សហរដ្ឋអាមេរិក ៖ ការកកស្ទះនៃចរាចរណ៍អាកាសនៅអាមេរិកកាន់តែធ្ងន់ធ្ងរ ជាមួយការលុបចោលកាលពីថ្ងៃទី៩វិច្ឆិកាជើងហោះហើរនៃយន្តហោះដល់ជាង២.២០០ជើង ដែលនោះជាផលវិបាកដោយផ្ទាល់នៃការកកស្ទះថវិកា ដែលអាចដោះស្រាយបានក្នុងពេលឆាប់ៗ ក្រោយជាប់គាំងអស់ពេល៤០ថ្ងៃមកហើយ។

ជាលើកដំបូងចាប់តាំងពីច្រើនសប្ដាហ៍មកហើយ សកម្មភាពរបស់ព្រឹទ្ធសភាអាមេរិកហាក់ដូចជាបង្ហាញពីច្រកចេញមួយ ក្នុងការចរចារវាងពួកអ្នកសាធារណរដ្ឋនិងពួកអ្នកប្រជាធិបតេយ្យ ដើម្បីស្វែងរកច្រកចេញមួយនៃការជាប់គាំងថវិកាហៅSHUTDOWN អស់រយៈពេលដ៏យូរពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក ។ ទស្សនវិស័យនៃដំណោះស្រាយនោះលេចឡើងខណៈកើតមានភាពរញ៉េររញ៉ៃនៅតាមបណ្ដាព្រលានយន្តហោះ ដែលបានក្លាយទៅជាចំណុចសំខាន់ នៃការលើកយកមកប្រើក្នុងការតតាំងគ្នាខាងនយោបាយលើបញ្ហាថវិកា។
គណបក្សនិមួយៗក្នុងចំណោមគណបក្សទាំង២ ខិតខំទម្លាក់ការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមកលើភាពរញ៉េររញ៉ៃ របស់ពួកអ្នកដំណើរដែលកើតមាននៅតាមបណ្ដាព្រលានយន្តហោះក្នុងទូទាំងប្រទេស។ នាថ្ងៃទី៩វិច្ឆិកាជើងហោះហើរដល់ជាង២.២០០ជើងនៃយន្តហោះត្រូវបានលុបចោលនៅអាមេរិក ដែលនោះជាតួលេខខ្ពស់ជាងកាលពីថ្ងៃទី៨វិច្ឆិកា។ ប៉ុន្តែទោះបីយ៉ាងណាជើងហោះហើរអន្តរជាតិមិនមានការកកស្ទះឡើយ៕
ចែករំលែកព័តមាននេះ