ខេត្តស្ទឹងត្រែង៖ អគារសម័យអាណានិគមនិយមបារាំង មួយកន្លែង ដែលមានអាយុកាលជាង៩០ឆ្នាំ គ្រោងអភិរក្ស និងអភិវឌ្ឍជាសម្បត្តិវប្បធម៌ជាតិ ជាពេលខាងមុខនេះ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ នេះ បានអមដំណើរគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលដឹកនាំដោយឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការ ដើម្បីចុះពិនិត្យអគារសម័យអាណានិគមនិយមបារាំងមួយកន្លែង ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ការចុះពិនិត្យនេះធ្វើឡើងតបតាមសំណើររបស់រដ្ឋបាលខេត្ត ដែលមានបំណងអភិរក្សបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។
បើតាមរដ្ឋបាលខេត្ត, ការចុះពិនិត្យនេះមានគោលបំណងសិក្សាពីសភាពអគារបច្ចុប្បន្ន ដើម្បីពិចារណាអំពីការអភិរក្ស និងអភិវឌ្ឍជាសម្បត្តិវប្បធម៌ជាតិ។ គណៈកម្មការបច្ចេកទេសបានពិនិត្យលម្អិតពីរចនាសម្ព័ន្ធ សភាពសំណង់ និងសក្តានុពលក្នុងការបំប្លែងអគារនេះឲ្យក្លាយជាកន្លែងបង្ហាញអំពីប្រវត្តិសាស្ត្រ និងសិល្បៈសម័យអាណានិគម ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងការយល់ដឹងរបស់សាធារណជន។
សូមជម្រាបជូនថា អគារនេះត្រូវបានសាងសង់នៅឆ្នាំ ១៩៣០ ក្នុងសម័យអាណានិគមនិយមបារាំង ជាប្រភេទស៊ីណង់ថ្ម ដោយប្រើសម្ភារៈឥដ្ឋ និងស៊ីម៉ងត៍ មានបណ្តោយ ១៩.៧០ ម៉ែត្រ ទទឹង ១២.៦០ ម៉ែត្រ និងកម្ពស់ ១១ ម៉ែត្រ។
ទោះបីជាអគារនេះមានអាយុកាលជាង ៩០ ឆ្នាំក៏ដោយ ក៏វានៅតែមានសភាពរឹងមាំ និងបង្ហាញពីសំណង់បែបសម័យបារាំង ដែលជាភស្តុតាងបេតិកភណ្ឌ ដ៏សំខាន់ ជាប្រវត្តិសាស្ត្រ និងវប្បធម៌មួយក្នុងខេត្ត៕
ចែករំលែកព័តមាននេះ