ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួលេខបឋម ៖ ពលរដ្ឋស្លូតត្រង់ខ្មែរស្លា.ប់៤ និងរបួស៩នាក់ និងភៀសខ្លួនជាច្រើនម៉ឺននាក់ ព្រោះការវា.យប្រហាររបស់ថៃ

2 ម៉ោង មុន

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ យោធា​ថៃ​បើក​ការ​វាយប្រហារ​ប្រដាប់​អាវុធ​មក​លើ​កងកម្លាំង និង​ជន​ស៊ី​វិល​ខ្មែរ…

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ យោធា​ថៃ​បើក​ការ​វាយប្រហារ​ប្រដាប់​អាវុធ​មក​លើ​កងកម្លាំង និង​ជន​ស៊ី​វិល​ខ្មែរ ។ តួលេខ​បឋម ពី​ខេត្តឧត្តរមានជ័យ និង​ព្រះ​វិហារ ពលរដ្ឋ​ស្លូតត្រង់​ខ្មែរ ស្លា​.​ប់​៤​នាក់ និង​របួស​៩​នាក់ និង​ជនភៀសខ្លួន​ជា​ច្រើន​ម៉ឺន​នាក់ ។

សូម​បញ្ជាក់​ថា ក្រសួងការពារជាតិ​បាន​ប្រកាស​ព្រឹក​នេះ​ថា នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ យោធា​ថៃ​បាន​បន្ត​បើក​ការ​បាញ់ប្រហារ​សា​ជា​ថ្មី​មក​លើ​កងកម្លាំង​កម្ពុជា ចាប់ពី​វេលា​ម៉ោង​ប្រមាណ​០៥:០៤​នាទី​ព្រឹក ការ​បើក​ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង នៅ​ក្នុង​តំបន់​អានសេះ នៅ​ប្រាសាទតាមាន់ធំ នៅ​តំបន់​ប្រាសាទព្រះវិហារ នៅ​៥​មក​រា នៅ​ចំការ​ចេក នៅ​មុំ​បី នៅ​ភ្នំ​ខ្មោច នៅ​គោល​៨ នៅ​ប្រាសាទ​តា​ក្របី និង​នៅ​ប្រាសាទខ្នារ ក្រោយ​ពី​ភាគី​ថៃ​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ កម្លាំង​កងទ័ព​កម្ពុជា​វេលា​ម៉ោង ២:១៥​នាទី​រសៀល កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥​។

យោធា​ថៃ​បាន​បន្ត​ផ្តើម​ធ្វើ​សកម្មភាព​បង្កហេតុ​ជា​បន្តបន្ទាប់​ដោយនៅ​វេលា​ម៉ោង​៖
១.​ម៉ោង ០៤:០០​នាទី រថយន្ត​ធន់​ធំ​ចំនួន ២​គ្រឿង​របស់​យោធា​ថៃ​ដឹក​កងកម្លាំង​របស់​ខ្លួន​ពី​ភ្នំ​រើ​ង​ចូល​មក​ខាង​មុខ​តំបន់​អានសេះ​។
២.​ម៉ោង ០៥:០៤​នាទី​យោធា​ថៃ​បាន​បាញ់​ចេញពី​ខាងលិច​ផ្សារ​អានសេះ​មក​លើ​កងកម្លាំង​កម្ពុជា ដោយ​បាញ់កាំភ្លើង​ដៃ ចំនួន ២៥​គ្រាប់​។
៣.​ម៉ោង ០៥:១៩​នាទី យោធា​ថៃ​បាន​បាញ់​ចេញពី​ខាងលិច​ផ្សារ​អានសេះ​មក​លើ​កងកម្លាំង​កម្ពុជា ដោយ​បាញ់កាំភ្លើង​ដៃ​ចំនួន ៣៨ គ្រាប់​។
៤.​ម៉ោង ០៥:២៥​នាទី យោធា​ថៃ​បាន​បាញ់​ចេញពី​ខាងលិច​ផ្សារ​អានសេះ​មក​លើ​កងកម្លាំង​កម្ពុជា ដោយ​បាញ់កាំភ្លើង​ដៃ និង​កាំភ្លើងយន្ត​ចំនួន ១២០​គ្រាប់​។
៥.​ម៉ោង ០៥:៤០​នាទី យោធា​ថៃ​បាន​ផ្អាក​ការ​បាញ់ប្រហារ ប៉ុន្ដែ​កងកម្លាំង​កម្ពុជា​បាន​នឹង​កំពុង​បន្ត​តាមដាន​លើ​កា​រវិ​វត្ត​នៃ​ស្ថានការណ៍​នៅ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​។
៦.​ម៉ោង ០៦:១៣​នាទី យោធា​ថៃ​បាន​ចាប់ផ្ដើម​បាញ់ប្រហារ​ម្ដងទៀត​ដោយ​ប្រើប្រាស់​កាំភ្លើង​MT60 ចំនួន ៣​គ្រាប់​។
៧.​ម៉ោង ០៦:២២​នាទី យោធា​ថៃ​បាន​បន្ដ​បាញ់កាំភ្លើង​ត្បាល់​ចំនួន ៤​គ្រាប់ និង​កាំភ្លើងយន្ដ​ថ្មើរជើង​ចូល​ខ្សែត្រៀម​របស់​កងកម្លាំង​កម្ពុជា នៅ​តំបន់​អានសេះ​។
៨.​ម៉ោង ០៦:៥១​នាទី យោធា​ថៃ​ចាប់ផ្ដើម​វាយប្រហារ​ចូល​តំបន់​ប្រាសាទ​តា​មាន់ ដោយ​ប្រើប្រាស់​រថក្រោះ​។
៩.​ម៉ោង ០៧:៤០​នាទី យោធា​ថៃ​បន្ត​បាញ់ប្រហារ​គ្រប់​គោលដៅ​៖ មុំ​បី អានសេះ ភ្នំ​ខ្មោច គោល​៨ ប្រាសាទព្រះវិហារ ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី ប្រាសាទខ្នារ ដោយ​ប្រើប្រាស់​កាំភ្លើង​ធំ​១៥៥mm រថក្រោះ កាំភ្លើងត្បាល់​គ្រប់​ប្រភេទ​នៅ​តំបន់​អានសេះ​។
១០.​ម៉ោង ០៨:១០​នាទី យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​ចូល​ទីតាំង​នៅ​តំបន់​ភ្នំ​ខ្មោច​យ៉ាងច្រើន​។
១១.​ម៉ោង ០៨:១៤​នាទី យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​បន្ថែម​នៅ​តំបន់​ប្រាសាទព្រះវិហារ​។
១២.​ម៉ោង ០៨:៤១​នាទី យោធា​ថៃ​នៅ​បន្ដ​បាញ់ និង​បន្ដ​បាញ់​ផ្លោង បាញ់​បុក​យ៉ាង​ខ្លាំង​នៅ​ទីតាំង​ដំណាក់​ស្ដេច បន្លោះ​ថ្ម​ដូន និង​ប្រាសាទ​តា​មាន់ បច្ចុប្បន្ន មាន​យន្ដហោះ​យោធា​ថៃ បាន​ហោះ​តាម​បណ្ដោយ​ព្រំដែន​។
១៣.​ម៉ោង ០៩:០៥​នាទី យោធា​ថៃ​បាន​វាយប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា ដោយ​ប្រើ​យន្តហោះ​ចម្បាំង​ប្រភេទ F-16 នៅ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។
១៤.​ម៉ោង ០៩:៣០​នាទី យោធា​ថៃ​នៅ​តែ​បន្ត​វាយប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា​បន្ត​ទៀត នៅ​ប្រាសាទខ្នារ អូរ​ស្មាច់ ដោយ​យោធា​ថៃ​បាន​ប្រើ​កាំភ្លើង​១២,៧ រួម​ទាំង​រថក្រោះ​បាញ់​បុក​បន្ថែម​។
១៥.​ម៉ោង ១០:០០​នាទី យោធា​នៅ​តែ​បន្ត​វាយប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា​យ៉ាង​ខ្លាំង ដោយ​ប្រើ​កាំភ្លើងត្បាល់ កាំភ្លើង​ធំ រថក្រោះ​បាញ់​បុក​ជា​ពិសេស​ខ្លាំង នៅ​តំបន់​អានសេះ និង​ទិស​ប្រាសាទព្រះវិហារ​។
គិត​មក​ត្រឹម​ម៉ោង ១១:០០​នាទី​នេះ យោធា​ថៃ​នៅ​បន្ត​បាញ់ប្រហារ​មក​លើ​កងទ័ព និង​លើ​ទីតាំង​ជន​ស៊ី​វិល​កម្ពុជា​នៅឡើយ​។

ក្រសួង​ការពារ​បាន​បន្ថែម​ថា បន្ទាប់​ពី​ការ​បើក​ការ​បាញ់ប្រហារ​មក​លើ​កងកម្លាំង និង​ប្រជាជន​ស៊ី​វិល​នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ ក្នុង​ខេត្តព្រះវិហារ និង​ខេត្តឧត្តរមានជ័យ ចាប់ពី​ព្រឹក​ម៉ោង ០៥:០៤​នាទី នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ​មក យោធា​ថៃ​បាន​ពង្រីក​ការ​វាយប្រហារ​របស់​ខ្លួន​មក​ខេត្តបន្ទាយមានជ័យ ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​៥ ដោយនៅ​វេលា​ម៉ោង ១៣:៣៦​នាទី​រសៀល យោធា​ថៃ​បាន​បាញ់ប្រហារ​មក​លើ​ប្រជាជន​ស៊ី​វិល​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដោយ​បាន​ប្រើប្រាស់​អាវុធ​ធុន​តូច និង​ធុន​ធំ ដោយ​កំរោល និង​មិន​រើស​គោលដៅ​យ៉ាង​សាហាវព្រៃផ្សៃ​មក​លើ​ភូមិដ្ឋាន​ជន​ស៊ី​វិល​រស់នៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ