ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ៖ សូមជូនពរឱ្យក្មួយបេក្ខជនទាំងអស់ ទទួលលទ្ធផលវិជ្ជមានជាមួយនឹងសមត្ថភាពពិត «អ្នកចេះគឺជាប់»

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ជូនពរ​ឱ្យ​ក្មួយ​បេក្ខជន​ទាំងអស់​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជាមួយនឹង​សមត្ថភាព​ពិត «​អ្នកចេះ​គឺ​ជាប់​» ។ សម្តេច​បវរ​ធិ​បតី…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ជូនពរ​ឱ្យ​ក្មួយ​បេក្ខជន​ទាំងអស់​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជាមួយនឹង​សមត្ថភាព​ពិត «​អ្នកចេះ​គឺ​ជាប់​» ។

សម្តេច​បវរ​ធិ​បតី បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៥​ថា ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២៤-២០២៥ ថ្ងៃ​ទី​១ បាន​ចាប់ផ្តើម ដែល​បេក្ខជន​បាន​កំពុង​នឹង​ចាប់ផ្តើម​ការ​ប្រឡង​របស់​ខ្លួន​រយ​:​ពេល​ពេញ​២​ថ្ងៃ គឺ​ថ្ងៃ​២៨ និង​២៩ ខែសីហា ឆ្នាំ​២០២៥ ។

សម្តេច​បវរ​ធិ​បតី បាន​បញ្ជាក់​ថា​៖« សូម​ជូនពរ​ឱ្យ​ក្មួយ​បេក្ខជន​ទាំងអស់ ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជាមួយនឹង​សមត្ថភាព​ពិត «​អ្នកចេះ​គឺ​ជាប់​» និង​ការ​ត្រៀមលក្ខណ​:​យ៉ាង​សកម្ម​នៃ​ការ​សិក្សា​ពេញ​មួយ​ឆ្នាំ​កន្លង​មក​បូក​រួម​នឹង​ការ​ចាប់ផ្តើម​ពី​កម្រិត​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ទី​១២ ដែល​នឹង​ត្រូវ​ប្រឡង​នា​ពេល​នេះ​» ។

ព្រម​ជាមួយ​គ្នា​នេះ សម្តេច​បវរ​ធិ​បតី ក៏​សូម​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រុមការងារ​នៃ​គណ​:​ក​ម្មា​ធិ​ការ​រៀបចំ​ការ​ប្រឡង​, អាជ្ញាធរ​រាជធានី​-​ខេត្ត និង​គ្រប់​លំដាប់ថ្នាក់​, អ្នក​សង្កេតការណ៍​ប្រឡង និង​អ្នក​ស្ម័គ្រចិត្ត​ទាំងអស់ សូម​ប្រកបដោយ​ភាព​ជោគជ័យ និង​សម្រេច​ភារកិច្ច​ជូន​ជាតិ​របស់​យើង ក្នុង​ការ​រៀបចំ​ការ​ប្រឡង​នេះ ដើម្បី​ទទួល​បាន​ធនធាន​បន្តវេន​យ៉ាង​មុត​ស្រួច​សម្រាប់​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​កសាង​ផលប្រយោជន៍​ថ្មី​ៗ​បន្ថែម​ទៀត ។

សូម​ជម្រាប​ជូន​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២៨ សីហា ២០២៥ មាន​បេក្ខជន​ចុះ​ឈ្មោះ ប្រឡង​សរុប​១៤៦៧២០​នាក់ ស្រី​៨១៤៤២​នាក់ ក្នុង​នោះ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​៤០ ៦៧៨​នាក់ ស្រី​២៤ ៥១៩​នាក់ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​១០៦ ០៤២​នាក់ ស្រី ៥៦ ៩២៣​នាក់ ។

បេក្ខជន​ត្រូវ​បាន​រៀបចំ​ចំនួន​២៥​នាក់ ក្នុង​មួយ​បន្ទប់​ទៅ​តាម​មណ្ឌល​សំ​ណេ​រ​នីមួយ​ៗ​តាម​រាជធានី ខេត្ត លើកលែងតែ​បន្ទប់​ចុង​ក្រោយ និង​បន្ទប់​ដែល​មាន​បេក្ខជន​មក​ពី​វិទ្យាល័យ​អប់រំ​ពិសេស ។

ចំពោះ​មណ្ឌល​សំ​ណេ​រ​មាន​ចំនួន​សរុប​២៤១​មណ្ឌល ត្រូវជា​៥ ៩២៤​បន្ទប់ ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​៧២​មណ្ឌល ត្រូវជា ១ ៦៥៥​បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ១៦៩​មណ្ឌល ត្រូវជា​៤២៦៩​បន្ទប់ ។

ដោយឡែក​មណ្ឌល​កំណែ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មាន​ចំនួន​១០​មណ្ឌល នៅ​រាជធានី​ភ្នំពេញ ។ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​អះអាង​ថា ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន ពោល​គឺ «​អ្នកចេះ គឺ​ជាប់​» ។

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់​ត្រូវ​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការ​ប្រឡង​ឱ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​មិន​ត្រូវ​លាក់​ទុក​ជាប់​នឹង​ខ្លួន​នូវ​សំណៅ​ឯកសារ​នានា ឧបករណ៍​អេ​ឡិច​ត្រូ​និក​គ្រប់​ប្រភេទ​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជា​ដាច់ខាត ។

ក្នុង​ករណី​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ បេក្ខជន​នឹង​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ ។ ចំពោះ​ដំណើរការ​សំ​ណេ​រ​នា​ព្រឹក​នេះ​មាន​២​មុខ​វិជ្ជា គឺ​ប្រវត្តិវិទ្យា និង​ជីវវិទ្យា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ផែនដី និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ