រាជធានីភ្នំពេញ៖ អ្នកកាសែតដ៏ល្បីរបស់អង់គ្លេស លោកស្រី Angela Rippon សន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក មកទស្សនាឱ្យបានច្រើនឡើងថែមទៀត។
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែកញ្ញានេះ បានឱ្យដឹងថា នាល្ងាចម្សិលមិញ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Angela Rippon ដែលជាអ្នកសារព័ត៌មានដ៏ល្បីល្បាញនៅចក្រភពអង់គ្លេស និងពិភពលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក៏ដូចជាជម្រាបពីចំណាប់អារម្មណ៍របស់លោកស្រី ក្នុងអំឡុងពេលថតភាពយន្តឯកសារពីប្រទេសកម្ពុជា នៅលើនាវាទេសចរណ៍ខ្នាតអន្តរជាតិលំដាប់ផ្កាយ៥ Scenic Spirit។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីដែលបានជ្រើសរើសថតភាពយន្តឯកសារពីប្រទេសកម្ពុជា ជាពិសេសបានផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ដ៏សម្បូរបែប រួមទាំងបេតិកភណ្ឌពិភពលោកគឺប្រាសាទអង្គរវត្ត បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។
ក្នុងគ្រោះនោះដែរ លោកស្រី Angela Rippon បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់លោកស្រី ដែលលោកស្រី ពិតជាមានកិច្ចសោមន្ស និងរីករាយយ៉ាងខ្លាំងក្នុងដំណើរទេសចរណ៍របស់លោកស្រីក្នុងប្រទេសកម្ពុជានាពេលនេះ ពិសេសគឺបានធ្វើដំណើរគ្រប់ទីកន្លែងចាប់ពីជនបទដល់ទីក្រុងព្រមទាំងការជិះរឺម៉កទស្សនារាជធានីភ្នំពេញនាពេលរាត្រីផងដែរ។
លើសពីនេះទៅទៀត លោកស្រី បានកោតសរសើរពីប្រទេសកម្ពុជា ដែលមានប្រវត្តិសាស្រ្ត និងសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យ ជាមួយស្នាមញញឹមរួសរាយរបស់ប្រជាជន ដែលលោកស្រីបានកោតសរសើរថា “ព្រះរាជាណាចក្រនៃស្នាមញញឹម” និង “ជាទីកន្លែងដែលអស្ចារ្យសម្រាប់ការធ្វើទេសចរណ៍”។
លោកស្រី ពិតជាបាននាំយកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន និងបទពិសោធល្អៗ ពីប្រទេសកម្ពុជា ផ្សព្វផ្សាយដល់ក្រុមគ្រួសារ សហការី និងប្រជាជនអង់គ្លេស ដើម្បីមកទស្សនាកម្ពុជាឱ្យបានច្រើនឡើងថែមទៀត៕
ចែករំលែកព័តមាននេះ