ចិន-ឥណ្ឌា ៖ ប្រទេសឥណ្ឌានិងចិន បានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៦ តុលា បើកឲ្យមានការហោះហើរត្រង់ឡើងវិញ រវាងប្រទេសធំទាំង២ ក្រោយពីផ្អាកអស់ពេល៥ឆ្នាំមក។ នាល្ងាចថ្ងៃទី២៦ តុលា យន្តហោះដំបូងត្រូវហោះពីក្រុងកាល់គុតតា ឥណ្ឌា មកកាន់ក្រុងក្វាងហ្សូចិន ។ នេះជានិមិ្មត្តរូបមួយដែលកំណត់ពីជំហានថ្មីមួយទៀត ក្នុងការសម្រាលភាពតានតឹងរវាងមហាប្រទេសអាស៊ីជាប់ជិតខាងគ្នាទាំង២ ។

ការកាត់ផ្ដាច់ការហោះហើរត្រង់នេះ កើតមានអំឡុងពេលមានការឆ្លងរាលដាលនៃកូវីដ-១៩កាលពីដើមឆ្នាំ២០២០ ។ ហួសពីការខិតចូលជិតគ្នាខាងការទូត និងសេដ្ឋកិច្ច រវាងប្រទេសទាំង២ វាក៏ជាសញ្ញានៃការបើកចំហរវាងប្រជាជនប្រទេសទាំង២ ដែលតាំងពីយូរមកហើយស្ថិតនៅឃ្លាតឆ្ងាយគ្នា ។
ឥណ្ឌាមិនមែនជាគោលដៅដែលពលរដ្ឋឥណ្ឌាចង់មកខ្លាំងឡើយ។ កាលពីឆ្នាំទៅមិញទិដ្ឋាការត្រឹមតែ២៨០.០០០ ត្រូវបានចេញឲ្យពលរដ្ឋឥណ្ឌាសម្រាប់ការមកធ្វើទេសចរណ៍ បំពេញការងារឬរៀននៅសាកលវិទ្យាល័យនៅចិន។ តែពេលនេះកាលៈទេសៈនឹងមានការផ្លាស់ប្ដូរ ព្រោះបើមានការហោះហើរត្រង់ តម្លៃសំបុត្រយន្តហោះក៏ចុះថោក រួចការធ្វើដំណើររបស់ពលរដ្ឋទាំងសងខាងកាន់តែងាយស្រួល ។
ការជួបគ្នាកាលពីថ្ងៃទី៣១ សីហា កន្លងទៅ នៅទីក្រុងទៀនជីន របស់នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារេនដ្រាម៉ូឌី និងប្រធានាធិបតីចិនលោកស៊ីជីនពីង នៅខាងក្រៅកិច្ចប្រជុំកំពូល អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ បានបើកផ្លូវទៅរកការបន្ធូរបន្ថយភាពតានតឹង ហើយឈានដល់ការបើកការហោះហើរត្រង់រាល់ថ្ងៃរវាងក្រុងកាល់គុតតា និងក្រុងក្វាងហ្សូ៕
ចែករំលែកព័តមាននេះ