សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ព្រះសមាជិក និងជាអគ្គលេខាធិការរង ថេរសភាព្រះពុទ្ធសាសនាកម្ពុជា បានស្នើឲ្យពុទ្ធបរិស័ទនៅក្នុងប្រទេសរិះគិតឡើងវិញ អំពីការប្រើប្រាស់ថង់ប្លាស្ទិក និងប្រអប់ស្នោដាក់បាយសម្ល និងអាហារទទួលទាន ។

សម្តេចព្រះឧត្តមវង្សា បានចែករំលែកនៅលើបណ្តាញសង្គមថា «ថង់ប្លាស្ទិច និងប្រអប់ស្នោ ដាក់បាយសម្លក្ដៅ នាំឱ្យគ្រោះថ្នាក់ដល់សុខភាពខ្លាំង ដូចជា ជំងឺមហារីកជាដើម។ ញោមញាតិគួរផ្លាស់ប្ដូររបៀបហូបចុក ដើម្បីសុខភាពខ្លួនឯង» ។

សម្តេចព្រះឧត្តមវង្សាបានមានថេរដីកាថា ឃាតករបន្លំខ្លួននៅជាមួយយើង ជានិច្ចលើបញ្ហាហូបចុកនេះ ។
តាមការស្រាវជ្រាវបានឲ្យដឹងថា ការប្រើថង់ប្លាស្ទិច និងប្រអប់ស្នោ ដើម្បីដាក់ម្ហូបក្តៅៗ អាចបង្កគ្រោះថ្នាក់ដល់សុខភាព ដោយសារពេលប្លាស្ទិច ឬស្នោប៉ះនឹងកម្តៅខ្លាំង, វាអាចបញ្ចេញសារធាតុគីមីខ្លះៗដូចជា Styrene ពីប្រអប់ស្នោ ហើយនឹងសារធាតុ BPA និង Phthalatesពីប្លាស្ទិច ។

សារធាតុខ្លះទៀតអាច បង្កជា microplastics នៅក្នុងអាហារហើយចូលទៅក្នុងរាងកាយពេលយើងបរិភោគ ។ ដោយឡែកសារធាតុ BPA និង Phthalates ដែលគេស្គាល់ថា ជា Endocrine Disruptors វាអាចបង្កការរំខានដល់ប្រព័ន្ធអ័រម៉ូន, ប៉ះពាល់ដល់ការរីកលូតលាស់រាងកាយ, ប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ, និងបង្កការផ្លាស់ប្តូរនូវកម្រិតកោសិកា នាំឲ្យកើតជំងឺផ្សេងៗជាពិសេស គឺមហារីកតែម្តង៕
ចែករំលែកព័តមាននេះ