រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាសូមស្វាគមន៍ និងគាំទ្រគំនិត ផ្តួចផ្តើមអភិបាលកិច្ចសកល (GGI) របស់ចិន។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងក្របខណ្ឌកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក (SCO)កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នាប្រទេសចិន ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូករបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថាសម្តេចបវរធិបតី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ និងថ្លែងសុន្ទរកថាក្រោមមូលបទ «ការអនុវត្តពហុភាគី
និយមការធានា នូវសន្តិសុខតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព» ។ ក្នុងនោះសម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីឈានមុខរបស់ចិន ក្នុងនាមជាប្រធាន SCO ក្នុងការលើកកម្ពស់ «ស្មារតីសៀងហៃ» (Shanghai Spirit) និងការត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍថ្មីរបស់ SCO។
សម្តេចបានបញ្ជាក់ថា «កម្ពុជាសូមស្វាគមន៍ និងគាំទ្រគំនិត ផ្តួចផ្តើមអភិបាលកិច្ចសកល (GGI) របស់ចិន ដែលមានគោលបំណងពង្រឹងសណ្តាប់ធ្នាប់សកលមួយដែលមានអង្គការសហប្រជាជាតិជាស្នូលប្រកបដោយយុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាននៃសមភាពអធិបតេយ្យ នីតិរដ្ឋ ពហុភាគីនិយម ការយកប្រជាជនជាធំ និងលទ្ធផលជាក់ស្តែង»។

សម្តេចបវរធិបតីក៏បានលើកឡើងថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីជំរុញគោលការណ៍ទាំងនេះ និងកសាងសហគមន៍មួយដែល មានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
សម្តេចថា កម្ពុជាសម្លឹងឃើញ SCO ជាវេទិកាពហុភាគីគន្លឹះ ដោយមាន «ស្មារតី សៀងហៃ» ជាមគ្គុទេសក៍ ក្នុងការពង្រឹងសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីទៅវិញទៅមក ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងការផ្តល់តម្លៃខ្ពស់ដល់ភាពចម្រុះ។
បន្ទាប់ពីបានក្លាយជាដៃគូសន្ទនារបស់ ក្នុងឆ្នាំ២០១៤ កម្ពុជាបាន ផ្តល់សារៈសំខាន់ខ្ពស់ ដល់ការជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋជាសមាជិក អដ្ឋស រដ្ឋសង្កេតការណ៍សម្តេចធិបតី បានចែករំលែកនូវការយល់ឃើញអំពីមធ្យោបាយ ក្នុងការជំរុញនូវគោលការណ៍ និងសេចក្តីប្រាថ្នា រួមក្នុងការអនុវត្តពហុភាគីនិយម ទាមទារនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក និងបរិយាបន្នភាព។

ការធានាបាននូវសន្តិសុខ នៅតែជាអាទិភាពចម្បងបំផុត ធានាសន្តិភាព និងស្ថិរភាព គឺជា សមាសភាគដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម ជាពិសេសការលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយចីរភាព មានភាពចាំបាច់ណាស់សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងស្ថិរភាព រយៈពេលវែង។
សម្តេចធិបតី បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាកររបស់កម្ពុជា ក្នុងការចូលរួមយ៉ាង
សកម្ម នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ SCO ដើម្បីការពារសន្តិសុខតំបន់ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើតអនាគតមួយប្រកបដោយសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការសម្រាប់យើងទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ