ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្កើតសមាគមអាចារ្យឡើងវិញ ដើម្បីតម្រង់ទិស និងអភិរក្សមរតកវប្បធម៌ខ្មែរ

16 ម៉ោង មុន

រាជធានីភ្នំពេញ៖ ​ក្រសួងធម្មការ និងសាសនា បាននិងកំពុងរៀបចំបង្កើតសមាគមអាចារ្យឡើងវិញ ​ដើម្បីជាការតម្រង់ទិស រក្សាឱ្យបាននូវអត្តសញ្ញាណជាតិ ហើយនិងអភិរក្សមរតកវប្បធម៌ខ្មែរ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១០…

រាជធានីភ្នំពេញ៖ ​ក្រសួងធម្មការ និងសាសនា បាននិងកំពុងរៀបចំបង្កើតសមាគមអាចារ្យឡើងវិញ ​ដើម្បីជាការតម្រង់ទិស រក្សាឱ្យបាននូវអត្តសញ្ញាណជាតិ ហើយនិងអភិរក្សមរតកវប្បធម៌ខ្មែរ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១០ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានលើកឡើងថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រសួងធម្មការនិងសាសនា បាននិងកំពុងរៀបចំបង្កើតសមាគមអាចារ្យឡើងវិញ និងបន្តការបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសអាចារ្យ អាចារិនីខ្មែរឱ្យមានការឯកភាពគ្នាក្នុងការដឹកនាំពិធីកម្មនានា តាមទម្រង់ទំនៀមទម្លាប់ប្រពៃណីរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ អភិរក្សមរតកវប្បធម៌ខ្មែរ ដើម្បីបញ្ចៀសវិបត្តិអាចារ្យក្នុងកម្ពុជា។

សូមជម្រាបជូនថា ពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១០ មានអ្នកអញ្ជើញចូលរួមប្រមាណជាង១ពាន់នាក់ ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅ​វិទ្យាស្ថានជាតិអប់រំ​ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

​បើតាម ឯកឧត្តម​​រដ្ឋមន្ត្រីក្រសួងធម្មការ​ បានបញ្ជាក់ថា ពិធីជួបជុំដែលប្រារព្ធធ្វើនាពេលនេះ កើតចេញពីមនុញ្ញផល នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គមជាតិ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់សម្តេចមហសបវរធិបតី នាយករដ្ឋមន្ត្រី និងការរួមចំណែកគាំទ្រពីភាគីពាក់ព័ន្ធនានា បានធ្វើឱ្យសាសនា ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវអត្តសញ្ញាណរបស់ខ្លួន រហូតមកទល់បច្ចុប្បន្ននេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ