ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ឱ្យ​ថៃ​ផ្អាក​ជា​បន្ទាន់​ក្នុង​គោលបំណង​ចង់​ដោះ​មីន​នៅ​តំបន់​ភូមិ​ជោគជ័យ និង​តំបន់​ភូមិ​ព្រៃ​ចាន់

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កងពលតូច​ថ្មើរជើង​លេខ​៥១​នៃ​យោធភូមិ​ភាគ​ទី​៥ បាន​ផ្ញើ​លិខិត​ឆ្លើយ​តប​នឹង​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដោះ​មីន​នៅ​តំបន់​ភូមិ​ជោគជ័យ (​កម្ពុជា​) ទល់មុខ​នឹង​តំបន់​ភូមិ​ណ​ង​ចាន់ (​ថៃ​) និង​តំបន់​ភូមិ​ព្រៃ​ចាន់ (​កម្ពុជា​) ទល់មុខ​នឹង​តំបន់​ភូមិ​ណ​ង​យ៉ា​កែវ…

រាជធានី​ភ្នំពេញ ៖ កងពលតូច​ថ្មើរជើង​លេខ​៥១​នៃ​យោធភូមិ​ភាគ​ទី​៥ បាន​ផ្ញើ​លិខិត​ឆ្លើយ​តប​នឹង​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដោះ​មីន​នៅ​តំបន់​ភូមិ​ជោគជ័យ (​កម្ពុជា​) ទល់មុខ​នឹង​តំបន់​ភូមិ​ណ​ង​ចាន់ (​ថៃ​) និង​តំបន់​ភូមិ​ព្រៃ​ចាន់ (​កម្ពុជា​) ទល់មុខ​នឹង​តំបន់​ភូមិ​ណ​ង​យ៉ា​កែវ (​ថៃ​) របស់​កងកម្លាំង​បូព៌ា​នៃ​កងទ័ព​ភូមិភាគ​ទី​១​ថៃ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សំណាក់​លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា បញ្ជាការដ្ឋាន​កងពលតូច​ថ្មើរជើង​លេខ​៥១ សូម​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​លិខិត​ដូចដែល​មាននៅ​ក្នុង យោង​ខាងលើ​របស់​ទីបញ្ជាការ​កងកម្លាំង​បូព៌ា ថា​យោង​តាម​ចំណុច​ទី​៦ ក្នុង​កំណត់ហេតុ​ព្រមព្រៀង​នៃ កិច្ចប្រជុំ​ពិសេស​លើក​ទី​១ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ការងារ​ដោះ​មីន​មនុស្សធម៌ នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​អនុវត្ត​ជា​ជំហាន​ៗ​ដូច​ខាងក្រោម​៖

១-​ភាគី​កម្ពុជា និង​ភាគី​ថៃ​ត្រូវ​បង្កើត​ឱ្យ​មាន​ក្រុមការងារ​សម្របសម្រួល​ចម្រុះ (JCTF) ហើយ​ដែល​ក្រុមការងារ នេះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៥​។

២-​បន្ទាប់​ពី​មាន​ក្រុមការងារ JCTF ភាគី​ទាំង​ពីរ​ត្រូវ​ពិភាក្សា​រៀបចំ​បង្កើត​និយាម​នីតិវិធី​ប្រតិបត្តិ (SOP)​។ រហូត​មក​ដល់​ពេល​នេះ និយាម​នីតិវិធី​ប្រតិបត្តិ (SOP) ត្រូវ​បាន​ផ្លាស់​ប្តូរ​កែសម្រួល​ចំនួន​២​លើក​រួច​មក​ហើយ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៥ ក្រុមការងារ JCTF បាន​រៀបចំ​កិច្ចប្រជុំ​លើក​ទី​២ តាម​ប្រព័ន្ធ VTC ដើម្បី ពិភាក្សា​កែសម្រួល​លើ​និយាម​នីតិវិធី​ប្រតិបត្តិ (SOP) ដោយ​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ជា​វិជ្ជមាន​គួរ​ឱ្យ​កត់ សម្គាល់​។ ចំណែក​ចំណុច​ដែល​នៅ​សេសសល់​មួយ​ចំនួន​ទៀត ភាគី​ទាំង​ពីរ​ឯកភាព​នឹង​បន្ត​ពិភាក្សា​គ្នា​បន្ថែម ទៀត ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្រេច​និយាម​នីតិវិធី​ប្រតិបត្តិ (SOP)​។

៣-​ក្រោយ​ពី​មាន​និយាម​នីតិវិធី​ប្រតិបត្តិ (SOP) ក្រុមការងារ JCTF នឹង​បន្ត​ពិភាក្សា ដើម្បី​ឈាន​ដល់​ការ​ព្រម ព្រៀង​គ្នា​លើ​ការ​កំណត់​តំបន់​អាទិភាព និង​ទីតាំង​សាកល្បង​សម្រាប់​ការ​ដោះ​មីន​មនុស្សធម៌​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​បន្ថែម​ថា​ចំពោះ​ការ​ជូនដំណឹង​ស្តី​ពី​ការ​ដោះ​មីន​នៅ​តំបន់​ភូមិ​ជោគជ័យ (​កម្ពុជា​) ទល់មុខ​តំបន់​ភូមិ​ណ​ង​ចាន់ (​ថៃ​) និង​តំបន់​ភូមិ​ព្រៃ​ចាន់ (​កម្ពុជា​) ទល់មុខ​តំបន់​ភូមិ​ណ​ង​យ៉ា​កែវ (​ថៃ​) ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១០ ខែតុលា​ឆ្នាំ​២០២៥ នេះ ដោយ​ទីបញ្ជា​ការ​កងកម្លាំង​បូព៌ា ធ្វើ​ឡើង​មិន​ស្រប​នឹង​ស្មារតី​ដែល​បាន​សម្រេច​នៅ​ក្នុង កិច្ចប្រជុំ​ពិសេស​លើក​ទី​១ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC)​។

ដូចនេះ បញ្ជាការដ្ឋាន​កងពលតូច​ថ្មើរជើង​លេខ ៥១ ស្នើ​ឱ្យ​ទីបញ្ជាការ​កងកម្លាំង​បូព៌ា ផ្អាក​សកម្មភាព ដូចដែល​មាន​ចែង​ក្នុង​លិខិត​ជូនដំណឹង​ខាងលើ ដោយ​គោរព​តាម​ស្មារតី​នៃ​ការ​ព្រមព្រៀង​គ្នា​ក្នុង​កិច្ចប្រជុំ ពិសេស​លើក​ទី​១ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ហើយ រង់ចាំ​ការ​សម្រេច​ពី​ថ្នាក់លើ និង​តាម​បែបបទ​នីតិវិធី​ដែល​ត្រូវ​កំណត់​ដោយ​និយាម​​នីតិវិធី​ប្រតិបត្តិ (SOP) របស់​ក្រុមការងារ JCTF​។ បញ្ជាការដ្ឋាន​កងពលតូច​ថ្មើរជើង​លេខ​៥១ សង្ឃឹម​យ៉ាង​មុតមាំ​ថា ទីបញ្ជាការ​កងកម្លាំង​បូព៌ា​ទទួល បានការ​ឆ្លើយ​តប​នេះ និង​ផ្តល់​កិច្ចសហ​ការ​បាន​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ