ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីសុខាភិបាលចុះត្រួតពិនិត្យដោយមិនជូនដំណឹងមុន ៖ បុគ្គលិកនៅប្រចាំការ២៤ម៉ោង និងទទួលការវាយតម្លៃ «គុណភាពសេវាគ្រប់គ្រាន់»

1 នាទី មុន

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋមន្ត្រី​សុខាភិបាល ៖ « សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព ទោះ​នៅ​លើ​កោះ​ឆ្ងាយ​ដាច់​ស្រយាល​យ៉ាងណា​ក៏​ដោយ​» ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៧…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋមន្ត្រី​សុខាភិបាល ៖ « សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព ទោះ​នៅ​លើ​កោះ​ឆ្ងាយ​ដាច់​ស្រយាល​យ៉ាងណា​ក៏​ដោយ​» ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​បន្ត​ថា រសៀល​ថ្ងៃ​ទី​បី នា​ឱកាស​ព្រះរាជ​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២៥ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ឆ្លៀត​ចុះ​ពិនិត្យ​ដោយ​មិន​ជូនដំណឹង​មុន​នៅ​មណ្ឌល​សុខភាព​កោះ​រ៉ុ​ង ស្ថិត​នៅ​លើ​ដែន​កោះ​កណ្តាល​សមុទ្រ ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​សង្កេត​ឃើញ​ថា ៖

  • បុគ្គលិក​នៅ​ប្រចាំការ ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ
  • មណ្ឌល​សុខភាព​មាន​បរិស្ថាន​អនាម័យ​ស្អាត
  • អ្នកជំងឺ​ត្រូវ​បាន​ទទួល​ពិនិត្យ​ព្យាបាល ដោយ​យកចិត្តទុកដាក់ មិន​មានការ​រង់ចាំ
  • គុណភាព​សេវា ត្រូវ​បាន​វាយតម្លៃ​ថា គ្រប់គ្រាន់ និង​មានការ​រីក​ចម្រើន បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​បុគ្គលិក​ក្នុង​ការ​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​លើ​កោះ​នេះ ។
  • ចំណុច​មួយ​ចំនួន​ដែល​ត្រូវធ្វើ​បន្ថែម​អោយ​បាន​ល្អ ដូច​ជា ការ​ទំនាក់ទំនង ត្រូវ​ប្រកបដោយ​ទំនុកចិត្ត និង​ភាព​ជិត​ស្និទ្ធ ។

គួរ​ត្រូវ​រំលឹក​ថា គុណភាព​សេវា មិនមែន​ស្ថិត​តែ​លើ​ចំណេះដឹង ប៉ុន្តែ​ស្ថិត​លើកទឹកចិត្ត និង​ស្មារតី​ផង​ដែរ ។ ឯ​សណ្ដាប់ធ្នាប់ និង​ការ​រៀបចំ​ឧបករណ៍​បរិក្ខា​ពេទ្យ​មាន​ភាពល្អ ទន្ទឹម​នឹង​នោះ ការ​លះបង់ និង​ឆន្ទៈ​របស់​ប្រធាន​មណ្ឌល និង​បុគ្គលិក ត្រូវ​បាន​ស្នើ​ឱ្យ​ពង្រឹង​បន្ថែម ទាំង​ការ​បំពេញភារកិច្ច វិន័យ​ខ្ជាប់ខ្ជួន និង​ការ​ផ្តោតអារម្មណ៍​យកចិត្តទុកដាក់​ការងារ ដើម្បី​ឈាន​ទៅ​រក​ភាព​ប្រសើរ​ឡើង ។

ជា​រួម មណ្ឌល​សុខភាព​កោះ​រ៉ុ​ង ទទួល​បាន ការ​វាយតម្លៃ​ជា​មូលដ្ឋាន​សុខាភិបាល​ល្អ​សមរម្យ​មួយ និង​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមការងារ​បន្ត​អនុវត្ត​កិច្ចការ​ស្រប​គោលនយោបាយ​របស់​ក្រសួងសុខាភិបាល ដើម្បី​អភិវឌ្ឍ​សមត្ថភាព​អោយ​ប្រសើរ​ឡើង ។

សារ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​សុខាភិបាល ៖ « ទោះ​នៅ​ដែន​កោះ​ឆ្ងាយ​ក្តី ក៏​ប្រជាជន​យើង​គ្រប់​រូប​ទទួល​បាន​សេវា​សុខាភិបាល​មានគុណ​ភាព និង​ស្មារតី​មនុស្សធម៌ ។ ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ទាំងអស់​បន្ត​ប្រឹងប្រែង​ក្នុង​ភារកិច្ច​បម្រើសេវា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ដើម្បី​កសាង​ស្នាមញញឹម​ជូន​ប្រជាពលរដ្ឋ អោយ​ក្លាយជា​ការ​តបស្នង​ចំពោះ​ភារកិច្ច​ដ៏​ថ្លៃថ្លា និង​ការ​លះបង់​ខ្ពស់​របស់​សហ​ភាត​រៈ​សុខាភិបាល​យើង​។​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ