ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​អង់គ្លេស​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ជាមួយ​កម្ពុជា និង​បង្ហាញ​ពី​បំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​កាន់តែ​មានការ​អភិវឌ្ឍ និង​រឹង​មាំ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ឯកអគ្គរាជទូត​អង់គ្លេស​ ប្រចាំ​នៅ​កម្ពុជា​ បាន​គូសបញ្ជាក់​អំពី​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​កាន់តែ​ជិត​ស្និ​ទ​ជាមួយ​កម្ពុជា និង​បង្ហាញ​ពី​បំណង​បង្កើន​កិច្ច​សហប្រតិបត្តិការលើ​គ្រប់​វិស័យ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​កាន់តែ​មានការ​អភិវឌ្ឍ និង​រឹង​មាំ​ ។ ការ​បង្ហាញ​ជំហរ​នេះ​នៅនា​រសៀល​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ​៖ ឯកអគ្គរាជទូត​អង់គ្លេស​ ប្រចាំ​នៅ​កម្ពុជា​ បាន​គូសបញ្ជាក់​អំពី​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​កាន់តែ​ជិត​ស្និ​ទ​ជាមួយ​កម្ពុជា និង​បង្ហាញ​ពី​បំណង​បង្កើន​កិច្ច​សហប្រតិបត្តិការលើ​គ្រប់​វិស័យ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​កាន់តែ​មានការ​អភិវឌ្ឍ និង​រឹង​មាំ​ ។

ការ​បង្ហាញ​ជំហរ​នេះ​នៅនា​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត​អង់គ្លេស៍​ប្រចាំ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ​។

ក្នុង​ជំនួប​នោះ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្តមុត​ស្រួច​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​តាម​រយៈ​ការ​បង្កើត​យន្តការ គ​.​ប​.​ឆ​.​ប បន្ថែម​លើ​យន្តការ​ដែល​មាន​ស្រាប់ សំដៅ​ធ្វើ​យ៉ាងណា​សម្របសម្រួល​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​យកចិត្តទុកដាក់​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ពី​មូលដ្ឋាន​របស់​ខ្លួន ​។

ទន្ទឹម​នេះ ឯកឧត្តម​សន្តិ​បណ្ឌិត បាន​ជម្រាប​ជូន​ពី​លទ្ធផល​ នៃ​សកម្មភាព​ប្រតិបត្តិការ​នា​ពេល​កន្លង​ទៅ​ ។ ឯកឧត្តម​សន្តិ​បណ្ឌិត បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់ ​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អន្តរជាតិ តាម​រយៈ​ការ​ចូលរួម​ស៊ើបអង្កេត ចែករំលែក​ព័ត៌មាន និង​បទ​ពិសោធន៍ ដើម្បី​បង្កា​ទប់ស្កាត់ និង​ស្រាវជ្រាវ​រក​មេ​ខ្លោ​ង ​និង​បណ្តាញ​អង្គការ​ចាត់តាំង​ឱ្យ​បាន​ម៉ឺងម៉ាត់​ ។

ជា​កិច្ច​ឆ្លើយ​តប ឯកឧត្តម ឯកអគ្គរាជទូត​បាន​សម្តែង​នូវ​ការ​ពេញចិត្ត និង​កោតសរសើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ឡើង ​។

ឯកឧត្តម ឯកអគ្គរាជទូត​បាន​គូសបញ្ជាក់​អំពី​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​កាន់តែ​ជិត​ស្និ​ទ​ជាមួយ​កម្ពុជា និង​បង្ហាញ​ពី​បំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ លើ​គ្រប់​វិស័យ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​កាន់តែ​មានការ​អភិវឌ្ឍ និង​រឹង​មាំ​ ។

ទន្ទឹម​នេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏​មាន​បំណង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ​។

ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ជំហាន​បន្ទាប់​ក្នុង​កិច្ច​សហប្រតិបត្តិការ និង​ការ​កសាង​សមត្ថភាព សំដៅ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​ជា​កង្វល់​រួម ឱ្យ​កាន់​មាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ