ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកនវានុវត្តន៍ពីអាស៊ាន

43 វិនាទី មុន

ព្រុយណេ ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ប្រទេសកម្ពុជានៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១៥នេះ ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកនវានុវត្តន៍ស្ដីពី “ការដាក់ឯកសារទាមទារតាវកាលិកតាមរយៈកម្មវិធីទូរស័ព្ទ…

ព្រុយណេ ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ប្រទេសកម្ពុជានៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១៥នេះ ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកនវានុវត្តន៍ស្ដីពី “ការដាក់ឯកសារទាមទារតាវកាលិកតាមរយៈកម្មវិធីទូរស័ព្ទ (Online Benefit Claim through NSSF Member App)” ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤២ នៅប្រទេសព្រុយណេ។ 

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ប្រទេសកម្ពុជា បានឡើងទទួលពានរង្វាន់ពី លោក Jose Arnulfo A. Veloso ប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) សម្រាប់ឆ្នាំ២០២៤-២០២៥ និងជាប្រធានអង្គភាពសន្តិសុខសង្គមសម្រាប់មន្រ្តីរដ្ឋាភិបាល (GSIS) នៃប្រទេសហ្វ៊ីលីពីន។ 

គិតទាំងលើកនេះទៀត ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា ទទួលបានពានរង្វាន់អង្គភាពឆ្នើមចំនួន ១០លើកហើយពីសមាគម ASSA ចំពោះការអនុវត្តរបបសន្តិសុខសង្គម។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤២ នេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤-២០២៥ របស់សមាគម ASSA និងផែនការសកម្មភាពការងារបន្តសម្រាប់ឆ្នាំ២០២៥-២០២៦ របស់សមាគមផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឱ្យឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើ ការសន្យាប្រកបដោយចីរភាពរបស់សមាគម ASSA។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅនៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ នៃប្រទេសព្រុយណេ ដែលរៀបចំដោយមូលនិធិសោធនិវត្តន៍សម្រាប់កម្មករនិយោជិត (ETF) នៃប្រទេសព្រុយណេ ដែលជាប្រធានផ្លាស់វេននៃសមាគម ASSA បន្ទាប់ពីអង្គភាពសន្តិសុខសង្គមសម្រាប់មន្ត្រីរដ្ឋាភិបាល (GSIS) នៃប្រទេសហ្វ៊ីលីពីន ដោយមានការចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គមជាសមាជិកនៃសមាគម ASSA ចំនួន ២០ស្ថាប័ន ដែលមកពីបណ្តាប្រទេសអាស៊ានទាំង ១០ ៕ អត្ថបទសហការ