ខេត្តកោះកុង ៖ ទូកដឹកទំនិញ១គ្រឿងចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមផ្លូវ
សមុទ្រ បានត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយក្រុមមន្ត្រីគយចល័ត បង្ក្រាប និងឆែកឆេរប្រទះឃើញកញ្ឆាក្រៀមជាង៦១គីឡូក្រាម និងសារធាតុផ្សំផ្សេងទៀតជាង ៥០០គីឡូក្រាម នៅមុខព្រែកប៉ាក់ខ្លង ភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

តាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្ត ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ទូកឈើដឹកទំនិញ១គ្រឿង ដឹកទំនិញចេញពីប្រទេសថៃតាមផ្លូវសមុទ្រចូលមកប្រទេសកម្ពុជា ហើយដោយមានសង្ស័យទើបនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១រសៀល កម្លាំងសមត្ថកិច្ចបានឆែកឆេរត្រួតពិនិត្យរាល់អីវ៉ាន់ដែលមាននៅក្នុងទូក ។
តាមការត្រួតពិនិត្យជាក់ស្តែង ឃើញមាន៖ ១-សង្ស័យជាកញ្ឆាក្រៀមចំនួន១២៤កញ្ចប់ (ធំ១២២កញ្ចប់ តូច២កញ្ចប់) ស្មើនឹង៦១,២០គីឡូក្រាម ។ ២-ម្សៅក្រាមពណ៌ស ចំនួន៤១០កញ្ចប់ធំ ស្មើនឹង៤១០គីឡូក្រាម ។ ៣-ម្សៅក្រាមពណ៌លឿង ចំនួន៤៤៩កញ្ចប់ (កញ្ចប់ធំ៤២ កញ្ចប់តូច៤០៧) ស្មើនឹង៦០,៣០គីឡូក្រាម ។ ៤-ម្សៅក្រាមពណ៌ផ្កាឈូក ចំនួន២២កញ្ចប់ធំ ស្មើនឹង២២គីឡូក្រាម ។ ៥-ម្សៅក្រាមពណ៌បៃតងស្រាល ចំនួន៦កញ្ចប់ធំ ស្មើនឹង៦គីឡូក្រាម ។
៦-ម្សៅក្រាមពណ៌ត្រាវ ចំនួន២កញ្ចប់ធំ ស្មើនឹង២គីឡូក្រាម ។ ៧-ម្សៅក្រាមពណ៌ប្រផេះ ចំនួន១០កញ្ចប់ធំ ស្មើនឹង១០គីឡូក្រាម ។ ៩-ទំនិញគ្រឿងទេសមួយចំនួន ។ ក្រោយពីកម្លាំងសមត្ថកិច្ចយកសំណាកទៅធ្វើតេស្តពិសោធឃើញថា មានកញ្ឆាក្រៀម ចំនួន ១២៤កញ្ចប់ (ធំ ១២២កញ្ចប់ និងតូច ២កញ្ចប់) ស្មើនឹង ៦១,២០គីឡូក្រាម ពិតជាកញ្ឆាប្រាកដមែន ។
ដោយឡែក ម្សៅក្រាមចំនួន៨៩៩កញ្ចប់ (ធំ ៤៩២កញ្ចប់ និងតូច ៥០៧កញ្ចប់) ស្មើនឹង ៥១០,៣០គីឡូក្រាម ពុំមានសារធាតុញៀនទេ គឺជាម្សៅសម្រាប់ធ្វើភេសជ្ជៈ ។ វត្ថុតាង ត្រូវបានយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅការិយាល័យគយ និងរដ្ឋាករប៉ាក់ខ្លង ចំណែកជនសង្ស័យ កម្លាំងសមត្ថ កិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនដើម្បីអនុវត្តតាមច្បាប់ ៕
ចែករំលែកព័តមាននេះ