គួរឲ្យអាណិត! ស្ត្រីម្នាក់ចាញ់បោកក្រុមចោរទម្លាក់យោង អស់ជាង១ពាន់ដុល្លារ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ខណៈទៅដាក់ CV ធ្វើការរោងចក្រ ស្រាប់តែជួបជាមួយក្រុមចោរទម្លាក់យោង ញីឈ្មោល ១ក្រុម នៅតមផ្លូវ…
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ខណៈទៅដាក់ CV ធ្វើការរោងចក្រ ស្រាប់តែជួបជាមួយក្រុមចោរទម្លាក់យោង ញីឈ្មោល ១ក្រុម នៅតមផ្លូវ…
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ខណៈទៅដាក់ CV ធ្វើការរោងចក្រ ស្រាប់តែជួបជាមួយក្រុមចោរទម្លាក់យោង ញីឈ្មោល ១ក្រុម នៅតមផ្លូវ ក៏ត្រូវបានក្រុមចោរទាំងនោះ ប្រើល្បិចដោះយកគ្រឿងអលង្ការ និងទូរសព្ទ ដែលមានតម្លៃសរុបជាង១ពាន់ដុល្លារ អស់ពីខ្លួន ហើយក្រុមចោរ បានប្រគល់ឲ្យនាងវិញនូវខ្សែក កាឡៃ១ខ្សែ និងកាបូបអត់លុយ១ ប៉ុណ្ណោះ។ ដោយសារតែការឈឺចិត្ត ព្រោះចាញ់បោកចោរផង និងសោកស្ដាយទ្រព្យសម្បត្តិផងនោះ នាងបានស្រែកទ្រហោយំខ្លាំងៗ និងបានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី១ ជួយស្វែងរកចោរ ដើម្បីយកទ្រព្យសម្បត្តិមកឲ្យនាងវិញផង ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅតាមផ្លូវភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះឈ្មោះហ.ស.ជ អាយុ១៩ឆ្នាំ មានទីលំនៅខេត្តកំពង់ធំ នាងបានមកស្នាក់នៅផ្ទះជួលភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកក្រុមចោរទម្លាក់យោងមានគ្នាចំនួន៥នាក់ ក្នុងនោះប្រុស៣នាក់ និងស្រី២នាក់ ហើយជិះម៉ូតូមិនចាំម៉ាកចំនួន ៣គ្រឿង ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នារីរងគ្រោះ បានបាត់បង់គ្រឿងអលង្ការ រួមមានខ្សែដៃប្លាទីន ១ខ្សែ តម្លៃ៣០០ដុល្លារ, ខ្សែកប្លាទីន ១ខ្សែតម្លៃ១,៦០០,០០០រៀល និងទូរសព្ទម៉ាក Iphone13Promax ១គ្រឿង តម្លៃ៦០០ដុល្លារ ។ ចំណែកថ្នូរ ដែលទទួលបានពីក្រុមចោរបន្សល់ទុកឲ្យនាងវិញនោះ គឺមានកញ្ចប់មាស់១ ដែលនៅក្នុងនោះមានតែខ្សែកកាឡៃ១ខ្សែ ព្រមទាំងកាបូបអត់លុយ១តែប៉ុណ្ណោះ ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ នារីរគ្រោះបានទៅដាក់ CV រកការងារធ្វើនៅរោងចក្រអាមេរិកាំង ស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ លុះពេលដាក់ CV រួច នាងបានដើត្រលប់ទៅផ្ទះជួលវិញ។ ខណៈដើរបានបន្តិច ក៏បានជួបនឹងក្រុមជនសង្ស័យ ហើយពេលនោះជនសង្ស័យខ្លះបានធ្វើជាមកសួរនាំនាងថា មានរើសបានកញ្ចប់មាសទេ ? នាងឆ្លើយថា អត់ទេ! ក៏ស្រាប់តែមានជនសង្ស័យមួយចំនួនទៀត ធ្វើជាមកប្រាប់ថា ខ្លួនរើសបានកញ្ចប់មាសនោះ ហើយប្រាប់ថាកុំឲ្យមាត់ ខ្លាចម្ចាស់គេដឹង និងប្រាប់ទៀតថា ចាំចែកគ្នា ។
ប្រភពដដែល ប្រាប់បន្ថែមទៀតថា បន្ទាប់មក ក្រុមជនសង្ស័យ ក៏បានបបួលនាងរងគ្រោះឲ្យឡើងជិះម៉ូតូជាមួយ ដើម្បីចែកមាសគ្នា លុះពេលទៅដល់ត្រង់កន្លែងកើតហេតុ ដែលជាកន្លែងស្ងាត់ ពួកចោរ ក៏បានលួងលោមដោះយកខ្សែកប្លាទីន និងខ្សែដៃប្លាទីនព្រមទាំងទូរសព្ទម៉ាក Iphone13Promax ពីខ្លួននាង។ បន្ទាប់មកក្រុមចោរ បានប្រគល់ឲ្យកញ្ចប់មាស១ និងកាបូបលុយ១ មកឲ្យនាងរងគ្រោះ រួចនាំគ្នាចាកចេញទៅបាត់អស់ នេះគឺជាល្បិចចាស់គំរិល ដែលក្រុមចោរ តែងតែប្រើក្នុងការទម្លាក់យោងយកកាឡៃដូរយកមាសហើយប្រើរាប់ទសវត្សរ៍មកហើយ ប៉ុន្តែនៅតែមានប្រសិទ្ធិភាពដដែល! គឺនៅតែមានអ្នកចាញ់បោក មិនតិចឡើយ ។
ប្រភពខាងលើ បានបញ្ជាក់ប្រាប់ផងដែរថា ក្រោយពេលក្រុមចោរ ចាកចេញទៅបាត់អស់ ទើបស្ត្រីរងគ្រោះស្រាយមាត់ថង់កញ្ចប់មាសមើល ក៏ស្រាប់តែស្រឡាំងកាំង ទន់ដៃទន់ជើងស្រែកទ្រហោយំ ដោយពោលពាក្យថា «ម៉ែអើយអស់ហើយ» ម្នាក់ឯង ព្រោះតែឃើញនៅក្នុងថង់មាសនោះមានតែខ្សែកកាឡៃ១ខ្សែ ប៉ុណ្ណោះ ។ នាងក៏លាតកាបូបលុយមើលទៀត ក៏ឃើញតែកាបូបទទេ គ្មានលុយសូម្បីតែ១កាក់១សេន នៅក្នុងនោះឡើយ បន្ទាប់ពីបានដឹងថា ខ្លួនចាញ់បោកមនុស្ស១ក្រុមនោះហើយនាងរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ឲ្យជួយអន្តរាគមន៍តែម្ដង ប៉ុន្តែពុំដឹងថា តើនគរបាលអាចវែកមុខក្រុមចោរទម្លាក់យោងទាំងនោះឃើញ ឬមិនឃើញឡើយ ៕








ចែករំលែកព័តមាននេះ