លទ្ធផលប្រឡងបាក់ឌុបក្នុងខេត្តកំពង់ធំ ជាប់និទ្ទេស A ចំនួន៨២ នាក់
ខេត្តកំពង់ធំ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងខេត្តកំពង់ធំ ជាប់និទ្ទេស A ចំនួន៨២ នាក់ ក្នុងនោះស្រី ៥៤…
ខេត្តកំពង់ធំ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងខេត្តកំពង់ធំ ជាប់និទ្ទេស A ចំនួន៨២ នាក់ ក្នុងនោះស្រី ៥៤…
ខេត្តកំពង់ធំ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងខេត្តកំពង់ធំ ជាប់និទ្ទេស A ចំនួន៨២ នាក់ ក្នុងនោះស្រី ៥៤ នាក់។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញបើកកញ្ចប់បញ្ជីលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នៅវិទ្យាល័យកំពង់ធំ និងដើម្បីធ្វើការប្រគល់ជូនដល់ មណ្ឌលប្រឡងទាំង១១ មណ្ឌលក្នុងខេត្តកំពង់ធំ ដើម្បីធ្វើការបិទផ្សាយជូនបេក្ខជនផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន ចូលរួមអបអរសាទរដល់ក្មួយៗជាបេក្ខជនទាំងអស់គ្នា ដែលទទួលបានលទ្ធផលជោគជ័យ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ ។ នៅខេត្តកំពង់ធំ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៨២ នាក់ ព្រមទាំងលើកទឹកចិត្តដល់ក្មួយៗ ដែលមិនទាន់ទទួលបានលទ្ធផលដូចបំណង កុំមានការបាក់ទឹកចិត្ត និងបន្តខិតខំព្យាយាមបន្តការសិក្សាបន្ថែមទៀត និងអាចរៀនជំនាញបន្ថែមនៅសាលាពហុបច្ចេកទេសបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ធំ ដែលមានជំនាញជាច្រើន ស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន។
ឯកឧត្តម នួន ផារ័ត្ន បានបន្ថែមទៀតថា ចំពោះការកើនឡើងនៃការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលនេះ មិនមែនដោយសារវិញ្ញាសាស្រួលនោះទេ គឺដោយសារការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ បានល្អប្រសើរជាងមុន ។ ហើយចំពោះប្អូនៗដែលនឹងត្រូវចូលសិក្សាថ្នាក់ទី១២ ត្រូវខិតខំរៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ ប្រឡងជាប់គ្រប់ៗគ្នា ដើម្បីសម្រេចជោគវាសនារបស់ខ្លួន។
ជាលទ្ធផលប្រឡងបាក់ឌុបក្នុងខេត្តកំពង់ធំ A ៨២ នាក់ស្រី ៥៤ នាក់ និទ្ទេស B ៣៣១ នាក់ស្រី ២០៧ នាក់ និទ្ទេស C ១.២៧៤ នាក់ ស្រី ៨២៥ នាក់និទ្ទេស D ២០៤៦ នាក់ ស្រី ១.២៤៩ នាក់និទ្ទេស E ១.៤០០ នាក់ ស្រី ៧០២ នាក់៕
ចែករំលែកព័តមាននេះ