ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​-​អង់គ្លេស ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​ជា​ប្រវត្តិសាស្ត្រ​តម្លៃ ៣៤០​ពាន់​លាន​ដុល្លារ

3 ម៉ោង មុន

ចក្រភព​អង់គ្លេស ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) និង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក…

ចក្រភព​អង់គ្លេស ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) និង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក ខៀ​រ ស្តារ​ម័​រ (Keir Starmer) កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិនិយោគ​បច្ចេកវិទ្យា​ជាមួយ​តម្លៃ​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ ៣៤០​ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បាន​ហៅ​ថា «​កិច្ចព្រមព្រៀង​វិបុលភាព​បច្ចេកវិទ្យា​» ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​បញ្ញា​សិប្បនិមិត្ត AI កុំព្យូទ័រ​កង់​ទិច (​បច្ចេកវិទ្យា​ពហុ​ជំនាញ​) និង​ថាមពល​នុយក្លេអ៊ែរ​។

កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក ត្រាំ ទៅ​កាន់​ចក្រភព​អង់គ្លេស​។ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា កញ្ចប់​វិនិយោគ​ដ៏​សំខាន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ចក្រភព​អង់គ្លេស ដោយ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​អា​មេ​រិ​ក និង​ចក្រភព​អង់គ្លេស​ក្នុង​វិស័យ​ដូច​ជា AI កុំព្យូទ័រ​កង់​ទិច និង​ថាមពលនុយក្លេអ៊ែរ​។

លោក​ថ្លែង​ថា កិច្ចព្រមព្រៀង និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​វិនិយោគ​បាន​បំបែក​កំណត់​ត្រា​កិច្ចព្រមព្រៀង​ពី​មុន​ទាំងអស់ ដែល​មាន​តម្លៃ​សរុប​ប្រហែល ៣៤០​ពាន់​លាន​ដុល្លារ និង​ជា​កញ្ចប់​វិនិយោគ​ដ៏​ធំ​បំផុត​នៅ​ចក្រភព​អង់គ្លេស​ដែល​មិន​ធ្លាប់​មាន និង​បាន​កត់​សម្គាល់ថា​ជា​កិច្ចព្រមព្រៀង​ដ៏​អស្ចារ្យ​។

កិច្ចព្រមព្រៀង​នេះ តំណាង​ឱ្យ​កញ្ចប់​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ដោយ​សាជីវកម្ម​សហរដ្ឋអាមេរិក​បាន​សន្យា​ថា​នឹង​វិនិយោគ​ប្រាក់ ២០៤​ពាន់​លាន​ដុល្លារ នៅ​ចក្រភព​អង់គ្លេស​។ គ្រាន់តែ​ក្រុមហ៊ុន​អា​មេ​រិ​ក Blackstone តែ​មួយ​នឹង​វិនិយោគ​ដល់ ១២២​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​។ ចំណែក​ក្រុមហ៊ុន​ឱសថ​អង់គ្លេស GlaxoSmithKline ក៏​បាន​សន្យា​ថា​នឹង​វិនិយោគ​ប្រហែល ៤០​ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក​។ ទោះ​យ៉ាងណា​ក៏​ដោយ តួលេខ​វិនិយោគ​ដែល​នៅ​សេសសល់​មិន​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​លម្អិត​នោះ​ទេ​។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ក៏​បាន​គូសបញ្ជាក់​ថា កញ្ចប់​នៃ​កិច្ចព្រមព្រៀង​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា AI ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​វិនិយោគ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​ដូច​ជា Nvidia, Nscale, OpenAI, Google និង Salesforce ជាដើម ដោយ​រំពឹង​ថា​នឹង​បង្កើត​ការងារ​ប្រហែល ១៥ ០០០​កន្លែង​នៅ​អង់គ្លេស​ក្នុង​ឆ្នាំ​ខាង​មុខ​នេះ​។ ជាមួយ​គ្នា​នោះ លោក​ក៏​រំលេច​ថា កញ្ចប់​នេះ​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ថាមពលនុយក្លេអ៊ែរ​ស៊ី​វិល ជាមួយ​ផែនការ​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​កម្រិត​ខ្ពស់​ចំនួន ១២ នៅ​ភាគ​ឦសាន អង់គ្លេស ដើម្បី​ផ្តល់​អគ្គិសនី​ដល់​ផ្ទះ និង​អាជីវកម្ម​រាប់​លាន​។ នេះ​នឹង​ជួយ​កាត់​បន្ថយ​ថ្លៃដើម​នៃ​ការ​រស់នៅ និង​បង្កើន​សន្តិសុខ​ថាមពល​នៅ​សងខាង​នៃ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ផង​ដែរ​។

ក្រឡេក​ទៅ លោក​ប្រធានាធិបតី ត្រាំ បាន​បញ្ជាក់​សា​ជា​ថ្មី​ថា ទំនាក់ទំនង​រវាង​អា​មេ​រិ​ក និង​ចក្រភព​អង់គ្លេស គឺ​ពិសេស និង មិន​អាច​បំបែក​បាន​ឡើយ ដោយ​លោក​ថ្លែង​ដូច្នេះ​ថា «​យើង​ចូលរួម​ជា​រៀង​រហូត ហើយ​យើង​ជា​មិត្ត​ជា​រៀង​រហូត ហើយ​យើង​នឹង​ជា​មិត្ត​នឹង​គ្នា​ជា​និច្ច​»៕ ដកស្រង់ ៖ Reuters, Fox News និង Znews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ