ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ ចាត់​ទុក​កម្មការិនី​គឺជា “​វីរនារី​” និង​លើកទឹកចិត្ត​ឱ្យ​រួម​គ្នា ​យកចិត្តទុកដាក់​លើកកម្ពស់ ​សិទ្ធិ​កម្មការិនី​បន្ថែម​ទៀត

4 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ​ក្នុង​សន្និបាត​ផ្សព្វផ្សាយ​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០២៦ របស់​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) និង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១៥ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា…

រាជធានីភ្នំពេញ​ ៖ ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ​ក្នុង​សន្និបាត​ផ្សព្វផ្សាយ​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០២៦ របស់​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) និង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១៥ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ “​សន្តិភាព និង​សន្តិសុខ​សម្រាប់​ស្ត្រី និង​គ្រួសារ​” ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា កម្មការិនី​គួរតែ​ត្រូវ​បាន​ចាត់ទុកជា “​វីរនារី​” ពីព្រោះ​ពួក​គាត់​ ពិតជា​បាន​លះបង់​ជា​ច្រើន រាប់​ទាំង​ការ​ជួយ​ការងារ​ផ្ទះ មើលថែ​រក្សា​កូន ឪពុក​ម្តាយ រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ ដើម្បី​លើកកម្ពស់​ជីវភាព ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។ ហេតុនេះ ការ​លើកកម្ពស់​សិទ្ធិ​សេរីភាព លក្ខខណ្ឌ​ការងារ និង​សុវត្ថិភាព​ការងារ សម្រាប់​កម្មករនិយោជិត ជា​ពិសេស​ស្ត្រី​គឺជា​ការងារ​ចាំបាច់ និង​អាទិភាព​មួយ ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បែប​នេះ ដើម្បី​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បងប្អូន​កម្មការិនី​ទាំងអស់ ជា​ពិសេស​កម្មការិនី​នៅ​ក្នុង​វិស័យ​កាត់ដេរ សម្លៀក​បំពាក់ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប ដែល​មាន​អត្រា​កម្មករនិយោជិត​ជា​ស្ត្រី​ប្រមាណ​ជាង ៨០% ក្នុង​ពិធី​សំណេះសំណាល ​ទៅ​កាន់​អ្នកចូលរួម​ជិត​ ៤០០ ​នាក់ ដែល​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តំណាង​អង្គការ អាជ្ញាធរ​មូលដ្ឋាន ថ្នាក់​សហភាព​សហជីព សហព័ន្ធ​សហជីព និង​សហជីព​មូលដ្ឋាន​ចំណុះ​ឱ្យ CCNU នៅ​ទីស្នាក់ការ CCNU នា​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៦ ​។

ពិធី​នេះ​គឺ​មិនមែន​គ្រាន់តែ​ ដើម្បី​ជា​និមិត្តរូប​នោះ​ទេ តែ​ជា​ការ​អបអរ​សារ​ទរ​ នឹង​សមិទ្ធផល​ឆ្នាំ​ចាស់ និង​ការ​តម្រង់​ទិស​ សម្រាប់​បេសកកម្ម​ឆ្នាំ​ថ្មី​២០២៦ របស់ CCNU ជា​ពិសេស​គឺជា​ការ​ជួបជុំ ដើម្បី​រឹតចំណង​សាមគ្គីភាព បង្កើន​ភាព​ស្និទ្ធស្នាល សម្ដែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ការ​ចូលរួម និង​ផ្សារ​ភ្ជាប់​គុណ​តម្លៃ​ របស់​ស្ត្រី​កម្ពុជា​ក្នុង​សហជីព ការ​ថែរក្សា​សុខ​សន្តិភាព និង​ការ​កសាង​មាតុភូមិ​ឱ្យ​រីក​ចម្រើន​ដូច​បច្ចុប្បន្ន ​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​សកម្មភាព​ការងារ​ដែល CCNU ខិតខំ​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២៥ និង​ទិស​ដៅ​ឆ្នាំ​២០២៦ ដែល​បាន​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវ​: និង​សុខដុម​នី​យ​កម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​ជា​ស្នូល​នៃ​ការ​ធានា​ ដល់​ការ​រក្សា​បាន​នូវ​ការងារ និង​ការ​បន្ត​ថែរក្សា​បាន​និង​បង្កើន​ការ​ទាក់ទាញ​វិនិយោគ ប្រសិនបើ​មិន​មាន​ទំនាក់ទំនង​ល្អ ​រវាង​កម្មករនិយោជិត និង​និយោជក​ទេ សន្តិភាព​នៅ​កន្លែងធ្វើការ​ក៏​មិន​អាច​កើត​មាន​ដែរ ​។ ក្រសួង​តែងតែ​ខិតខំ​លើកកម្ពស់​យន្តការ​ត្រីភាគី ដើម្បី​ជំរុញ​កិច្ច​សន្ទនា​សង្គម ដែល​ជា​មធ្យោបាយ​ដ៏​ចាំបាច់​មិន​អាច​ខ្វះ​បាន ​សម្រាប់​ដោះស្រាយ​បញ្ហា​ជូន​កម្មករនិយោជិត និង​និយោជក ​។

ជាមួយនឹង​ការ​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ការងារ​របស់ CCNU ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ CCNU អង្គការ​វិជ្ជាជីវៈ​ផ្សេង​ទៀត និង​កម្មករនិយោជិត​ទាំងអស់​ឱ្យ​បង្កើន​កិច្ចសហការ​គ្នា​ ក្នុង​ការ​រាយការណ៍​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព លក្ខខណ្ឌ​ការងារ ផលប្រយោជន៍ ឬ​ភាព​មិន​ប្រក្រតី​នានា ទៅ​ដល់​ក្រុម​អធិការកិច្ច ឬ​មន្ត្រី​ផ្សះផ្សារ​ដោះស្រាយ​វិវាទ​ការងារ របស់​ក្រសួង​ការងារ​ដើម្បី​អន្តរាគមន៍​ជា​បន្ទាន់ ព្រោះថា​មាន​តែ​បងប្អូន​នៅ​មូលដ្ឋាន​ទេ​ដែល​ជា​ភ្នែក ច្រមុះ ត្រចៀក​របស់​ក្រសួង​។

បន្ថែម​ពី​នេះ ក៏​ត្រូវ​បង្កើន​ការ​ជ្រើសរើស​យក​យន្តការ​ ដោះស្រាយ​បញ្ហា​នៅ​កន្លែង​ការងារ រវាង​និយោជក និង​កម្មករនិយោជិត តាម​រយៈ​ការ​ចាប់​ដៃគូ​ ជាមួយ​រាជរដ្ឋាភិបាល ក្រសួង​ការងារ ក៏​ដូច​ជា​យន្តការ​កិច្ច​សន្ទនា​សង្គម និង​ត្រីភាគី​របស់ ILO ដែល​វា​ប្រសើរ​ជាង​ការ​ជ្រើសរើស​យក​ការ “​បិទផ្លូវ​” ដែល​មិន​អាច​ដោះស្រាយ​បញ្ហា​បាន តែ​បង្ក​ការ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​ថែម​ទៀត​ផង ៕ អត្ថបទសហការ