ប្រទេសអាហ្វហ្គានីស្ថាន ៖ តាមតុល្យការផ្លូវការថ្មីមួយកាលពីថ្ងៃទី៤កញ្ញាថា ចំនួនអ្នកស្លាប់ដោយការរញ្ជួយដីនៅអាហ្វហ្គានីស្ថានបានកើនដល់ជាង១៤០០នាក់និងជាង៣០០០នាក់រងរបួស។ ប៉ុន្តែបើយោងតាមបណ្ដាអង្គការក្រៅរដ្ឋាភិបាលនៅនឹងកន្លែងនិងអាជ្ញាធរថា សភាពការណ៍មនុស្សធម៌ពិតជាគួរឲ្យមានការព្រួយបារម្ភជាពិសេស។ តំបន់រងគ្រោះជាតំបន់ភ្នំដែលពិបាកក្នុងការបញ្ជូនមធ្យោបាយជួយសង្គ្រោះចូលទៅដល់។

ពួកតាលីបង់ដែលកាន់អំណាចនៅអាហ្វហ្គានីស្ថាន បានអំពាវនាវរកជំនួយអន្តរជាតិ។ នៅតំបន់រងគ្រោះគ្មានផ្ទះណាមួយដែលមិនបាក់នោះឡើយ។ បណ្ដាអ្នកនៅរស់រានមានជីវិតគ្មានអ្វីជាប់ខ្លួនឡើយ។ មនុស្សជាច្រើនបានបាត់បង់សាច់ញាតិ។ មនុស្សមួយចំនួនរងរបួសបាក់ដៃបាក់ជើង។

បណ្ដាភូមិក្នុងខេត្តគូណារភាគខាងកើតអាហ្វហ្គានីស្ថានរងការបំផ្លាញ ដោយការរញ្ជួយដីកម្លាំង៦រីស្ទ័រនោះកាលពីថ្ងៃទី៣១សីហា។ មនុស្សម្នាដែលបាត់បង់ផ្ទះសម្បែង នាំគ្នាដេកនៅតាមចម្ការ ដោយគ្មានកន្លែងសមរម្យសម្រាប់ដេកឡើយ៕

ចែករំលែកព័តមាននេះ