ប្រទេសវៀតណាម ៖ បណ្តាឈ្មួញអង្ករនៅក្នុងប្រទេសវៀតណាម កំពុងតែរក្សាការទិញរបស់ពួកគេពីកសិករក្នុងបរិមាណតិចតួចបំផុត បន្ទាប់ពីប្រទេសហ្វីលីពីនដែលជាទីផ្សារនាំចេញដ៏សំខាន់បានផ្អាកការនាំចូលអង្ករទាំងអស់។
ប្រភពពីសារព័ត៌មានវៀតណាម VnExpress នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ឈ្មួញម្នាក់ស្ថិតក្នុងខេត្តអាងយ៉ាង (An Giang) ដែលជាតំបន់ដាំដុះស្រូវដ៏សំខាន់មួយរបស់ប្រទេសវៀតណាម បានទិញអង្ករតែប៉ុន្មានតោនប៉ុណ្ណោះ កាលពីសប្តាហ៍មុន បើធៀបនឹងរាប់រយតោនដែលធ្លាប់ទិញជាធម្មតា។ ស្របពេលបណ្តាក្រុមហ៊ុននាំចេញក៏កំពុងប្រុងប្រយ័ត្នខ្ពស់ក្នុងការជួញដូរផងដែរ។ តួយ៉ាង នាយកផ្នែកអង្កររបស់ក្រុមហ៊ុននាំចេញមួយក្នុងស្រុក បានអះអាងថា តម្លៃអង្ករនៅទាប ប៉ុន្តែក្រុមហ៊ុនមិនហ៊ានទិញចូលច្រើននោះទេ។
ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ប្រទេសហ្វីលីពីន ដែលជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់វៀតណាម បានសម្រេចផ្អាកការទិញរយៈពេល៦០ថ្ងៃ ដើម្បីការពារកសិករក្នុងស្រុក ខណៈដែលហ្វីលីពីនជាធម្មតាមានចំណែកច្រើនជាង ៤០% នៃការនាំចេញអង្ករសរុបរបស់វៀតណាម។
រហូតមកទល់ពេលនេះ អាជ្ញាធរមូលដ្ឋានបានណែនាំបណ្តាក្រុមហ៊ុននាំចេញឱ្យសង្កេតដោយការប្រុងប្រយ័ត្ន ចំពេលមានភាពមិនប្រាកដប្រជាជាសាកល។ នៅក្នុងខេត្តលង់ហោរ (Vinh Long) ដែលជាតំបន់ដីសណ្តទន្លេមេគង្គ និងជាកន្លែងដែលក្រុមហ៊ុនជាច្រើននាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីននោះ ត្រូវបាននាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹងជាបន្ទាន់ ដោយប្រាប់ពួកគេឱ្យអត់ធ្មត់ និងឃ្លាំមើលការអភិវឌ្ឍន៍ទីផ្សារ ក៏ដូចជាបានណែនាំពួកគេឱ្យធ្វើការពង្រីកមុខព្រួញទីផ្សារផ្សេងទៀត ដើម្បីកាត់បន្ថយហានិភ័យ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ មិញជិញ (Pham Minh Chinh) កាលពីថ្ងៃទី៩ ខែកញ្ញា កន្លងទៅ បានអំពាវនាវឱ្យមានការធ្វើពិពិធកម្ម ឬពង្រីកមុខព្រួញទីផ្សារ ដើម្បីធានាសន្តិសុខស្បៀង ចំពេលមានការប្រែប្រួលនៃការនាំចេញអង្ករ។ បន្ថែមពីនេះទៀត លោកក៏បានណែនាំធនាគាររដ្ឋពង្រីកឥណទានសម្រាប់សហគ្រាសពាក់ព័ន្ធនឹងការផលិត និងពាណិជ្ជកម្មអង្ករ ព្រមទាំងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីធានាការពង្រីកមុខព្រួញទីផ្សារទៅកាន់ប្រទេសមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម ដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម។
យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា គិតត្រឹមរយៈពេល៨ខែដំបូងនៃឆ្នាំនេះ ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ៦,៣លានតោន គិតជាទឹកប្រាក់ចំនួន ៣,១៧ពាន់លានដុល្លារអាមេរិក។ បរិមាណនៃការនាំចេញបានកើនឡើងបន្តិច ប៉ុន្តែតម្លៃបានធ្លាក់ចុះជិត ១៨%។ ហ្វីលីពីនបានទិញអង្ករវៀតណាមចំនួន ២,៦លានតោន ដោយនៅតែបន្តឈរជាអ្នកទិញធំជាងគេ៕

ចែករំលែកព័តមាននេះ