សម្រាប់ស្ត្រីដែលកំពុងមានផ្ទៃពោះ ប្រហែលជាមានការបារម្ភអំពីបញ្ហាសុខភាពជាច្រើន ហើយជំងឺឫសដូងបាតក៏ជាផ្នែកមួយក្នុងចំណោមនោះដែរ។ យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ជំងឺឫសដូងបាតកើតមានលើស្ត្រីមានផ្ទៃពោះប្រមាណ ៨% ទៅ ៣៨% ហើយក្រោយពេលសម្រាល ស្រ្តីប្រមាណ ២០% អាចមានរោគសញ្ញានៃជំងឺនេះ។
អ្វីទៅជាជំងឺឫសដូងបាត?
ជំងឺឫសដូងបាតគឺជាការរីកប៉ោងនៃសរសៃឈាមនៅរន្ធគូថ។ នៅក្នុងអំឡុងពេលមានផ្ទៃពោះ ការប្រែប្រួលអ័រម៉ូន, សម្ពាធឈាមកើនឡើង និងការទល់លាមកញឹកញាប់ គឺជាមូលហេតុចម្បងដែលធ្វើឱ្យឫសដូងបាតរីកហើម និងងាយហូរឈាម។ លើសពីនេះ ការប្រឹងសម្រាលកូនក៏អាចបណ្តាលឱ្យឫសដូងបាតលៀនចេញមកក្រៅផងដែរ។
កត្តាហានិភ័យ និងរោគសញ្ញា
កត្តាប្រឈម:
- ការទល់លាមក: ការប្រឹងខ្លាំងពេលបត់ជើងធំអាចធ្វើឱ្យឫសដូងបាតរីកប៉ោង។
- ការសម្រាលយឺតពេល ឬកូនធំ: ទាំងនេះជាកត្តាដែលបង្កើនហានិភ័យនៃជំងឺឫសដូងបាត ជាពិសេសប្រភេទខាងក្រៅ។
- ប្រភេទនៃការសម្រាល: ជំងឺឫសដូងបាតខាងក្រៅកើតមានតែ ៤% លើការសម្រាលដោយវះកាត់ ប៉ុន្តែឡើងដល់ ២០% លើការសម្រាលដោយធម្មជាតិ។ ទោះជាយ៉ាងណា ការមានជំងឺនេះមិនតម្រូវឱ្យសម្រាលដោយវះកាត់នោះទេ។
រោគសញ្ញា:
- ហើម និងឈឺ: រោគសញ្ញាដែលជួបញឹកញាប់បំផុតក្រោយសម្រាលគឺ ការប៉ោងហើមនៅរន្ធគូថ។ ការឈឺចាប់នឹងស្រកទៅវិញក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ ហើយដុំហើមនឹងបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយមក។
- លៀនចេញ: ក្នុងករណីខ្លះ សរសៃឈាមអាចលៀនចេញមកក្រៅ។
ប្រសិនបើអ្នកមានរោគសញ្ញាណាមួយដែលបានរៀបរាប់ខាងលើ សូមកុំទុកយូរ។ អ្នកគួរតែទៅពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ។ ការយកចិត្តទុកដាក់ទាន់ពេល គឺជាគន្លឹះដើម្បីសុខភាពល្អទាំងម្តាយ និងកូន៕
ចែករំលែកព័តមាននេះ