ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភកិច្ចព្រមព្រៀងសន្តិភាព ! កម្ពុជាថ្កោលទោសការបា.ញ់របស់ទាហានថៃដែលបង្កឱ្យរបួសពលរដ្ឋខ្មែរ៥នាក់

3 ម៉ោង មុន

រាជា​នី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន…

រាជា​នី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជ្រាប​ពី​ស្ថានភាព​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ថ្ងៃនេះពីករណីយោធា​ថៃ​បាន​បាញ់ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ៥នាក់ឱ្យរបួស នៅ​ក្នុងភូមិ​ព្រៃ​ចាន់ ។

នៅវេលា​ម៉ោង​ប្រមាណ​១៥:៥០​នាទី យោធា​ថៃ​បាន​បើក​ការ​បា.ញ់ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ក្នុងភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​យោង​តាម​ព័ត៌មាន​បឋម​ពី​អាជ្ញាធរ​មូលដ្ឋាន ករណី​នេះ​បង្ក​ការ​របួស​ជន​ស៊ី​វិល​ចំនួន ៥​រូប​ ។

ជាក់ស្តែងនេះ ​បើ​យោង​តាម​ក្រសួងការពារជាតិ​បាន​ប្រកាស​នា​ល្ងាច ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥នេះថា ការ​បើក​ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​យោធា​ថៃ​បាន​ធ្វើ​សកម្មភាព​បង្កហេតុ​ជា​ច្រើន​រាប់​មិន​អស់​ច្រើន​ថ្ងៃ​មក​ហើយ ក្នុង​ចេតនា​ញុះញង់ ដើម្បី​នាំ​ដល់​ការ​ប៉ះទង្គិច​គ្នា​។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​អមនុស្សធម៌ ដ៏​សាហាវឃោរឃៅ​នេះ ហើយ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​កាលដែល​ភាគី​ថៃ​បាន​រំលោភ​បំពាន​លើ «​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ​» ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដែល​ចុះហត្ថលេខា ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ថៃ ក្រោម​សាក្សី​របស់​ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​អាស៊ាន ។

ក្នុង​ន័យ​នេះ កម្ពុជា​សូម​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការ​រំលោភ​បំពាន​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ និង​សកម្មភាព​ខុសច្បាប់​របស់​ថៃ​ម្តង​ហើយ​ម្តងទៀត​នេះ ដោយ​ទាមទារ​ឱ្យ​ថៃ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​រំ​លោ​.​ភ​បំពាន​ដ៏​កំរោល​នេះ ។ កម្ពុជា​អំពាវនាវ​ឱ្យ​ថៃ​បញ្ឈប់​រាល់​អរិភាព​ជា​បន្ទាន់ ដែល​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​។

ទន្ទឹម​នឹង​នេះ កម្ពុជា​អំពាវនាវ​ឱ្យ​ភាគី​ថៃ​ងាក​មក​គោរព​កិច្ច​ព្រម ព្រៀម​បទ​ឈប់​បាញ់ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព និង​កាតព្វកិច្ច​ទាំងឡាយ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ម៉ឺងម៉ាត់ ស្មោះត្រង់ និង​ដោយ​សុច្ឆន្ទៈ​ពិតប្រាកដ​។

កម្ពុជា​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​គោរព និង​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ព្រមទាំង​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​ភាគី​ទាំង​ពីរ​សម្រេច​បាន​កន្លង​មក ប្រកបដោយ​សុច្ឆន្ទៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត​។

កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ហើយ​ប្រឆាំង​នឹង​ការ​គំរាម ឬ​ការ​ប្រើប្រាស់​កម្លាំង សំដៅ​ស្វែងរក​ដំណោះស្រាយ​មួយ​ដែល​យុ​ត្ត​ធម៌ ត្រឹមត្រូវ យូរអង្វែង និង​ស្រប​តាម​ច្បាប់​អន្តរជាតិ​។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជ្រាប​ជា​ព័ត៌មាន​៕

Screenshot

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ