ទីក្រុងប៉ារីស៖ អតីតប្រធានាធិបតីបារាំង លោកសាកូហ្ស៊ី ត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាការ៥ឆ្នាំបន្ទាប់ពីរកឃើញថាលោកមានពិរុទ្ធភាពនៅក្នុងការរួមគំនិតប្រព្រឹត្តអំពើមិនស្អាតស្អំនៅក្នុងពេលឃោសនាបោះឆ្នោតឆ្នាំ២០០៧។ តុលាការរកឃើញថាលោកសាកូហ្ស៊ីឃុបឃិតគ្នាដើម្បីទទួលប្រាក់ពីរដ្ឋាភិបាលលីប៊ីយកមកឃោសនាបោះឆ្នោតដែលលីប៊ីកាលណោះក្រោមការដឹកនាំរបស់លោកកាដាហ្វ៊ី។
សេចក្ដីសម្រេចរបស់តុលាការនៅថ្ងៃនេះបានបង្កើតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម័យទំនើបរបស់បារាំងដែលអតីតប្រធានាធិបតីមួយរូបមានទោសនៅក្នុងសំណុំរឿងព្រហ្មទណ្ឌ។ តុលាការសម្រេចថាលោកសាកូហ្ស៊ីត្រូវតែជាប់ឃុំនៅក្នុងពន្ធនាគារទោះបីលោកប្រកាសថានឹងប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ក៏ដោយ។ តុលាការប្រកាសថាពេលវេលាឃុំឃាំងលោកសាកូហ្ស៊ីនឹងប្រកាសឱ្យដឹងនៅពេលក្រោយ។
តុលាការរកឃើញថាលោកសាកូហ្ស៊ីមានទោសពីបទរៀបចំផែនការសម្ងាត់ចាប់ពីឆ្នាំ២០០៥-២០០៧នៅពេលលោកទទួលលុយពីរដ្ឋាភិបាលលីប៊ីដើម្បីឃោសនាបោះឆ្នោត។ ជាថ្នូរត្រឡប់មកវិញ បើលោកឈ្នះឆ្នោត លោកនឹងជួយរដ្ឋាភិបាលលីប៊ីផ្នែកការទូតនៅលើឆាកអន្តរជាតិ។ តាមពិត លោកសាកូហ្ស៊ីត្រូវបានចោទប្រកាន់ច្រើនជាងនេះ។ ប៉ុន្តែតុលាការទម្លាក់ចោលការចោទប្រកាន់បីករណីផ្សេងទៀត។ ក្នុងនោះមានអំពើពុករលួយ, ការទទួលបានប្រាក់សម្រាប់ឃោសនាបោះឆ្នោតដោយខុសច្បាប់ និងការលាក់បាំងការកេងបន្លំថវិកាសាធារណៈ។
លោកសាកូហ្ស៊ីបានបញ្ចេញប្រតិកម្មតបទៅនឹងសេចក្ដីសម្រេចរបស់តុលាការ។ លោកថាបើពួកគេពិតជាចង់ឱ្យលោកជាប់ពន្ធនាគារមែន លោកក៏សុខចិត្តធ្វើតាមបំណងរបស់ពួកគេដែរ។ ប៉ុន្តែលោកនៅតែប្រកាន់ជំហរដដែលថាលោកជាមនុស្សគ្មានទោស។ ភាពអយុត្តិធម៌នេះក្លាយជារឿងអាស្រូវហើយ។ លោកសូមស្នើសុំទៅប្រជាជនបារាំងទោះបីពួកគេធ្លាប់បោះឆ្នោតឱ្យលោក ឬមិនបោះឆ្នោតឱ្យ, ទោះបីគាំទ្រ ឬមិនគាំទ្រលោកយ៉ាងណាក្ដី ត្រូវតាមឱ្យទាន់នូវអ្វីដែលទើបតែកើតឡើងនេះ។ សេចក្ដីស្អប់ពិតជាគ្មានដែនកំណត់មែន។
តុលាការចាត់ទុកទង្វើរបស់លោកសាកូហ្ស៊ីនៅក្នុងពេលនោះមានចរិតលក្ខណៈធ្ងន់ធ្ងរជាទីបំផុត។ ការដែលលោកជាប់ពាក់ព័ន្ធនឹងការប្រមូលថវិកាសម្រាប់ឃោសនាបោះឆ្នោតពីរដ្ឋាភិបាលលីប៊ីអាចចាត់ទុកថាជាការបំផ្លាញទំនុកចិត្តរបស់ប្រជាជនបារាំងទៅលើស្ថាប័នជាតិ។ តុលាការសរសេររៀបរាប់បន្តទៀតថាគោលដៅនៃអំពើឃុបឃិតគ្នានោះដើម្បីតែលោកសាកូហ្ស៊ីមានប្រៀបនៅក្នុងការឃោសនាបោះឆ្នោតតែប៉ុណ្ណោះ។
សូមរំលឹកថាលោកសាកូហ្ស៊ីមុនពេលជាប់ឆ្នោតជាប្រធានាធិបតីបារាំង លោកធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីមហាផ្ទៃ។ តុលាការអះអាងថាលោកសាកូហ្ស៊ីបានប្រើប្រាស់តួនាទីនេះដើម្បីប្រព្រឹត្តអំពើពុករលួយ។ នេះជាការប្រព្រឹត្តអំពើពុករលួយពីសំណាក់មន្ត្រីជាន់ខ្ពស់បំផុត។ ប៉ុន្តែលោកសាកូហ្ស៊ីអះអាងថាការចោទប្រកាន់ពាក់ព័ន្ធនឹងការឃុបឃិតទទួលប្រាក់នោះគ្រាន់តែជាការគិតតែប៉ុណ្ណោះ (ជាគម្រោងការ និងមិនទាន់ចេញជារូបរាងពិតប្រាកដទេ)។
នៅក្នុងការប្រកាសសេចក្ដីសម្រេចនោះ តុលាការមិនបានបញ្ជាក់ឱ្យច្បាស់ថាក្រុមឃោសនាបោះឆ្នោតរបស់លោកសាកូហ្ស៊ីបានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលលីប៊ីហើយឬនៅ។ ប៉ុន្តែនៅក្នុងច្បាប់របស់បារាំងគ្រាន់តែគិតក៏អាចមានទោសដែរទោះបីប្រាក់នោះបានធ្លាក់ ឬមិនបានធ្លាក់ទៅដល់ដៃរបស់លោកសាកូហ្ស៊ី ឬបក្សពួករបស់គាត់ ឬបើសិនធ្លាក់ដល់ដៃមែន ប៉ុន្តែគ្មានភស្តុតាងបញ្ជាក់ក៏ដោយ។ សំខាន់ធាតុផ្សំនៃបទល្មើសគឺលោកសាកូហ្ស៊ីគាំទ្រ ឬចូលរួមនៅក្នុងផែនការសម្ងាត់នេះនេះ។
លោកថាលោកត្រូវតុលាការរកឃើញពិរុទ្ធភាពដោយគ្រាន់តែប្រាប់ឱ្យបុគ្គលិករបស់លោក២នាក់បន្តអនុវត្តផែនការនេះ (ទទួលលុយពីរដ្ឋបរទេសដើម្បីឃោសនាបោះឆ្នោត)។ តុលាការរកឃើញថាមនុស្សជំនិតបំផុតរបស់លោកសាកូហ្ស៊ី២នាក់កាលដែលលោកនៅកាន់តំណែងជាប្រធានាធិបតីក៏មានទោសផងដែរពីបទពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ។ ប៉ុន្តែបទចោទប្រកាន់ដទៃទៀតត្រូវតុលាការទម្លាក់ចោលវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអេភី និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ