ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជំរុញ​ឲ្យ​មានការ​ចូលរួម​​ពី​អង្គការ​សង្គម​ស៊ី​វិល ​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​ការងារ ជា​ពិសេស​សម្រាប់​ស្ត្រី

28 វិនាទី មុន

រាជធានីភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៦ លោក​ជំទាវ សួ​ស ស៊ីនួន អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពស់​ខ្ពង់​របស់…

រាជធានីភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៦ លោក​ជំទាវ សួ​ស ស៊ីនួន អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពស់​ខ្ពង់​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​ប​ណ្តោ​ល​វិជ្ជាជីវៈ បាន​អញ្ជើញ​ចូលរួម​កម្មវិធី​ជួបជុំ​សម្តែង​មតិ​ក្នុង​ឱកាស​ខួប​លើក​ទី​១១៥ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​ ។

ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​ប្រធានបទ “​ការ​អនុវត្ត​សិទ្ធិ​សេរីភាព ដើម្បី​យុត្តិធម៌ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី និង​ក្មេង​ស្រី​” ដោយ​មាន​គោលបំណង​សំខាន់​ៗ ​ចំនួន​៣៖ ១. ចូលរួម​អបអរសាទរ និង​ទទួលស្គាល់​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​និង​សមភាព​យេ​ន​ឌ័​រ​, ២. ពង្រឹង​កិច្ចសហការ​រវាង​អង្គការ​សង្គម​ស៊ី​វិល សមាគម សហជីព ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​ធានា​សិទ្ធិ​សេរីភាព​របស់​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច និង​សង្គម និង​៣. បង្កើត​ឱកាស​ដល់​សាធារណជន​ក្នុង​ការ​លើក​ពី​សំណូមពរ ឬ​អនុសាសន៍​ពាក់ព័ន្ធ​នឹង​យេ​ន​ឌ័​រ ដើម្បី​ពិនិត្យ​ឡើង​វិញ និង​អនុវត្ត​គោលនយោបាយ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព ​។

នា​ឱកាស​នោះ លោក​ជំទាវ​អនុរដ្ឋលេខាធិការ​បាន​បង្ហាញ​ពី​សមិទ្ធផល​ការងារ​របស់​ក្រសួង​នា​ពេល​កន្លង​មក ពិសេស​ពាក់ព័ន្ធ​នឹង​ការ​យកចិត្តទុកដាក់​របស់​ក្រសួង​ទៅ​លើ​កម្មករនិយោជិត​ជា​ស្ត្រី តាម​រយៈ​ការ​ផ្តល់​ការ​ការពារ រួម​ទាំង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត ស្រប​តាម​ច្បាប់​ស្តី​ពី​ការងារ ច្បាប់​ស្តី​សន្តិសុខ​សង្គម និង​លិខិតគតិយុត្ត​ពាក់ព័ន្ធ​វិស័យ​ការងារ ព្រមទាំង​ជម្រាប​ជូន​ពី​យន្តការ​អធិការកិច្ច​ការងារ យន្តការ​នៃ​ការ​បង្ការ និង​ដោះស្រាយ​វិវាទ​ការងារ​ដែល​កំពុង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា យន្តការ​នៃ​ការ​ដាក់​ពាក្យបណ្តឹង​មក​ក្រសួង ជា​អាទិ៍ ការ​ដាក់​ពាក្យបណ្តឹង​ដោយ​ផ្ទាល់ ការ​ប្តឹង​តាម​រយៈ​ប្រព័ន្ធ​ Hotline លេខ ១២៨៦ និង​យន្តការ​បណ្តឹង​អនាមិក ​។

ក្នុង​ឱកាស​អបអរសាទរ​ទិវា​សិទ្ធិ​នារី​នេះ លោក​ជំទាវ​ក៏​លើកទឹកចិត្ត​ដល់​ស្ត្រី​គ្រប់​រូប​ឱ្យ​ខិតខំ​ពង្រឹងសមត្ថភាព​របស់​ខ្លួន ដោយ​រៀន​ជំនាញ​បន្ថែម និង​បង្កើន​ភាព​អង់អាច​ក្លាហាន ដើម្បី​ទទួល​បាន​នូវ សមត្ថភាព ផលិតភាព​ការងារ ការ​គោរព ការ​ឱ្យ​តម្លៃ ក៏​ដូច​ជា​ការ​ផ្តល់​ឱកាស​ ដើម្បី​កាន់​មុខ​តំណែង​ជា​ថ្នាក់ដឹកនាំ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន រោងចក្រ​ ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​តែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ពិនិត្យ​អនុលោម​ភាព​នៅ​តាម​សហគ្រាស ក្រុមហ៊ុន រោងចក្រ ក៏​ដូច​ជា​ការ​ស្វែងរក​ដំណោះស្រាយ​សម​ស្រប​ ទៅ​នឹង​បញ្ហា​ប្រឈម​នានា ដែល​ភាគី​ពាក់ព័ន្ធ​ស្នើ​សុំ​អន្តរាគមន៍​ពី​ក្រសួង​ ៕ អត្ថបទសហការ