រាជធានីភ្នំពេញ៖ យោងតាមការណែនាំរបស់មន្ទីរពេទ្យកាល់ម៉ែត ការកំណត់កត្តារំញោច និងការបង្កើតទម្លាប់នៃការគេងឱ្យបានត្រឹមត្រូវ គឺជាគន្លឹះដ៏សំខាន់ដែលជួយឱ្យយើងអាចគេងលក់លក់ស្រួល និងមានគុណភាព។
យុទ្ធសាស្ត្រកំណត់កត្តារំញោច
ដើម្បីធានាថាគ្រែរបស់អ្នកត្រូវបានផ្សារភ្ជាប់តែនឹងការគេងលក់ប៉ុណ្ណោះ សូមអនុវត្តន៍គន្លឹះទាំងនេះ៖
- ចូលគ្រែពេលងងុយតែប៉ុណ្ណោះ: ចូលទៅលើគ្រែនៅពេលដែលអ្នកមានអារម្មណ៍ងងុយគេងពិតប្រាកដ។ ចៀសវាងការទម្រេតខ្លួនលេង នៅលើគ្រែយូរ ដែលធ្វើឱ្យខួរក្បាលយល់ច្រឡំ។
- កុំប្រើប្រាស់គ្រឿងអេឡិចត្រូនិកលើគ្រែ: ហាមមើលទូរទស្សន៍ ប្រើទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិកផ្សេងៗនៅលើគ្រែ ព្រោះពន្លឺពណ៌ខៀវ អាចរំខានដល់ការផលិតអ័រម៉ូនដំណេក។
- បើមិនលក់ទេ ត្រូវងើបចេញ: បើក្រោយ ២០ ទៅ ៣០ នាទី ហើយនៅតែមិនអាចគេងលក់បានទេ អ្នកអាចងើបទៅបន្ទប់ផ្សេង ធ្វើអ្វីមួយដោយស្ងប់ស្ងាត់ រហូតដល់មានអារម្មណ៍ងងុយទើបត្រលប់ទៅចូលគ្រែសម្រាន្តវិញ។
- រក្សាម៉ោងភ្ញាក់ឱ្យទៀងទាត់: ត្រូវភ្ញាក់ពីដំណេកនៅ ម៉ោងដដែលជារៀងរាល់ថ្ងៃ ទោះបីជាយប់នោះអ្នកគេងបានតិច ឬច្រើនយ៉ាងណាក៏ដោយ ដើម្បីជួយឱ្យនាឡិកាជីវសាស្ត្ររបស់អ្នកដំណើរការបានត្រឹមត្រូវ។
- រៀបចំបរិយាកាសមុនគេង: ត្រូវមានការរៀបចំបរិយាកាសមុនសម្រាន្ត ដើម្បីឱ្យអារម្មណ៍ធូរស្រាល ដូចជា អានសៀវភៅ ឬងូតទឹកក្តៅឧណ្ហៗ ដែលជួយឱ្យរាងកាយត្រៀមខ្លួនសម្រាប់ចូលដំណេក៕
ចែករំលែកព័តមាននេះ