ខេត្តស្ទឹងត្រែង៖ មន្ត្រីជាប់កិច្ចសន្យានៃមន្ទីរអធិការកិច្ចខេត្តស្ទឹងត្រែង និងកូនស្រីរបស់គាត់ដែលកំពុងមានផ្ទៃពោះ បានរងរបួសធ្ងន់ធ្ងរ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តបង្កបានបើករត់គេចខ្លួនបាត់។
ជនរងគ្រោះកំពុងទាមទាររកយុត្តិធម៌ និងអំពាវនាវសុំអន្តរាគមន៍ពីសមត្ថកិច្ច និងសប្បុរសជន ខណៈក្រុមគ្រួសារកំពុងជួបការលំបាកផ្នែកថវិកាសម្រាប់ព្យាបាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ៤ ល្ងាច ស្ថិតនៅត្រង់ចំណុចភូមិ កាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។
តាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រះបាទ ឱ្យដឹងថា ឧប្បត្តិហេតុនេះកើតឡើងរវាងរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ដែលបើកបរពីទិសខាងជើងទៅត្បូងបានបុកម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅច្រាសទិសគ្នាយ៉ាងពេញទំហឹង។
ជនរងគ្រោះជនរងគ្រោះមានចំនួនពីរនាក់ទី១.ឈ្មោះ ផាន់ ផល្លី ភេទស្រី អាយុ៤៣ឆ្នាំជាមន្ត្រីជាប់កិច្ចសន្យាផ្នែកអនាម័យនៃមន្ទីរអធិការកិច្ច រងរបួសបាក់ភ្លៅឆ្វេងយ៉ាងធ្ងន់ធ្ងរ។ទី២.ឈ្មោះ វ៉ុន សម្ផស្ស ភេទស្រី អាយុ១៦ឆ្នាំ ត្រូវជាកូនបង្កើតរបស់អ្នកស្រី ផាន់ ផល្លី។ នាងបានរងរបួសធ្ងន់ធ្ងរ ព្រមទាំងកំពុងមានកូនក្នុងផ្ទៃ៧ខែ។
ក្រោយពេលកើតហេតុភ្លាមៗ រថយន្តសង្គ្រោះបានបញ្ជូនជនរងគ្រោះទាំងពីរនាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ដោយឡែក រថយន្តបង្កបានបើករត់គេចខ្លួនបាត់ ពីកន្លែងកើតហេតុ។ នគរបាលបានយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រះបាទ ដើម្បីបន្តការ
ស៊ើបអង្កេត។
ពាក់ព័ន្ធនឹងករណីនេះ លោក អភិបាលខេត្តស្ទឹងត្រែងក៏បានណែនាំឱ្យជំនាញពិនិត្យ និងចាត់ការតាមនីតិវិធីច្បាប់ហើយ។
ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា ស្ថានភាពរបួសរបស់ជនរងគ្រោះទាំងពីរនាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដែលតម្រូវឱ្យបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញនៅល្ងាចនេះ។ ប៉ុន្តែក្រុមគ្រួសារកំពុងជួបការខ្វះខាតថវិកាសម្រាប់ចំណាយលើការព្យាបាល៕



ចែករំលែកព័តមាននេះ