ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចក្រភព​អង់គ្លេស​ ចុះ MoU ពង្រឹង និង​លើកកម្ពស់​ កិច្ច​សហប្រតិបត្តិការ​ លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ជំនាញ

56 វិនាទី មុន

រាជធានីភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៩ ខែមីនា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ…

រាជធានីភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៩ ខែមីនា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ដូ​មី​និក វី​ល្លៀម (Dominic Williams) ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា និង​បាន​ចុះ​អនុស្សរណៈ ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​លោក Jonathan Ledger អ្នកជំនាញ​អន្តរជាតិ​ក្នុង​វិស័យ TVET និង​គោលនយោបាយ​កម្លាំង​ពលកម្ម តំណាង​ឱ្យ​ភាព​ជា​ដៃគូ​ជំនាញ​របស់​ចក្រភព​អង់គ្លេស (UK Skills Partnership-UKSP)​ ។

នា​ឱកាស​នោះ ឯកឧត្តម ហេង សួរ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ចំពោះ​ឯកឧត្តម ដូ​មី​និក វី​ល្លៀម និង​លោក Jonathan Ledger និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ដែល​បាន​ផ្តល់​ការ​គាំទ្រ​យូរអង្វែង​ដល់​កម្ពុជា ក្នុង​វិស័យ​អភិបាលកិច្ច​ការងារ អភិវឌ្ឍ​ធនធានមនុស្ស តាម​រយៈ​អាហារូបករណ៍ ការ​ការពារ​ពលករ​ចំណាកស្រុក ការ​គាំទ្រ​ផ្នែក​គោលនយោបាយ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ពិសេស​ការ​គាំទ្រ​នៅ​ក្នុង​វិស័យ​អប់រំ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពាណិជ្ជកម្ម និង​វិនិយោគ ព្រមទាំង​កិច្ច​ខិតខំ​ប្រឹងប្រែង ​របស់​ចក្រភព​អង់គ្លេស​ក្នុង​ការ​គាំទ្រ​កម្ពុជា​ ក្នុង​ដំណើរការ​ចាក​ចេញពី​ឋានៈ ​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច (LDC) ​។

ទន្ទឹម​នឹង​នោះ ឯកឧត្តម ដូ​មី​និក វី​ល្លៀម បាន​សម្តែង​នូវ​សេចក្ដី​រីករាយ ​ចំពោះ​ការ​ចុះ MoU នេះ ដោយ​លោក​បាន​លើក​ឡើង​ថា ការ​អប់រំ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ដំណើរការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ​។ នៅ​ពេល​ដែល​ការ​ចាក​ចេញពី LDC នៅ​ពេល​ខាង​មុខ វា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​លើកកម្ពស់​កម្រិត​ជំនាញ ជា​ពិសេស​ដើម្បី​បង្កើន​ផលិតភាព ​របស់​កម្លាំង​ពលកម្ម ដែល​ថែម​ទាំង​ដើម្បី​មាន​ជំនាញ​ ដែល​អាច​ជួយ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ថ្មី​ៗ និង​មាន​សក្ដានុពល ដែល​នឹង​ជួយ​ឱ្យ​កម្ពុជា ​បន្ត​រីក​ចម្រើន​ទៅ​មុខ​ក្នុង​អនាគត ​។ ឯកឧត្តម​រដ្ឋមន្ត្រី និង ឯកឧត្តម ដូ​មី​និក វី​ល្លៀម បាន​ផ្លាស់​ប្តូរ​យោបល់​ពី​ការ​ពង្រឹង​ទំនាក់ទំនង ​ទ្វេភាគី​ផ្សេង​ៗ ដោយ​បាន​គូសបញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា ក្នុង​ការ​បន្ត​ការ​កសាង​ភាព​ជា​ដៃគូ​យូរអង្វែង ជា​ពិសេស​កម្មវិធី​បណ្តុះបណ្តាល​នេះ ​។

ជាមួយ​គ្នា​នេះ ឯកឧត្ដម ហេង សួរ បាន​ថ្លែងអំណរគុណ​ដ៏​ក្រៃ​លែង​ ចំពោះ​ឯកឧត្ដម ឯកអគ្គរាជទូត ដែល​បាន​ជួយ​ភ្ជាប់ UKSP មក​កាន់​កម្ពុជា ក៏​ដូច​ជា​ការ​នាំ​យក​កម្មវិធី​អប់រំ ប្រកបដោយ​គុណភាព​លំដាប់​ពិភពលោក មក​កាន់​ប្រទេស​កម្ពុជា ​។ តាម​រយៈ MoU នេះ កម្ពុជា​នឹង​អាច​ស្វាគមន៍​អ្នកជំនាញ កម្មវិធី​អភិវឌ្ឍ​ជំនាញ ក៏​ដូច​ជា​ការ​ភ្ជាប់​ជាមួយ​អ្នកជំនាញ និង​ស្ថាប័ន​លំដាប់​ពិភពលោក​បន្ថែម​ពី​ចក្រភព​អង់គ្លេស​មក​កម្ពុជា ​។ ឯកឧត្ដម​រដ្ឋមន្ត្រី​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចសហការ​នេះ​នឹង​ជួយ​លើកកម្ពស់​គុណភាព ​នៃ​ការ​បណ្តុះបណ្តាល TVET និង​គុណភាព​ជំនាញ​កម្ពុជា ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ របស់​វិស័យ​ឯកជន និង​គាំទ្រ​ដល់​កម្រិត ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​។

គួរ​បញ្ជាក់​ថា MoU ស្តី​ពី “​ការ​ផ្លាស់​ប្តូរ និង​កិច្ច​សហប្រតិបត្តិការ​នៅ​ ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET)” មាន​គោលបំណង​ពង្រឹង និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ ក្នុង​វិស័យ TVET និង​ជំនាញ ដោយ​ផ្អែក​លើ​គោលការណ៍​ នៃ​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក និរន្តរភាព និង​ផលប្រយោជន៍​រួម ​។ តាម​រយៈ MoU ដែល​មាន​រយៈពេល​បី​ឆ្នាំ​នេះ ភាគី​ទាំង​ពីរ​មាន​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​ទ្វេភាគី និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​ផ្តល់​អប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) និង​ការ​អភិវឌ្ឍ​ជំនាញ នៅ​ក្នុង​ប្រទេស​នីមួយ​ៗ ព្រមទាំង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ ដែល​មាន​ប្រសិទ្ធភាព​ក្នុង​វិស័យ TVET និង​ជំនាញ ដែល​នឹង​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​សុខុមាលភាព​ របស់​ប្រជាពលរដ្ឋ​ ។

MoU នេះ​គ្របដណ្តប់​លើ​កិច្ច​សហប្រតិបត្តិការ​ ដែល​ផ្តល់​ផលប្រយោជន៍​រួម និង​មាន​និរន្តរភាព​ផ្នែក​ហិរញ្ញវត្ថុ ដូច​ជា​ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​គំនិត និង​បទ​ពិសោធ តាម​រយៈ​កិច្ច​ពិភាក្សា ដើម្បី​ឱ្យ​ភាគី​ទាំង​ពីរ​ចែករំលែក​ជំនាញ និង​បទ​ពិសោធ ក្នុង​ការ​បង្ហាញ​ពី​តម្លៃបន្ថែម​នៃ​ការ​វិនិយោគ ​លើ​ជំនាញ និង​អត្ថប្រយោជន៍​ នៃ​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម ព្រមទាំង​សហការ​លើ​ការ​ច្នៃប្រឌិត ដើម្បី​បង្កើន​គុណភាព TVET និង​ជំនាញ​ជាដើម​ ៕ អត្ថបទសហការ