងការខូចខាត ពេលដែលព្រិលចាប់ផ្ដើមធ្លាក់រ៉ោយលើដីក្នុងតំបន់ ។ បណ្ដារបស់របរក្រឡុកធ្លាក់រាត់រាយ រួចគ្រួសារជាច្រើនជួបប្រទះការដាច់ភ្លើង។
ចំណែកអគ្គិភ័យមួយចំនួនត្រូវបានរាយការណ៍។ ផ្នែកឧតុនិយមជប៉ុនដំបូង បញ្ចេញការប្រកាសអាសន្នស៊ូណាមីដែលរលកសមុទ្រអាចមានកម្ពស់ដល់៣ម៉ែត្រនិងស្នើដល់ប្រជាជនច្រើនពាន់នាក់នៃតំបន់ ស្ថិតនៅក្បែរចំណុចកណ្ដាលឲ្យជម្លៀសចេញទៅកាន់ទីខ្ពស់ ៕
ចែករំលែកព័តមាននេះ