រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងបំផុត ចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃ លើជនស៊ីវិលខ្មែរ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ថ្លែងការណ៍បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងបំផុត ចំពោះការបាញ់ប្រហារដោយគ្មានហេតុផលរបស់ កងកម្លាំងថៃ មកលើជនស៊ីវិលខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលម្នាក់ស្លាប់ និង ៣នាក់រងរបួស ។
ប្រភពបានបញ្ជាក់ថា ៖ “ឧប្បត្តិហេតុនេះបង្ហាញពីការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជាការបំពានយ៉ាងគឃ្លីន ចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាន នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិស និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)” ។
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការ នឹងចាត់វិធានការ សមស្របដើម្បីតាមដានរួមទាំងការស៊ើបអង្កេតនៅនឹងកន្លែងអំពីការបាញ់សម្លាប់ជនស៊ីវិល ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ានផងដែរ ។
កម្ពុជាស្វាគមន៍ចំពោះការគាំទ្រ និងការធ្វើការតវ៉ាជាផ្លូវការតាមរយៈស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ ហើយចូលរួមពីគ្រប់ដៃគូដែលពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ ។
កម្ពុជាសូមបញ្ជាក់ថា ចាប់តាំងពីមានបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ មក កម្ពុជាបានអនុវត្តការអត់ធ្មត់ជាទីបំផុត ដោយមិនចាត់វិធានការតបតទៅនឹងសកម្មភាពញុះញង់ឥតឈប់ឈរ រួមទាំងការបាញ់ប្រហារលើជនស៊ីវិលដ៏ឃោរឃៅនាពេលនេះ ក្នុងគោលបំណងរក្សាឱ្យបាននូវបទឈប់បាញ់នេះ ។
ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរ និងសម្រាប់តំបន់ទាំងមូល រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃ បញ្ឈប់ការគំរាមកំហែង និងការប្រើប្រាស់កម្លាំង ហើយងាកទៅប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពគ្នាទៅវិញទៅមក ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ៕

ចែករំលែកព័តមាននេះ