ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ជាមន្ត្រីយោធាត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួនតាមបណ្តឹងរបស់ប្រពន្ធ បន្ទាប់ពីទាស់ពាក្យសម្តីគ្នាតិចតួចក្លាយជាហិ.ង្សាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។
ការឃាត់ខ្លួនបុរសជាប្តីខាងលើ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា បុរសជាប្តីដែលឃាត់ខ្លួនមានឈ្មោះ ដួង សុវណ្ណមន្នីរដ្ឋ ភេទប្រុស អាយុ៤៦ឆ្នាំ ជាមន្ត្រីយោធា មានទីលំនៅបច្ចុប្បន្នក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំស្រួចបានបន្តថា នៅមុនពេលឃាត់ខ្លួនបុរសជាប្តីបង្កហិង្សាក្នុងគ្រួសារ គឺកាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ មានស្ត្រីម្នាក់ឈ្មោះ គុជ ចាន់ អាយុ៤៤ឆ្នាំ បានតេទំនាក់ទំនង តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ (HoteLine)លេខ1292 បានរាយការណ៍មកបញ្ជាការដ្ឋានកងអាវុធហត្ថខេត្ត ថាមានករណីហិង្សាក្នុងគ្រួសារ (ប្តីវាយប្រពន្ធ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ) ស្ថិតនៅក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្រោយពីទទួលបានព័ត៌មានពីស្ត្រីខាងលើភ្លាមៗនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានចុះទៅដល់ទីតាំងកេីតហេតុ និងបានឃាត់ខ្លួនជនដៃដល់ឈ្មោះ ដួង សុវណ្ណមន្នីរដ្ឋ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមន្ត្រីយោធា ទីលំនៅបច្ចុប្បន្នរស់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ។
មន្ត្រីអាវុធហត្ថស្រុកភ្នំស្រួចបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនបុរសជាប្តីត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ