រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ សីហានេះមណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិទូទាំងប្រទេសបានបើកដំណើរការ ខណៈបេក្ខជនមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមាន រយៈពេល២ថ្ងៃ។
នៅព្រឹកនេះបេក្ខជនទាំងអស់បានចូលទៅក្នុងមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច រួមនិងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ខណៈដែលក្រសួងអប់រំ យុវជន និងកីឡាបានណែនាំរួចហើយដល់បេក្ខជនទាំងអស់ឱ្យគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវសំណៅឯកសារនានា ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត និងបានព្រមានពីការកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ។
សូមជម្រាបជូនថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០នាក់ ស្រី ៨១ ៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤០ ៦៧៨នាក់ ស្រី ២៤ ៥១៩នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦ ០៤២នាក់ ស្រី ៥៦ ៩២៣នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ ចំពោះមណ្ឌលសំណេរមានចំនួនសរុប ២៤១មណ្ឌល ត្រូវជា ៥ ៩២៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២មណ្ឌល ត្រូវជា ១ ៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១៦៩មណ្ឌល ត្រូវជា ៤ ២៦៩បន្ទប់។ ដោយឡែកមណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ១០មណ្ឌល នៅរាជធានីភ្នំពេញ ។
ក្រសួងអប់រំ យុវជន និងកីឡាបានអះអាងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះត្រូវប្រព្រឹត្តទៅដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះ គឺជាប់”។
ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវ សំណៅឯកសារនានា ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
ចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៕








ចែករំលែកព័តមាននេះ