ខេត្តក្រចេះ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិងកំពុងផ្តល់នូវអាហារូបករណ៍ពិសេស បន្ថែមលើអាហារូបករណ៍ធម្មតា មកឱ្យនិស្សិតកម្ពុជា រួមទាំងខេត្តក្រចេះ ដើម្បីមានឱកាសបានសិក្សានូវចំណេះដឹង និងបច្ចេកទេសថ្មីៗបន្ថែម ដើម្បីយកមកធ្វើការអភិវឌ្ឍមូលដ្ឋានខ្លួន។
យោងតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថានៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហេង សុថា អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ជើញទទួលជួបសម្តែងការគួរសម ពិភាក្សាការងារដើម្បីស្វែងយល់ពីសកក្តានុពលដែលខេត្តក្រចេះមាន និងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដៃជាមួយ ឯកឧត្តម សានតូ ដាម៉ូ ស៊ូម៉ាតូ (SANTO DARMOSUMARTO) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ហេង សុថា អភិបាលរងខេត្ត មានប្រសាសន៍ថា ខេត្តក្រចេះមានផ្ទៃដីសរុប ១១,០៩៤ គីឡូម៉ែត្រការ៉េ ចែកចេញជា ៧ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ៣២៧ភូមិ។ ខេត្តមានច្រកទ្វារព្រំដែនចំនួន២ ដែលកំពុងបម្រើដល់ការដឹកជញ្ជូនទំនិញ កសិផល និងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីបានយ៉ាងល្អប្រសើរ។ ចំពោះវិស័យកសិកម្ម-កសិឧស្សាហ៍កម្ម ខេត្តមានក្រុមហ៊ុនវិនិយោគចំនួន ៤៨ក្រុមហ៊ុន មានកសិដ្ឋានចិញ្ចឹមគោសរុបចំនួន២៤,០០០ក្បាល -វិស័យរ៉ែ និងថាមពល ខេត្តមានក្រុមហ៊ុន សហគ្រាស សរុបចំនួន៧២ និងមានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន១ក្រុមហ៊ុន វិនិយោគិនមកពីប្រទេសចិន។ ហើយការគ្រប់គ្រង និងចែកចាយអគ្គីសនីក្នុងខេត្ត មានគ្រប់គ្រាន់សម្រាប់តម្រូវការ បច្ចុប្បន្នគ្រប់ដណ្តប់លើភូមិចំនួន ២៩៧ភូមិ ស្មើនឹង ៩០,៨៣% ។
ឯកឧត្តមបន្តថា ចំពោះវិស័យទេសចរណ៍ ខេត្តមានតំបន់រមណីយដ្ឋានទាំង-រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត-វប្បធម៌ធម្មជាតិ-ប្រវត្តិសាស្រ្ត-ធម្មជាតិ-សហគមន៍អេកូទេសចរណ៍ និងកែច្នៃ សរុបចំនួន ២៤ កន្លែង -វិស័យពាណិជ្ជកម្ម និងឧស្សាហ៍កម្ម-សិប្បកម្ម ខេត្តមានក្រុមហ៊ុន ១៦២ក្រុមហ៊ុន និង២២៧ សហគ្រាស និងមានផែស្ងួត១កន្លែង និងមានរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ១កន្លែង-វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមានរោងចក្រ សហគ្រាសចំនួន ២៤៣ កន្លែង មានកម្មករនិយោជិកបម្រើការងារចំនួន១៩,៣៩១នាក់ ក្នុងនោះមកពីបរទេសចំនួន ១,០៤២ នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីបានបញ្ជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា និងឥណ្ឌូណេស៊ី មានជាង៣៧ឆ្នាំមកហើយ និងក្នុងពេលបច្ចុប្បន្ននេះនឹងបន្តកិច្ចសហប្រតិបត្តិការនេះ រួមនឹងពង្រឹងពង្រីកការនាំចេញនិងនាំចូលទៅមក ដើម្បីសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ។ ឯកឧត្តម បន្ថែមថា រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បាននិងកំពុងផ្តល់នូវអាហារូបករណ៍ពិសេស បន្ថែមលើអាហារូបករណ៍ធម្មតា មកឱ្យនិស្សិតកម្ពុជា រួមនឹងខេត្តក្រចេះ ដើម្បីមានឱកាសបានសិក្សានូវចំណេះដឹង និងបច្ចេកទេសថ្មីបន្ថែម ដើម្បីយកមកធ្វើការអភិវឌ្ឍមូលដ្ឋានខ្លួន។
ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអាជ្ញាធរខេត្តក្រចេះ ដែលបានជួយថែរក្សាការពារ និងសម្របសម្រួល ដល់ការរស់នៅ និងកិច្ចការងារផ្សេងរបស់ប្រជាជនឥណ្ឌូណេស៊ី ។
«យើងនឹងខិតខំពិនិត្យពិភាក្សារួមគ្នា ដើម្បីរកវិធីណា ដើម្បីឱ្យកិច្ចសហប្រត្តិបត្តិការ បានដើរទៅមុខរួមគ្នា ប្រកបដោយចីរភាព និងការរីកចម្រើនជាមួយគ្នា»។ នេះជាការថ្លែងគូសបញ្ជាក់របស់ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី៕
ចែករំលែកព័តមាននេះ