ទីក្រុងបាងកក ៖ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណជាង ៦,៤លាននាក់ពីប្រទេសចំនួន ៩ នៅអាស៊ីអាគ្នេយ៍ អំឡុងពេល៨ខែដំបូង នៃឆ្នាំនេះ ពោលធ្លាក់ចុះ ៩,៤% ចំពេលមានការព្រួយបារម្ភអំពីសុវត្ថិភាព និងអស្ថិរភាពនយោបាយ។
របាយការណ៍ពីកាសែតបាងកកប៉ុស្តិ៍ឱ្យដឹងថា ប្រទេសម៉ាឡេស៊ីនាំមុខគេចំនួន ៣លាននាក់មកកាន់ប្រទេសថៃ បន្ទាប់មកឡាវ ៦៣ម៉ឺននាក់ និងសិង្ហបុរី ៦១២ ០០០នាក់ តាមក្រោយដោយឥណ្ឌូណេស៊ី ៥៥ម៉ឺននាក់ និងវៀតណាម ៤៨២ ០០០នាក់។ ចំណែកឯភ្ញៀវមកពីប្រទេសមីយ៉ាន់ម៉ា និងហ្វីលីពីន ឃើញការកើនឡើង ១៨,៨% និង ២២,៤% រៀងខ្លួន។
បញ្ហាប្រឈមជាបន្តបន្ទាប់ ចាប់តាំងពីដើមឆ្នាំនេះ ដូចជា ការចាប់ពង្រត់តារាសម្ដែងចិន លោក Xing Xing ការរញ្ជួយដីដ៏សាហាវនៅក្នុងប្រទេសមីយ៉ាន់ម៉ារង្គើដល់ថៃដែលនៅជិតខាង និងការប៉ះទង្គិចតាមព្រំដែនជាមួយប្រទេសកម្ពុជា បានបន្សល់ទុកនូវផលប៉ះពាល់អវិជ្ជមានដល់វិស័យទេសចរណ៍របស់ប្រទេសថៃ។
បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ថៃ ដែលត្រូវបានចាត់ទុកជាប្រទេសមហាអំណាចទេសចរណ៍នៅអាស៊ីអាគ្នេយ៍ បានទទួលភ្ញៀវទេសចរបរទេសសរុបចំនួន ២២,៣៩លាននាក់ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ពោលធ្លាក់ចុះ ៧,១១% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
កាលពីខែសីហាកន្លងទៅ ទីភ្នាក់ងាររៀបចំផែនការរដ្ឋរបស់ប្រទេសថៃបានទម្លាក់ការព្យាករណ៍របស់ខ្លួន សម្រាប់ការមកដល់នៃវត្តមានភ្ញៀវទេសចរបរទេសនៅឆ្នាំនេះ មកនៅត្រឹម ៣៣លាននាក់ បើធៀបនឹងការព្យាករណ៍ពីមុន ៣៧លាននាក់។ ដ្បិតប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសជិត ៤០លាននាក់នៅក្នុងឆ្នាំ ២០១៩ មុនពេលការផ្ទុះការរាតត្បាតនៃជំងឺកូវីដ-១៩៕ ប្រភព ៖ VnExpress
ចែករំលែកព័តមាននេះ