ខេត្តស្ទឹងត្រែង ៖ បុគ្គលិកម្នាក់របស់ក្រុមហ៊ុនផ្ដល់កម្ចីប្រចាំថ្ងៃ(លុយរាប់)ម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៨ ធ្នូ ២០២៥ ពីបទបានចូលទៅក្នុងផ្ទះរបស់កូនបំណុល ហើយដកហូតយកអង្ករ និងជញ្ជីង ខណៈដែលម្ចាស់ផ្ទះមិនបាននៅ ។

លោកវរសេនីយ៍ទោ ហ៊ាន សុវណ្ណារិទ្ធ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា ការឃាត់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ(កូនបំណុល) កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ។ ជនរងគ្រោះបានចោទប្រកាន់ថា ជនសង្ស័យបានចូលទៅក្នុងផ្ទះរបស់ខ្លួន ហើយយកទាំងអង្ករ និងជញ្ជីង ខណៈគ្មានអ្នកនៅចាំផ្ទះទាល់តែសោះ ។
ក្នុងករណីនេះ លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តកម្លាំងជំនាញដឹកនាំដោយលោក ហ៊ាន សុវណ្ណារិទ្ធ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា ចាន់និរោធ ភេទប្រុស អាយុ៣៥ឆ្នាំ ដែលជាបុគ្គលិករបស់ក្រុមហ៊ុនកម្ចីភូមិមួយកន្លែង ។ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុចគីឡូ២ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខណៈកំពុងដើរប្រមូលលុយពីកូនបំណុលផ្សេងទៀត ។ ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកអង្ករ និងជញ្ជីងចេញពីផ្ទះកូនបំណុលពិតមែន ដោយមានគោលបំណងរក្សាទុករង់ចាំកូនបំណុលយកលុយមកលោះយកសម្ភារៈវិញ ។

លោកសេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើការក្រើនរំលឹកយ៉ាងដាច់
អហង្ការដល់បណ្ដាអ្នករកស៊ីលុយរាប់ទាំងអស់ ទោះមានច្បាប់ ឬអត់ច្បាប់ក្តី ថា៖«កុំចេះតែហ៊ាន! កាលណាចូលយករបស់របរ សម្ភារៈក្នុងផ្ទះគេ វាជាបទល្មើសព្រហ្មទណ្ឌ ដែលជាបទលួច និងបទរំលោភលើលំនៅឋានទៀតផង» ។ បទលួច៖ ការដកហូតយកទ្រព្យសម្បត្តិរបស់អ្នកដទៃដោយអំពើទុច្ចរិត ។ បទរំលោភលើលំនៅឋាន ៖ ការចូលទៅក្នុងផ្ទះ ឬកន្លែងរស់នៅរបស់បុគ្គលណាមួយ ទោះជាបណ្ដោះអាសន្នក៏ដោយ ដោយគ្មានការអនុញ្ញាតពីម្ចាស់។ ករណីទាំងនេះ សុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌ ។
ទោះបីជាមានការណែនាំពីសំណាក់លោកអភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឱ្យក្រុមហ៊ុនផ្ដល់កម្ចីទាំងឡាយ ត្រូវទៅបំពេញបែបបទចុះបញ្ជីរតាមច្បាប់ឱ្យបានគ្រប់គ្រាន់ក្តី ប៉ុន្តែគេសង្កេតឃើញថា ក្រុមហ៊ុនដាក់កម្ចីលុយរាប់ប្រចាំថ្ងៃ និងប្រចាំ
សប្តាហ៍ដែលយកការប្រាក់ខ្ពស់កប់ពពកនៅតែបន្តសកម្មភាពយ៉ាងគគ្លើនដដែល។

គួររំលឹកថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ កងរាជអាវុធហត្ថបានធ្វើលិខិតអញ្ជើញក្រុមហ៊ុនកម្ចីលុយរាប់ចំនួន៩ក្រុមហ៊ុន ក្នុងចំណោចក្រុមហ៊ុនជាច្រើនទៀតដែលមិនបានចូលឱ្យចូលមកស្តាប់ការណែនាំ ដើម្បីទៅធ្វើច្បាប់ស្របតាមគោលការណ៍ ក្រោយការសម្របសម្រួលពីលោក ស៊ីន សុខហ៊ឹង ព្រះរាជអាជ្ញារង។
បច្ចុប្បន្ន ជនសង្ស័យដែលជាបុគ្គលិកក្រុមហ៊ុនកម្ចីលុយរាប់ខាងលើ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែងហើយ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ