ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំថ្លែងប្រាប់អ៊ីស្រាអែលថាត្រូវឈប់ទម្លាក់គ្រាប់បែកទៅលើតំបន់ហ្កាហ្សាតទៅទៀតព្រោះក្រុមហាម៉ាស់ប្រកាសដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលនាពេលឆាប់ៗនេះ និងយល់ព្រមទទួលយកកិច្ចព្រមព្រៀងសន្តិភាពមួយផ្នែក (មានន័យថាមិនទាន់ទទួលយក១០០%ទេ)។ កាលពីមុននេះបន្តិច ក្រុមហាម៉ាស់បានប្រកាសតាមបណ្ដាញផ្សព្វផ្សាយរបស់ខ្លួនថាខ្លួនយល់ព្រមដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលដែលនៅរស់ និងប្រគល់សាកសពចំណាប់ខ្មាំងដែលបានស្លាប់។ នេះជាការឆ្លើយតបទៅតាមសំណើសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយលោកត្រាំ។
ក្រុមហាម៉ាស់ថ្លែងបន្តទៀតថាខ្លួនចង់ចរចាគ្នាបន្ថែមទៀតដើម្បីពិភាក្សាលម្អិតអំពីអ្វីដែលត្រូវធ្វើនៅជំហានបន្ទាប់។ ក្នុងនោះក៏មានគម្រោងពិភាក្សាអំពីការប្រគល់សិទ្ធិគ្រប់គ្រងផ្នែករដ្ឋបាលនៅតំបន់ហ្កាហ្សាត្រូវប្រគល់ទៅឱ្យក្រុមអ្នកបច្ចេកទេសឯករាជ្យ (មានន័យថាមិនមែនជាអ្នកនយោបាយទេ)។ ប៉ុន្តែសម្រេចសម្រួចនៅទីបញ្ចប់ ក្រុមហាម៉ាស់សូមបញ្ជាក់ឡើងវិញថាផែនការសន្តិភាពរបស់លោកត្រាំដែលមាន២០ចំណុចនោះក្រុមប៉ាឡេស្ទីនត្រូវការយកទៅពិភាក្សាគ្នាលម្អិតបន្ថែមទៀត។
ឆ្លើយតបទៅនឹងសេចក្ដីប្រកាសរបស់ក្រុមហាម៉ាស់ដូចខាងលើនេះ លោកត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) ដោយបង្ហាញជំនឿយ៉ាងមុតមាំថាក្រុមហាម៉ាស់និយាយដូច្នេះមានន័យថាពួកគេត្រៀមខ្លួនទទួលយកសន្តិភាពជាអចិន្ត្រៃយ៍។ ដូច្នេះ លោកសូមអំពាវនាវទៅអ៊ីស្រាអែលត្រូវបញ្ឈប់ការទម្លាក់គ្រាប់បែកទៅលើតំបន់ហ្កាហ្សាដើម្បីឱ្យចំណាប់ខ្មាំងវិលត្រឡប់មកវិញដោយសុវត្ថិភាព និងដោយឆាប់រហ័ស។
លោកសរសេររៀបរាប់បន្តទៀតថាបើសិនដោះលែងចំណាប់ខ្មាំងនៅក្នុងស្ថានភាពនេះ (នៅពេលទម្លាក់គ្រាប់បែក) ពោរពេញដោយគ្រោះថ្នាក់ខ្លាំងណាស់។ យើងកំពុងពិភាក្សាគ្នាលម្អិតដើម្បីរកវិធីដោះស្រាយ។ បញ្ហានេះមិនមែនពាក់ព័ន្ធតែតំបន់ហ្កាហ្សាប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធនឹងសន្តិភាពនៅតំបន់មជ្ឈិមបូព៌ាទាំងមូលដែលប្រទេសនានាប្រាថ្នាចង់បានជាយូរមកហើយ។
សភាពការណ៍វិវត្តថ្មីនេះកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកត្រាំកំណត់ឱសានវាទត្រឹមថ្ងៃសៅរ៍ក្រុមហាម៉ាស់ត្រូវតែឆ្លើយតបចំពោះផែនការសន្តិភាពរបស់លោកដែលត្រូវបានគាំទ្រដោយក្រុមប្រទេសអារ៉ាប់។ លោកត្រាំ និងលោកណឺតាន់យ៉ាហ៊ូបានប្រកាសអំពីផែនការសន្តិភាពនេះនៅពេលលោកទាំង២ជួបគ្នានៅសេតវិមានកាលពីថ្ងៃចន្ទ។
អ៊ីស្រាអែលយល់ព្រមទទួលយកលក្ខខណ្ឌនៃផែនការសន្តិភាពនេះ។ ក្នុងចំណោមកិច្ចព្រមពៀងនោះមានការទទួលយកបទឈប់បាញ់, ការដោះលែងចំណាប់ខ្មាំងទាំងអស់, ការកាត់រំសាយអាវុធរបស់ក្រុមហាម៉ាស់, ការធានាឱ្យបានថាជនជាតិប៉ាឡេស្ទីនមិនត្រូវគេបង្ខំឱ្យចាកចេញពីតំបន់ហ្កាហ្សា និងការបង្កើត «គណៈកម្មការសន្តិភាព» ដើម្បីគ្រប់គ្រងផ្នែករដ្ឋបាលទៅលើតំបន់ហ្កាហ្សា។ ក្នុងនោះ គេដឹងថាអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកតូនី ប្ល៊ែ (Tony Blair) ក៏ជាសមាជិកគណៈកម្មការនេះផងដែរ។
សព្វថ្ងៃនេះ អ៊ីស្រាអែលប៉ាន់ស្មានថានៅសល់ចំណាប់ខ្មាំងសរុប៤៨នាក់នៅក្នុងដៃរបស់ក្រុមហាម៉ាស់។ នៅក្នុងចំណោមនោះ អ្នកនៅរស់មានប្រហែលម្ភៃនាក់។ ក្រុមហាម៉ាស់ប្រកាសត្រៀមខ្លួនចូលតុចរចាដោយប្រយោលដោយមានប្រទេសទីបីធ្វើជាអន្តរការី។ ហាម៉ាស់ថាខ្លួនសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងពីសំណាក់ប្រទេសអារ៉ាប់, ប្រទេសកាន់សាសនាឥស្លាម, សហគមន៍អន្តរជាតិ និងលោកត្រាំ។ កុ្រមហាម៉ាស់សូមបញ្ជាក់ជាថ្មីថាខ្លួននឹងមិនព្រមទម្លាក់អាវុធចុះជាដាច់ខាតលុះត្រាតែអ៊ីស្រាអែលឈប់ត្រួតត្រាតំបន់ហ្កាហ្សា។ នេះបើតាមប្រភពពីទូរទស្សន៍ស្កាយញូស៍ (Sky News) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ