ខេត្តកំពង់ធំ ៖ សត្វក្រពើដែលបង្កការភ័យខ្លាចដល់ពលរដ្ឋស្រុកស្ទោង ខេត្តកំពង់ធំ រយៈពេលជាច្រើនថ្ងៃមកហើយនេះ ទីបំផុតត្រូវបានពលរដ្ឋសហការគ្នាចាប់បានហើយ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ការភ្ញាក់ផ្អើល និងការភ័យខ្លាចពីសត្វក្រពើធំ១ក្បាល ដែលអាចបង្កហានិភ័យជាយថាហេតុនេះ បានកើតមានកាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមក ប្រជាពលរដ្ឋបានប្រទះឃើញសត្វក្រពើដ៏ធំមួយក្បាលនេះ កំពុងហែលតាមដងស្ទឹងស្ទោង ហើយក៏បានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធផងដែរ ដើម្បីចាប់ក្រពើនេះចេញពីដងស្ទឹង ខ្លាចបង្កគ្រោះថ្នាក់ដល់មនុស្ស ។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា សត្វក្រពើមួយក្បាលត្រូវបានគេប្រទះឃើញនៅក្នុងទឹកស្ទឹងស្ទោង ស្ថិតនៅចន្លោះឃុំកំពង់ចិនខាងត្បូង និងខាងជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមរយៈគណនីហ្វេសប៊ុកមានឈ្មោះ សេង ចាន់ណា (Seng Channa) បានបង្ហោះរូបភាព និងវីឌីអូ ដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារថា នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅតាមបណ្តោយដងស្ទឹងស្ទោង បានរាយការណ៍អំពីការប្រទះឃើញសត្វក្រពើមួយក្បាល «មានទំហំធំណាស់» បានអណ្ដែតខ្លួនលើផ្ទៃទឹក ។ ជាមួយគ្នានេះ ម្ចាស់គណនីដដែលបានបន្តថា យោងតាមព័ត៌មានបឋម ពួកគេបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ដើម្បីចូលរួមពិនិត្យ និងគ្រប់គ្រងសុវត្ថិភាពបន្ទាន់ ។
យ៉ាងណាក្ដី ជុំវិញករណីនេះ តាមការបំភ្លឺពីលោកវរសេនីយ៍ទោ លឹង ចាន់ អធិការរងនៃធិការដ្ឋាននគរបាលស្រុកស្ទោង តាមទូរស័ព្ទនៅរសៀលថ្ងៃបន្ទាប់ ដោយលោកបញ្ជាក់យ៉ាងខ្លីថា នៅមិនទាន់ទទួលបានព័ត៌មានច្បាស់កាណ៍នៅឡើយទេ គ្រាន់តែឃើញមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមប៉ុណ្ណោះ យ៉ាងណា លោកនឹងតាមដានជុំវិញដំណឹងករណីនេះ ។

ជាមួយគ្នានេះ មន្ត្រីអាជ្ញាធរនៅពេលចុះទៅពិនិត្យ បានណែនាំឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចុះដងទឹក ងូតទឹក និងបោកខោអាវ ឬធ្វើអ្វីៗជិតមាត់ស្ទឹង ជាពិសេសនៅពេលព្រលឹម និងល្ងាច ក៏ដូចជាកុំឲ្យសត្វចិញ្ចឹម ដូចជាឆ្កែ គោ ក្របី ចូលទៅជិតមាត់ទឹក ។
ប្រសិនបើមានការប្រទះឃើញទៀត សូមរក្សាចម្ងាយឱ្យបានឆ្ងាយ មិនត្រូវវាយប្រហារ ឬព្យាយាមចាប់ឡើយ តែត្រូវជូនដំណឹងភ្លាមៗទៅអាជ្ញាធរ ។ ទោះបីជាបែបណា ការចាប់ក្រពើធំមួយក្បាលនេះ បាន៣ថ្ងៃក្រោយមក ក៏អាចធ្វើឱ្យការភ័យខ្លាចត្រូវបានកាត់បន្ថយ តែមិនដឹងថា តើក្រពើមួយក្បាលនេះរួចពីកន្លែងចិញ្ចឹមណានោះទេ ៕
ចែករំលែកព័តមាននេះ