ទីក្រុងកៀវ៖ យប់មិញ និងថ្ងៃនេះ រុស្ស៊ីពន្លះអ៊ុយក្រែនមួយអស់ដៃតែម្ដងដោយប្រើប្រាស់ដ្រូនជាង៨០០គ្រឿង។ នេះជាការវាយប្រហារដ៏ធំបំផុតមិនធ្លាប់មាន។ មានន័យថាចំនួនដ្រូន និងមីស៊ីលដែលបញ្ជូនទៅវាយប្រហារនោះកាន់តែច្រើនឡើងៗជាលំដាប់។ អាជ្ញាធរអ៊ុយក្រែនអះអាងថារដ្ឋធានីកៀវរងការវាយប្រហារខ្លាំងជាងគេដោយដ្រូន និងមីស៊ីលបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច២នាក់ និងបង្កជាផ្សែងដ៏ខ្មៅងងឹតហុយទ្រលោមចេញពីដំបូលអគាររដ្ឋាភិបាល។
មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនបញ្ជាក់ថារុស្ស៊ីបញ្ជូនដ្រូនពិត និងដ្រូនបញ្ឆោតសរុប៨០៥គ្រឿង។ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោកយូរី អ៊ីណាត់ (Yuriy Ihnat) ប្រាប់ទីភ្នាក់ងារព័ត៌មានអេភី (AP) ថាការវាយប្រហារនៅថ្ងៃអាទិត្យនេះមានលក្ខណៈខ្លាំងក្លាជាងពេលណាៗទាំងអស់ចាប់តាំងពីសង្គ្រាមផ្ទុះឡើងដំបូងកាលពីឆ្នាំ២០២២។ ក្រៅពីដ្រូន រុស្ស៊ីក៏បានបាញ់មីស៊ីល១៣គ្រាប់ផងដែរ។
អ៊ុយក្រែនអះអាងថាខ្លួនបាញ់ទម្លាក់ដ្រូន៧៤៧គ្រឿង និងមីស៊ីល៤គ្រាប់។ ដូច្នេះនៅសល់មីស៊ីល៩គ្រាប់ និងដ្រូន៥៦គ្រឿងហោះទៅវាយប្រហារទីតាំង៣៧កន្លែងនៅទូទាំងប្រទេសអ៊ុយក្រែន។ អំបែងរបស់ដ្រូន និងមីស៊ីលដែលត្រូវបានអ៊ុយក្រែនបាញ់ឆេះនោះបានធ្លាក់ទៅចំទីតាំង៨កន្លែង។ អ្នករាយការណ៍ព័ត៌មានរបស់អេភី (AP) មើលឃើញដោយផ្ទាល់ភ្នែកនូវផ្សែងដ៏ខ្មៅងងឹតដែលហោះខ្មួលខ្មាញ់ចេញពីដំបូលអគារទីស្ដីការគណៈរដ្ឋមន្ត្រី។
គេមិនទាន់ដឹងច្បាស់ថាតើផ្សែងនោះកើតឡើងដោយសារមីស៊ីលបាញ់ត្រូវចំអគារ ឬក៏ដោយសារអំបែងគ្រាប់មីស៊ីលដែលនៅសល់ពីការបាញ់ធ្លាក់របស់ទ័ពអាកាសអ៊ុយក្រែន។ ប៉ុន្តែបើរុស្ស៊ីវាយប្រហារដល់អគាររដ្ឋាភិបាលបែបនេះមានន័យថាសង្គ្រាមនឹងបន្តឆាបឆេះកាន់តែខ្លាំង។ កាលពីពេលកន្លងមក រុស្ស៊ីមិនងាយវាយប្រហារអគាររបស់រដ្ឋាភិបាលអ៊ុយក្រែនទេ។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រីយូលីយ៉ា ស្វ៊ីរ៉ៃដឹនកូ (Yulia Svyrydenko) ថ្លែងថានេះជាលើកទី១ដែលអគាររដ្ឋាភិបាលរងការវាយប្រហារពីសត្រូវ។ ក្នុងនោះដំបូលអគារ និងជាន់ខាងលើៗរងការខូចខាត។ លោកស្រីថ្លែងថាដំបូលដែលខូចខាតយើងអាចជួសជុលវិញបាន។ ប៉ុន្តែជីវិតមនុស្សដែលបានបាត់បង់ទៅហើយយើងមិនអាចយកត្រឡប់មកវិញបានឡើយ។
លោកស្រីយល់ថាសហគមន៍អន្តរជាតិត្រូវតែចាត់វិធានការឆ្លើយតបទៅនឹងការបំផ្លិចបំផ្លាញនេះ។ ពោលគឺពួកគេមិនត្រូវប្រកាសថ្កោលទោសត្រឹមតែពាក្យសម្ដីនោះទេ ប៉ុន្តែត្រូវធ្វើអ្វីម៉្យាងដើម្បីតបតទៅវិញ។ លោកស្រីថ្លែងបន្តទៀតថាចាំបាច់ណាស់ត្រូវតែដាក់ទណ្ឌកម្មសេដ្ឋកិច្ច (ទៅលើរុស្ស៊ី) ឱ្យបានខ្លាំងក្លាបន្ថែមទៀត។ ជាពិសេស ចាត់ការវិស័យប្រេង និងឧស្ម័នរបស់រុស្ស៊ី។ នេះបើយោងតាមប្រភពពីអេភី និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ