រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា អាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃទី២២ ដល់៣០វិច្ឆិកា ខាងមុខនេះ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៥ ស្តីពីស្ថានភាពធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លើកឡើងថា យោងតាមការអង្កេត ពិនិត្យ និងវិភាគ លើស្ថានភាពធាតុអាកាស និងអាកាសធាតុ នៅក្នុងតំបន់ និងក្នុងព្រះរាជាណាចក្រ កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា របបខ្យល់មូសុងឦសានមានឥទ្ធិពលខ្លាំង ហើយបក់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានជាមម៉ែន និងលើព្រះរាជាណាចក្រ កម្ពុជា ។

ក្រសួងបានបន្ថែមថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។

ចំណែកនៅតំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី អាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម៤ម៉ែត្រវិនាទី ។
រូបតំណាងដោយAIដោយឡែកនៅតំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត និងកែប អាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យម អប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ហើយខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ក្នុងល្បឿនមធ្យម៤ម៉ែត្រ/វិនាទី ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។
រូបតំណាងដោយ AI ដោយឡែកតំបន់ជួរភ្នំដងរែក ជួរភ្នំក្រវាញ និងជួរភ្នំបូកគោ អាចមានធាតុអាកាសចុះត្រជាក់និងមានសីតុណ្ហភាពមធ្យម អប្បបរមា១៦°C និងសីតុណ្ហភាពមធ្យមអតិបរមា២៧°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។
ជាមួយគ្នានោះដែរក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសចុះត្រជាក់នេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតមានជាយថាហេតុ ។
ក្រសួងធនធានទឹក និងងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាព ធាតុអាកាសនេះដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕
ចែករំលែកព័តមាននេះ