ទីក្រុងវ៉ាស៊ីនតោន៖ យោធាអាមេរិកបានបើកការវាយប្រហារជាថ្មីទៅលើនាវាដែលសង្ស័យថាដឹកជញ្ជូនគ្រឿងញៀនចេញពីឆ្នេរសមុទ្រប្រទេសវេណេហ្ស៊ូអេឡាបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច៤នាក់។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក។ បើគិតទាំងលើកនេះទៀត លោកថាអាមេរិកវាយប្រហារទៅលើនាវាដឹកគ្រឿងញៀនបីដងនៅសប្ដាហ៍នេះ។
នេះជាផ្នែក១នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលោកត្រាំដើម្បីប្រើប្រាស់កម្លាំងយោធាចាត់ការទៅលើគ្រឿងញៀន។ រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្លែងបន្តទៀតថាការវាយប្រហារកាលពីថ្ងៃសុក្រនោះធ្វើឡើងនៅលើដែនសមុទ្រអន្តរជាតិ។ ជនសង្ស័យដែលត្រូវបានបាញ់សម្លាប់ទាំងនោះសុទ្ធតែជាមនុស្សប្រុស។ លោកអះអាងថានាវានោះដឹកគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ឆ្ពោះទៅប្រទេសអាមេរិកដើម្បីបំពុលប្រជាជនអាមេរិក។
រដ្ឋមន្ត្រីរូបនេះព្រមានថាយោធាអាមេរិកនឹងវាយប្រហារជាបន្តទៀតរហូតដល់ពួកឈ្មួញគ្រឿងញៀនឈប់ធ្វើបាបប្រជាជនអាមេរិកតទៅទៀត។ តាមរយៈវីឌីអូឃ្លីបរយៈពេលជិត៤០វិនាទីបង្ហោះនៅលើបណ្ដាញអ៊ិច គេឃើញនាវាមួយគ្រឿងកំពុងបើកបរនៅលើផ្ទៃសមុទ្រសុខៗស្រាប់តែគ្រាប់មីស៊ីលហោះយ៉ាងប្រសាចតម្រង់ទៅរកនាវានោះ បណ្ដាលឱ្យនាវាផ្ទុះតែម្ដង។
រដ្ឋមន្ត្រីការពារជាតិអាមេរិកបានដកស្រង់ប្រភពពីភ្នាក់ងារសម្ងាត់មកនិយាយថានាវានោះដឹកគ្រឿងញៀន។ អ្នកនៅលើនាវានោះសុទ្ធតែជា «ពួកភេរវកម្មគ្រឿងញៀន»។ លោកមិនបានបញ្ជាក់ថាតើនៅលើនាវានោះដឹកគ្រឿងញៀនអ្វីខ្លះទេ។ លោកត្រាំក៏បានបញ្ជាក់បន្ថែមផងដែរថានាវានោះដឹកគ្រឿងញៀនដែលអាចសម្លាប់មនុស្សពី២,៥ពាន់ទៅ៥ម៉ឺននាក់។ នេះបើតាមប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ