ទីក្រុងហាណូយ ៖ ក្រសួងអប់រំ និងបណ្តុះបណ្តាលរបស់វៀតណាម មានគម្រោងសាកល្បងដាក់បញ្ចូលការអប់រំបញ្ញាសិប្បនិម្មិត AI ទៅក្នុងកម្មវិធីសិក្សាអប់រំទូទៅចាប់ពីថ្នាក់ទី ១ ដល់ទី ១២ ដោយចាប់ផ្តើមនៅខែធ្នូនេះតទៅ។ នេះបើតាមប្រភពសារព័ត៌មានវៀតណាម VnExpress ចេញផ្សាយកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។
តាមសេចក្តីព្រាងគោលការណ៍ណែនាំ ដែលចេញផ្សាយកាលពីថ្មីៗកន្លងទៅបានបង្ហាញថា ការសាកល្បងនឹងដំណើរការរហូតដល់ខែ ឧសភា ឆ្នាំ ២០២៦ តាមសាលារៀនដែលត្រូវបានជ្រើសរើស ប៉ុន្តែព័ត៌មានលម្អិតជាក់លាក់មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ តាមរយៈការសាកល្បងនេះ ក្រសួងនឹងពិនិត្យ ក៏ដូចវាយតម្លៃលទ្ធផល មុនពេលសម្រេចឈានទៅដល់ការអនុវត្តកាន់តែទូលំទូលាយ នៅក្នុងឆ្នាំសិក្សានាពេលអនាគត។

ក្របខ័ណ្ឌអប់រំ AI ត្រូវបានរៀបចំឡើងជុំវិញវិស័យចំណេះដឹងសំខាន់ៗ ចំនួន ៤ រួមមាន ការគិតផ្តោតលើមនុស្ស, ក្រមសីលធម៌ AI, បច្ចេកទេស និងកម្មវិធី AI រួមទាំង ការរចនាប្រព័ន្ធ AI។ ខ្លឹមសារនៃការអប់រំទៀតសោត នឹងត្រូវបានរៀបចំឡើងស្របទៅតាមអាយុ និងកម្រិតការយល់ដឹងរបស់សិស្ស ដោយស្ថិតនៅក្នុងដំណាក់កាលចំនួន ២ រួមមាន ការអប់រំមូលដ្ឋានសម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា (ថ្នាក់ទី ៦-៩) និងការតម្រង់ទិសអាជីព (សម្រាប់ថ្នាក់វិទ្យាល័យ)។
នៅកម្រិតមូលដ្ឋាន សិស្សនឹងត្រូវបានណែនាំអំពី AI តាមរយៈកម្មវិធីសិក្សាលើរូបភាព និងសំឡេង ដោយបង្កើនការយល់ដឹងបន្តិចម្តងៗអំពីការការពារទិន្នន័យផ្ទាល់ខ្លួន។ រីឯសិស្សមធ្យមសិក្សា នឹងរៀនគោលគំនិតមូលដ្ឋានដូចជា ទិន្នន័យ និងរបៀបដោះស្រាយ ការអនុវត្តការប្រើប្រាស់ AI ដើម្បីគាំទ្រកិច្ចការសិក្សា និងកំណត់ហានិភ័យ ព្រមទាំងភាពលំអៀងដែលអាចកើតមាន។ ចំណែកថ្នាក់វិទ្យាល័យ សិស្សនឹងរៀនរចនាប្រព័ន្ធ AI បែបសាមញ្ញៗ អភិវឌ្ឍជំនាញដោះស្រាយបញ្ហាកម្រិតខ្ពស់ និងស្វែងយល់ពីដំណើរអាជីពក្នុងវិស័យបច្ចេកវិទ្យា។
ជាមួយគ្នានោះ ក្រសួងបានសង្កត់ធ្ងន់ថា ការដាក់បញ្ចូល AI នឹងមិនធ្វើឱ្យកម្មវិធីសិក្សាបច្ចុប្បន្នលើសកម្រិតនោះទេ។ បណ្តាសាលារៀនត្រូវបានលើកទឹកចិត្តឱ្យសង្ខេបខ្លឹមសារមេរៀន AI ជាមួយកាសិក្សាដែលមានស្រាប់ ដោយរួមបញ្ចូលវាតាមរយៈមេរៀនតាមប្រធានបទ ការរៀនផ្អែកលើគម្រោង ឬការរៀនក្លិបក្រៅកម្មវិធីសិក្សា។
សម្រាប់គ្រូបង្រៀនវិញ កម្មវិធីសាកល្បងនេះ នឹងស្វែងយល់ពីកម្មវិធី AI ក្នុងការគ្រប់គ្រងថ្នាក់រៀន ការរៀបចំផែនការមេរៀន និងវិធីសាស្ត្រវាយតម្លៃការសិក្សាប្រកបដោយភាពច្នៃប្រឌិត។
ទោះយ៉ាងណា អ្នកជំនាញបានលើកឡើងថា ការដាក់បញ្ចូល AI ក្នុងកម្មវិធីសិក្សាកម្រិតបឋមសិក្សាគឺមានសារៈសំខាន់ ប៉ុន្តែត្រូវតែអនុវត្តតាមទិសដៅបង្ហាញផ្លូវដ៏ប្រុងប្រយ័ត្ន មានសុវត្ថិភាព និងសមស្របតាមអាយុសិស្ស៕
ចែករំលែកព័តមាននេះ