ខេត្តបន្ទាយមានជ័យ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ (CLG) បានរៀបចំនិងសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីទទួលស្តាប់បទបង្ហាញដ៏សំខាន់មួយ ស្តីពីវឌ្ឍនភាពនៃការវាស់វែង និងបោះបង្គោលព្រំដែនកម្ពុជា-ថៃ ។

ជាក់ស្តែងក្រសួងការពារជាតិ បានប្រកាសនារសៀលថ្ងៃទី០៥ ខែធ្នូនេះថា ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា ៖

នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៩:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានធ្វើការសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្តាប់បទបង្ហាញពីលោក ព្រំសឿន វឌ្ឍន: ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្តីពីវឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ (ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង) នៅទីស្នាក់ទី២ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើយោងតាមមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅល្ងាចថ្ងៃទី៣ ខែធ្នូនេះ បានបង្ហាញពីវឌ្ឍនភាពការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ នៅក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី ។
ក្រសួងការពារជាតិបានបន្តថា ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត (Photomap) នៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដោយសម្រេចបានប្រវែងប្រមាណ ៦.៤ គ.ម ស្មើនឹងប្រមាណ ៧៦% ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្ដែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដែលមានប្រវែងប្រមាណ ៨.៣គ.ម. ដោយបានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦បង្គោលបណ្តោះអាសន្ន ៕








ចែករំលែកព័តមាននេះ