ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ ​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​នៃ​កម្មវិធី DEY III បន្ត​ជួយ​ជ្រោមជ្រែង​ ដល់ SMEs ដើម្បី​គាំទ្រ​ដល់​ការ​បង្កើត​ការងារ ​ដល់​យុវជន

42 វិនាទី មុន

បាត់ដំបង​-​កំពង់ធំ​ ៖ ដោយ​មើលឃើញ​ពី​សារៈសំខាន់ ​ក្នុង​ការ​បង្កើត​ឱកាស​ការងារ​ នៅ​តាម​សហគ្រាស​ធុន​តូច​និង​មធ្យម (SMEs) លោក​ជំទាវ ហ៊ឹ​ម សុធា​រ័​ត្ន អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ…

បាត់ដំបង​-​កំពង់ធំ​ ៖ ដោយ​មើលឃើញ​ពី​សារៈសំខាន់ ​ក្នុង​ការ​បង្កើត​ឱកាស​ការងារ​ នៅ​តាម​សហគ្រាស​ធុន​តូច​និង​មធ្យម (SMEs) លោក​ជំទាវ ហ៊ឹ​ម សុធា​រ័​ត្ន អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ នៃ​កម្មវិធី​មុខរបរ​និង​ការងារ​សមរម្យ​ សម្រាប់​យុវជន​នៅ​កម្ពុជា ដំណាក់កាល​ទី​៣ (DEY III) បន្ត​ជួយ​ជ្រោមជ្រែង​ដល់ SMEs បន្ថែម​ទៀត ដើម្បី​គាំទ្រ​ដល់​ការ​បង្កើត​ការងារ​ ក្នុងស្រុក​ដល់​យុវជន និង​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​។

ការ​ជំរុញ​លើកទឹកចិត្ត​យ៉ាង​មុតមាំ​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោក​ជំទាវ​ អនុរដ្ឋលេខាធិការ ហ៊ឹ​ម សុធា​រ័​ត្ន រួម​ជាមួយ​លោក ឈា ឡាយ​ហ៊ី អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​សហគ្រាស​ធុន​តូច ​និង​មធ្យម តំណាង​ក្រសួង​ឧ​ស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍ និង​លោក សុខ ណា​រិ​ន តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ UNIDO បាន​ធ្វើ​ទស្សនកិច្ច​ពិនិត្យ​មើល​ សហគ្រាស​ធុន​តូច​និង​មធ្យម (SMEs) ដែល​ទទួលផល​ពី​កម្មវិធី DEY III ដែល​ជា​សកម្មភាព​មួយ​របស់​កម្មវិធី DEY III ក្នុង​គោលបំណង​ជួយ​គាំទ្រ​ និង​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម ក៏​ដូច​ជា​គាំទ្រ​ដល់​យុវជន​នៅ​កម្ពុជា​ឱ្យ​ទទួល​បានការ​ងារ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ ដែល​ផ្តល់​ដោយ​សហគ្រាស​ធុន​តូច ​និង​មធ្យម​ ។

ទស្សនកិច្ច​នេះ​មាន​រយៈពេល ​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៤-៦ ខែមីនា ឆ្នាំ​២០២៦ ដោយ​ក្នុង​នោះ​លោក​ជំទាវ​អនុរដ្ឋលេខាធិការ ប្រតិភូ​តំណាង​ក្រសួង និង​ដៃគូ​អភិវឌ្ឍន៍​បាន​ទៅ​ពិនិត្យ​មើល​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​ខេត្តបាត់ដំបង​ ចំនួន​៣​សហគ្រាស (​សិប្បកម្ម​ប្រេង​ខេ​អេ​ច សិប្បកម្ម​តា​កា​ឌា សិប្បកម្ម​ធូ​បូ​) ​និង​នៅ​ខេត្តកំពង់ធំ​ចំនួន​២​សហគ្រាស (​សិប្បកម្ម​កែ​ច្នៃ​ត្រី សោភ័ណ​សុខ​ម៉េ​ង និង​សិប្បកម្ម​សណ្តែកសៀង​លឹ​ម​ស្រេង​)​ ។

តាម​រយៈ​ទស្សនកិច្ច​នេះ​ដែរ ប្រតិភូ​តំណាង​ក្រសួង ដៃគូ​អភិវឌ្ឍន៍ និង​ម្ចាស់​សហគ្រាស​បាន​ពិភាក្សា​អំពី​សកម្មភាព​ ដែល​កម្មវិធី DEY III បាន​ផ្តល់​ឱកាស​ដល់​ម្ចាស់ ​សហគ្រាស​ឱ្យ​ទទួល​បានការ​បណ្តុះបណ្តាល ពង្រឹង​សហគ្រិនភាព ដូច​ជា ការ​ប្រើប្រាស់​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព ការ​ពង្រឹង​ស្តង់ដា​សុវត្ថិភាព ​ចំណីអាហារ​និង​ផលិតផល ការ​អនុវត្ត​ប្រកបដោយ​អនាម័យ​ខ្ពស់ ដែល​បាន​ជួយ​ពង្រឹងសមត្ថភាព​ផលិតកម្ម គុណភាព​ផលិតផល និង​ការ​ទទួលស្គាល់​ខ្ពស់​លើ​ទីផ្សារ​ ។ គួរ​កត់​សម្គាល់ថា សហគ្រាស​ធន់​តូច​និង​មធ្យម​ទាំងនោះ​ ក៏​បាន​បង្កើត​ឱកាស​ការងារ​ ដល់​ប្រជាជន​មូលដ្ឋាន ជា​ពិសេស​ដល់​ស្ត្រី យុវជន និង​អតីត​ពលករ​ត្រឡប់​មក​ពី ​ប្រទេស​ថៃ​ផង​ដែរ​ ។

ជាមួយ​គ្នា​នេះ ម្ចាស់​សហគ្រាស​ធុន​តូច​និង​មធ្យម​ ដែល​ជា​អ្នក​ទទួលផល​ពី​កម្មវិធី DEY III បាន​សម្តែង​ការ​ពេញចិត្ត និង​អរគុណ​ដល់​បណ្តា​ក្រសួង ដៃគូ​អភិវឌ្ឍន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​កម្មវិធី DEY III ជួយ​គាំទ្រ​ដល់​សហគ្រាស​របស់​ពួក​គាត់ ​ឱ្យ​មានឱកាស​រីក​លូតលាស់ រួមចំណែក​ដល់​ការ​បង្កើត​ការងារ​ក្នុងស្រុក និង​ជា​ផ្នែក​មួយ​នៃ​កម្លាំង​សេដ្ឋកិច្ច​នៅ​កម្ពុជា ​។

ដោយ​មើលឃើញ​ពី​សារៈសំខាន់ ​ក្នុង​ការ​បង្កើត​ឱកាស​ការងារ​នេះ​ហើយ ទើប​លោក​ជំទាវ បាន​ជំរុញ​លើកទឹកចិត្ត​ ដល់​តំណាង​ក្រសួង និង​ដៃគូ​អភិវឌ្ឍន៍​នៃ​កម្មវិធី DEY III តំណាង​មន្ទីរ​ពាក់ព័ន្ធ​ ក្នុង​តំបន់ សូម​បន្ត​ខិតខំ​ជួយ​គាំទ្រ​ជ្រោមជ្រែង ​ដល់​សហគ្រាស​ធុន​តូច ​និង​មធ្យម​បន្ថែម​ទៀត ដែល​ជា​គោលដៅ​មួយ​នៃ​កម្មវិធី DEY III ដើម្បី​គាំទ្រ​ដល់​ការ​បង្កើត​ការងារ​ក្នុងស្រុក និង​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​នៅ​កម្ពុជា ​៕ អត្ថបទសហការ