ខេត្តសៀមរាប៖ ដើម្បីរក្សាបេតិកភណ្ឌ ក្រុមអ្នកជំនាញ អាស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ចុះត្រួតពិនិត្យការដ្ឋានជួសជុលសំខាន់ៗនៅអតីតរាជវាំងនៃក្រុងអង្គរធំ និងណែនាំដល់ក្រុមអ្នកជំនាញជួសជុលត្រូវអនុវត្តប្រកបដោយស្តង់ដាខ្ពស់ និងកាន់តែល្អប្រសើរ។
យោងតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC-អង្គរ/សំបូរព្រៃគុក) រួមសហការជាមួយអ្នកជំនាញខ្មែរនៃអាជ្ញាធរជាតិអប្សរា បានចុះបន្តពិនិត្យការដ្ឋានជួសជុលទ្រង់ទ្រាយធំមួយចំនួននៅក្នុងអតីតរាជវាំងនៃក្រុងអង្គរធំ។
ការចុះពិនិត្យនេះមានគោលបំណងសិក្សានិងវាយតម្លៃការងារដែលកំពុងអនុវត្តស្របតាមអនុសាសន៍ដែលអ្នកជំនាញការអន្តរជាតិបានផ្តល់កាលពីពេលកន្លងទៅ។ ទីតាំងសំខាន់ៗដែលក្រុមការងារបានចុះពិនិត្យរួមមាន៖ នៅអង្គរធំដោយក្រុមការងារបានចុះពិនិត្យយ៉ាងលម្អិតទៅលើគម្រោងជួសជុល និងការងារកំណាយស្រាវជ្រាវនៅក្នុងបរិវេណនៃអតីតរាជវាំង។ ចំណែកនៅខ្លោងទ្វារទាំង ៤ ដោយក្រុមអ្នកជំនាញបានចុះពិនិត្យការងារជួសជុលតាមខ្លោងទ្វារសំខាន់ៗនៃក្រុងអង្គរធំ ដូចជាខ្លោងទ្វារខាងត្បូង ខ្លោងទ្វារខាងជើង និងជាពិសេសគឺ ខ្លោងទ្វារជ័យ។
ក្នុងអំឡុងពេលចុះពិនិត្យនៅខ្លោងទ្វារជ័យ ក្រុមអ្នកជំនាញការអន្តរជាតិ រួមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកផងនោះ បានស្តាប់បទបង្ហាញពីក្រុមការងារជួសជុល ហើយក៏បានផ្តល់អនុសាសន៍បន្ថែមដើម្បីធានាថា ការងារជួសជុលនិងអភិរក្សត្រូវបានអនុវត្តប្រកបដោយស្តង់ដាខ្ពស់ និងកាន់តែល្អប្រសើរ។
ការខិតខំនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជានិងសហគមន៍អន្តរជាតិ ក្នុងការថែរក្សាបេតិកភណ្ឌពិភពលោកដ៏មានតម្លៃនេះឱ្យនៅគង់វង្សជានិរន្តរ៍៕
ចែករំលែកព័តមាននេះ