ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រសួងធនធានទឹក ណែនាំមន្ត្រីក្រោមឱវាទ​ត្រៀមអន្តរាគមន៍​គ្រោះទឹកជំនន់ និង​រាំងស្ងួត​ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង

12 ម៉ោង មុន

​ ខេត្តបាត់ដំបង៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទ ​ត្រៀមអន្តរាគមន៍​គ្រោះទឹកជំនន់ និង​រាំងស្ងួត​ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដែលអាចកើតមានឡើងជាយថាហេតុ។ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក បានឱ្យដឹងថានៅថ្ងៃ​ទី៦…


ខេត្តបាត់ដំបង៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទ ​ត្រៀមអន្តរាគមន៍​គ្រោះទឹកជំនន់ និង​រាំងស្ងួត​ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដែលអាចកើតមានឡើងជាយថាហេតុ។

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក បានឱ្យដឹងថានៅថ្ងៃ​ទី៦ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​ បានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្ដាអាងទឹក និងប្រព័ន្ធធារាសាស្ត្រក្នុងអាងស្ទឹងសង្កែ ចំនួនបីទីតាំងគឺទំនប់អាងទឹកពុហបំណងបាត់ដំបង(សេកសក) អាងទឹកកំពីងពួយ និងទំនប់អាងទឹកសាលាតាអន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

បើតាមក្រសួង, បរិមាណទឹកជាក់ស្តែង គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ នៅតាមបណ្តាអាងស្ដុកទឹកសំខាន់ៗ ក្នុងខេត្តបាត់ដំបងគឺ ទី១)អាងទឹកពហុបំណងបាត់ដំបង(សេកសក) ស្ថិតក្នុងឃុំផ្លូវមាស ស្រុករតនៈមណ្ឌល មានបរិមាណទឹកប្រមាណ ១៣២លានម៉ែត្រគូប ស្មើនឹង ៩៦% នៃបរិមាណស្ដុកទឹកសរុប ១៩៣លានម៉ែត្រគូប ទី២)អាងទឹកកំពីងពួយ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ មានបរិមាណទឹកប្រមាណ ១២៦លានម៉ែត្រគូប ស្មើនឹង ៨៧%នៃបរិមាណស្ដុកទឹកសរុប ១៤៦លានម៉ែត្រគូប និងទី៣)អាងទឹកភាស ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ មានបរិមាណទឹកប្រមាណ ៣២,៤លានម៉ែត្រគូប ស្មើនឹង ១០០%នៃបរិមាណស្ដុកទឹកសរុប ៣២,៤លានម៉ែត្រគូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំក្រើនរម្លឹកបន្ថែមដល់បណ្តានាយកដ្ឋានជំនាញ ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ឱ្យបន្តការយកចិត្តទុកដាក់តាមដានស្ថានភាពទឹកនៅតាមបណ្តាអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រ ជាពិសេសពង្រឹងការគ្រប់គ្រងប្រតិបត្តិការបិទបើកទឹកតាមបច្ចេកទេសនៅតាមសំណង់ស្ទាក់ទឹក និងត្រៀមលក្ខណៈជាប្រចាំ ដើម្បីឆ្លើយតបចំពោះគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័សផងដែរ ហើយមានវិធានការថែរក្សាទឹកទុកឱ្យបានល្អ និងបំពេញទឹកក្នុងអាងឱ្យបានគ្រប់គ្រាន់។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥បានជូនដំណឹងស្ដីពីការបញ្ចប់រដូវវស្សាឆ្នាំ២០២៥ គឺនៅដើមសប្តាហ៍ទី១នៃខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហើយដែលបរិមាណទឹកភ្លៀងធ្លាក់ដែលគ្រប់ដណ្ដប់នៅទូទាំងប្រទេសនឹងមានកម្រិតថយចុះជាអតិបរមា ដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងថែរក្សាប្រភពទឹកទុកដោយស្មារតីទទួលខុសត្រូវ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ