ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ថៃ អនុវត្តផែនការដោះមីនមនុស្សធម៌ក្រោមការគ្រប់គ្រងរួម មិនអនុញ្ញាតធ្វើដោយឯកតោភាគី

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន អំពី​វឌ្ឍនភាព​ការងារ ដោះ​មីន​មនុស្សធម៌​ក្នុង​ តំបន់​អាទិភាព​នៅ​ព្រំដែន​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន អំពី​វឌ្ឍនភាព​ការងារ ដោះ​មីន​មនុស្សធម៌​ក្នុង​ តំបន់​អាទិភាព​នៅ​ព្រំដែន​កម្ពុជា និង​ថៃ មានដូចខាងក្រោម ៖

១. ក្នុង​គោលបំណង​ការពារ​អាយុជីវិត​ជន​ស៊ី​វិល ព្រមទាំង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និងយោង​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​១ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ភាគី​កម្ពុជា​ និង​ភាគី​ថៃ​បាន​ឯកភាព​គ្នា​ឱ្យ​មានការ​បង្កើត​ក្រុមការងារ​សម្របសម្រួល​ចម្រុះ (Joint Coordinating Task Force-JCTF) កម្ពុជា​-​ថៃ ដែល​ដឹកនាំ​ដោយ​លេខាធិការដ្ឋាន ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា​-​ថៃ ដោយ​មានការ​ចូលរួម​ពី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) និង​មជ្ឈមណ្ឌលសកម្មភាព​កំចាត់​មីន​ថ (TMAC) ដើម្បី​កំណត់ និង​ឯកភាព​លើ​តំបន់​សាកល្បង និង​តំបន់​អាទិភាព​នៅ​ព្រំដែន​កម្ពុជា​-​ថ សម្រាប់​ធ្វើ​ប្រតិបត្តិការ​ដោះ​មីន​មនុស្សធម៌ ដែល​ត្រូវ​បាន​ព្រមព្រៀង​ដោយ​ក្រុមការងារ​សម្របសម្រួល​ចម្រុះ កម្ពុជា​-​ថៃ (JCTF) ។

២. ការងារ​ដោះ​មីន​មនុស្សធម៌​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​ស្ថិត​ក្រោម​សមត្ថកិច្ច និង​យន្តការ​ក្រុមការងារ​សម្របសម្រួល​ចម្រុះ កម្ពុជា​-​ថៃ (JCTF) និង​មិន​អនុញ្ញាត​ឱ្យធ្វើ​ប្រតិបត្តិការ​ដោះ​មីន​មនុស្សធម៌ ដោយ​ឯកតោភាគី​ឡើយ​។ ភាគី​កម្ពុជា និង​ភាគី​ថៃ ត្រូវ​គោរព​ឱ្យ​បាន​នូវ​គោលការណ៍​ដែល​បាន​ឯកភាព​គ្នា និង​និយាម​នីតិវិធី​ប្រតិបត្តិ (Standard Operating Procedures-SOP) ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ ។

៣. ក្រុមការងារ​សម្របសម្រួល​ចម្រុះ (JCTF) កម្ពុជា​-​ថៃ មាន​ភារកិច្ច​កំណត់ និង​ឯកភាព​លើ​តំបន់​សាកល្បង និង​តំបន់​អាទិភាព​នៅ​ព្រំដែន ព្រមទាំង​អនុម័ត​លើ​ផែនការ​សកម្មភាព​សម្រាប់​ប្រតិបត្តិការ​ដោះ​មីន​មនុស្សធម៌​។ ក្រោយ​ពី​ផែនការ​សកម្មភាព​សម្រាប់​ប្រតិបត្តិការ​ដោះ​មីន​មនុស្សធម៌ ក្នុង​តំបន់​អាទិភាព​នៅ​ព្រំដែន​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម ការងារ​សម្របសម្រួល​ចម្រុះ កម្ពុជា​-​ថៃ (JCTF) មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) និង​មជ្ឈមណ្ឌល សកម្មភាព​កំចាត់​មីន (TMAC) នឹង​សម្របសម្រួល​ជាមួយនឹង​ប្រតិបត្តិ​ករ​ដោះ​មីន ដើម្បី​ធ្វើការ​ដោះ​មីន​មនុស្សធម៌ ដោយ​ឯករាជ្យ និង​ដាច់​ដោយឡែក​ពី​គ្នា ក្នុង​តំបន់​អាទិភាព​ដែល​ត្រូវ​បាន​កំណត់ និង​ឯកភាព​នោះ​។ ក្រៅពី​តំបន់​អាទិភាព ដែល​ត្រូវ​បាន​កំណត់ និង​ឯកភាព គឺ​មិន​អនុញ្ញាត​ឱ្យ​មាន​ប្រតិបត្តិការ​នៃ​ការ​ដោះ​មីន​មនុស្សធម៌​ជា​លក្ខណៈ​ឯកតោភាគី នៅ​តំបន់​ព្រំដែន ដែល​មិន​ទាន់​មានការ​កំណត់​ខ័​ណ្ឌ​សីមា​ច្បាស់លាស់​ឡើយ (not yet demarcated) ដោយ​រង់ចាំ​ការ សម្រេច​ពី​ក្រុមការងារ​សម្របសម្រួល​ចម្រុះ កម្ពុជា​-​ថៃ (JCTF) ។

៤. រាល់​សកម្មភាព​ដោះ​មីន​មនុស្សធម៌ និង​និយាម​កា​ពហុកោណ​ចម្ការ​មីន​នៅ​តំបន់​សាកល្បង និង​តំបន់​អាទិភាព​នៅ​ព្រំដែន មិន​ត្រូវធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​វាស់វែង និង​ខ័​ណ្ឌ​សីមា​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ឡើយ ឬ មិន​ត្រូវ​បង្កើត​ជា​អង្គហេតុ នៃ​ការ​ទទួលស្គាល់​លើ​ទីតាំង (Faits Accomplis) ថ្មី ជា​មូលដ្ឋាន នៃ​ការ​ទាមទារ​សិទ្ធិ​លើ​ខ្សែបន្ទាត់​ព្រំដែន​នោះ​ទេ​។ ការងារ​វាស់វែង និង​ខ័​ណ្ឌ​សីមា​ព្រំដែន ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន កម្ពុជា​-​ថៃ (JBC) ។

៥. តំបន់​សាកល្បង និង​តំបន់​អាទិភាព​នៅ​ព្រំដែន​ដែល​បាន​ដោះ​មីន​រួច ត្រូវ​គោរព​គោលការណ៍ និង​លក្ខខណ្ឌ ក្នុង​ការ​រក្សា​ស្ថានភាព​ដើម (Status Quo)៖ ក្រោយ​ការ​បោសសម្អាត​មីន​មនុស្សធម៌​, ភាគី​ទាំង​ពីរ​មិន​ត្រូវធ្វើ​សកម្មភាព ណាមួយ​ដែល​អាច​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​បរិស្ថាន​នៃ​តំបន់​ព្រំដែន​នោះ​ឡើយ ដូច​មាន​ចែង​ក្នុង​មាត្រា ៥៣ នៃ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ ស្តី​ពី​ការ​វាស់វែង និង​ខ័​ណ្ឌ​សីមា​ព្រំដែន​គោក ចុះ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០០០ (MOU ឆ្នាំ​២០០០) ។

៦. យោង​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ទីក្រុង​កូ​ឡា​- ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចប្រជុំ​ក្រុមការងារ​សម្របសម្រួល​ចម្រុះ កម្ពុជា​-​ថៃ (JCTF) កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ បាន​កំណត់​តំបន់​សាកល្បង​ក្នុង​តំបន់​អាទិភាព​នៅ​ព្រំដែន​ដែល​ស្ថិត​នៅ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា ទល់មុខ ឃុំ​ណូ​ន​ម៉ាក​ម៉ូ​ន ស្រុក​គោក​ស៊ូ ខេត្ត ស្រះ​កែវ ព្រះរាជាណាចក្រ​ថៃ និង​បាន​ប្រគល់​ភារកិច្ច​ជូន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) និង មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​ថៃ (TMAC) ឱ្យ​ជួប​ប្រជុំ​គ្នា និង​បន្តការងារ​បច្ចេកទេស​នៅ​ទីតាំង​ជាក់ស្ដែង នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់ និង​ព្រមព្រៀង​គ្នា​លើ​និយាម​កា​ពហុកោណ​ចម្ការ​មីន​នៃ​តំបន់​អាទិភាព​នៅ ព្រំដែន​។ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន (TMAC) ត្រូវ រៀបចំ​ផែនការ​សកម្មភាព​លម្អិត​សម្រាប់​ការងារ​ដោះ​មីន​មនុស្សធម៌​នៅ​តំបន់​សាកល្បង​ក្នុង​តំបន់​អាទិភាព​នៅ​ព្រំដែន ដែល​បាន​កំណត់ ដើម្បី​សុំ​ការ​អនុម័ត​ពី​ក្រុមការងារ​សម្របសម្រួល​ចម្រុះ កម្ពុជា​-​ថៃ (JCTF) មុន​នឹង​ចាប់ផ្តើម​អនុវត្ត ការងារ​ដោះ​មីន​មនុស្សធម៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ